បទ​ចម្រៀង​សាឡូម៉ូន 8

8
1ឱ​បើ​ទ្រង់​ជា​ប្អូន​ប្រុស​របស់​ខ្ញុំ​ម្ចាស់
ជា​អ្នក​ដែល​បាន​បៅ​ដោះ​ម្តាយ​របស់​ខ្ញុំ​ម្ចាស់
ប្រសិន‌បើ​ខ្ញុំ​ម្ចាស់​បាន​ជួប​ទ្រង់​នៅ​ខាង​ក្រៅ
ខ្ញុំ​ម្ចាស់​មុខ​ជា​ថើប​ទ្រង់
ហើយ​ឥត​មាន​អ្នក​ណា​មើល‌ងាយ​ខ្ញុំ​ម្ចាស់​ឡើយ។
2ខ្ញុំ​ម្ចាស់​នឹង​នាំ​ទ្រង់​ចូល​ទៅ
ក្នុង​ផ្ទះ​ម្តាយ​របស់​ខ្ញុំ​ម្ចាស់
ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​អ្នក
ដែល​បាន​បង្កើត​ខ្ញុំ​ម្ចាស់
ខ្ញុំ​ម្ចាស់​នឹង​យក​ស្រា​ដែល​លាយ​គ្រឿង​ក្រអូប
ជា​ស្រា​ធ្វើ​ពី​ទឹក​ទទឹម​មក​ថ្វាយ​ទ្រង់​សោយ។
3ព្រះ‌ហស្ត​ឆ្វេង​របស់​ទ្រង់​នឹង​ទ្រ​ក្បាល​ខ្ញុំ​ម្ចាស់
ហើយ​ព្រះ‌ហស្ត​ស្តាំ​នឹង​ឱប​ខ្ញុំ​ម្ចាស់
4ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ
ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថា
នាង​ទាំង‌ឡាយ​មិន​អង្រួន
ឬ​ដាស់​ស្ងួន​សម្លាញ់​ខ្ញុំ​ឡើយ
ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ។
ពេល​មក​ដល់​ផ្ទះ
5តើ​នាង​ណា​ដែល​ឡើង​មក​ពី​ទី​រហោ‌ស្ថាន
កំពុង​ផ្អែក​លើ​អ្នក​ស្ងួន​សម្លាញ់​របស់​នាង​ដូច្នេះ?
យើង​បាន​បណ្ដាល​ឲ្យ​ឯង​មាន
សេចក្ដី​ស្រឡាញ់​នៅក្រោម​ដើម​សារី
ជា​ទី​ដែល​ម្តាយ​ឯង​បាន​ឈឺ​នឹង​សម្រាល
ជា​ទី​ដែល​អ្នក​ឈឺ​នឹង​សម្រាល​បាន​បង្កើត​ឯង​មក។
6៙ សូម​ផ្ដិត​ខ្ញុំ​ម្ចាស់​និត្យ​នៅ
ព្រះ‌ហឫ‌ទ័យ​ទ្រង់​ដូច​ជា​ត្រា
គឺ​ជា​ស្នាម​ត្រា​នៅ​លើ​ព្រះ‌ពាហុ​ទ្រង់​ផង
ដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កម្លាំង
ដូច​ជា​សេចក្ដី​ស្លាប់
ហើយ​សេចក្ដី​ប្រចណ្ឌ​ក៏​សាហាវ
ដូច​ជា​ស្ថាន​ឃុំ​ព្រលឹងមនុស្ស​ស្លាប់
ហើយ​ចំហួល​នៃ​សេចក្ដី​នោះ​ក៏​ជា​ចំហួល​នៃ​ភ្លើង
ជា​អណ្ដាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ពី​ព្រះ។
7ទឹក​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​នឹង​ពន្លត់
សេចក្ដីស្រឡាញ់​បាន​ឡើយ
ទឹក​ជំនន់​នឹង​ពន្លិច​ក៏​មិន​បាន​ដែរ
ទោះ​បើ​អ្នក​ណា​នឹង​ចំណាយ​ទ្រព្យ‌សម្បត្តិ
នៅ​ផ្ទះ​ខ្លួន​អស់រលីង
ដើម្បី​ឲ្យ​បាន​សេចក្ដី​ស្រឡាញ់
គង់​តែ​អ្នក​នោះ​នឹង​ត្រូវ​បាន​សេចក្ដី​មើល‌ងាយ​វិញ។
8៙ យើង​មាន​ប្អូន​ស្រី​ម្នាក់
មិន​ទាន់​ដុះ​ដោះ​នៅ​ឡើយ
តើ​យើង​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ប្អូន​យើង
នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ដណ្តឹង?
9បើ​នាង​ជា​កំផែង យើង​នឹង​ធ្វើ​ប៉ម​ពី​ប្រាក់​នៅ​ពី​លើ
ប្រសិន‌បើ​នាង​ជា​ផ្ទាំង​ទ្វារ
នោះ​យើង​នឹង​ធ្វើ​ក្រប​ពី​ឈើតា‌ត្រៅ​ឲ្យ​នាង។
10ខ្ញុំ​ជា​កំផែង​មួយ
ហើយ​ដោះ​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប៉ម
នោះ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ទ្រង់
ដូច​ជា​អ្នក​ដែល​នាំ​ឲ្យ​មាន សេចក្ដី​សុខ។
11ស្តេច​សាឡូម៉ូន​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ
នៅ​ត្រង់​បាល-ម៉ូន
ទ្រង់​បាន​ប្រវាស់​ទៅ​ឲ្យ​អ្នក​ដទៃ​ធ្វើ
ពួក​នោះ​គ្រប់ៗ​គ្នា​ត្រូវ​យក​ប្រាក់​មួយ​ពាន់​ដួង
មក​ថ្វាយ ដើម្បី​ឲ្យ​បាន​ផល​ចម្ការ​នោះ។
12ចម្ការ​ដែល​ជា​របស់​ផង​ខ្ញុំ​ម្ចាស់
នោះ​នៅ​ខាង​មុខ​ខ្ញុំ​ម្ចាស់​នេះ​ហើយ
ឯ​ទ្រង់ ឱ​សាឡូម៉ូន​អើយ
ទ្រង់​នឹង​បាន​ប្រាក់​មួយ​ពាន់​នោះ
ហើយ​ពួក​អ្នក​ដែល​ធ្វើ​ចម្ការ​នឹង​បាន​ពីរ​រយ​ដែរ។
13៙ ឱ​នាង​ដែល​អាស្រ័យ​នៅ​ក្នុង​សួន​អើយ
សម្លាញ់​របស់​ខ្ញុំ​កំពុង​រង់‌ចាំ​ស្តាប់​សំឡេង​ឯង
សូម​ឲ្យ​យើង​បាន​ឮ​ផង។
14៙ ឱ​ស្ងួន​សម្លាញ់​របស់​ខ្ញុំ​ម្ចាស់​អើយ
សូម​ឆាប់​ធ្វើ​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវ
នៅ​លើ​ភ្នំ​គ្រឿង​ក្រអូប​ទៅ។:៚

ទើបបានជ្រើសរើសហើយ៖

បទ​ចម្រៀង​សាឡូម៉ូន 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល