រ៉ូម 6:1-14

រ៉ូម 6:1-14 គកស១៦

ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច? តើ​យើង​ត្រូវ​បន្ត​រស់​ក្នុង​អំពើ​បាប​ត​ទៅ​ទៀត ដើម្បី​ឲ្យ​ព្រះ‌គុណ​បាន​ចម្រើន​ឡើង​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! យើង​ដែល​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ តើ​ឲ្យ​យើង​នៅ​តែ​រស់​ក្នុង​អំពើ​បាប​ត​ទៅ​ទៀត​ដូច​ម្ដេច​កើត? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា យើង​ទាំង​អស់​គ្នា​ដែល​បាន​ជ្រមុជ​ទៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នោះ​យើង​បាន​ជ្រមុជ​ទៅ​ក្នុង​ការ​សុគត​របស់​ព្រះ‌អង្គ​ដែរ​ទេ​ឬ? ដូច្នេះ យើង​ត្រូវ​បាន​បញ្ចុះ​ជា​មួយ​ព្រះ‌អង្គ​ហើយ ដោយ​ការ​ជ្រមុជ​ទៅ​ក្នុង​សេចក្តី​ស្លាប់ ដើម្បី​ឲ្យ​យើង​បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី ដូច​ព្រះ‌គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដោយ​សារ​សិរី​ល្អ​របស់​ព្រះ‌វរបិតា​ដែរ។ ដ្បិត​បើ​យើង​បាន​រួម​ជា​មួយ​ព្រះ‌អង្គ ក្នុង​ការ​សុគត​របស់​ព្រះ‌អង្គ នោះ​យើង​ប្រាកដ​ជា​នឹង​បាន​រួម​ជាមួយ​ព្រះ‌អង្គ ក្នុង​ការ​រស់​ឡើង​វិញ​ដូច​ព្រះ‌អង្គ​មិន​ខាន។ យើង​ដឹង​ថា មនុស្ស​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ​ហើយ ដើម្បី​ឲ្យ​រូប​កាយ​ដែល​ជាប់​មាន​បាប​នេះ ត្រូវ​វិនាស​សាប​សូន្យ ហើយ​កុំ​ឲ្យ​យើង​ជាប់​ជា​អ្នក​បម្រើ​របស់​បាប​ទៀត។ ដ្បិត​អ្នក​ណា​ដែល​បាន​ស្លាប់​ហើយ អ្នក​នោះ​រួច​ពី​បាប​ហើយ ប៉ុន្តែ បើ​យើង​ស្លាប់​ជា​មួយ​ព្រះ‌គ្រីស្ទ យើង​ជឿ​ថា យើង​ក៏​នឹង​រស់​ជា​មួយ​ព្រះ‌អង្គ​ដែរ។ យើង​ដឹង​ថា ព្រះ‌គ្រីស្ទ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​មិន​សុគត​ទៀត​ឡើយ សេចក្តី​ស្លាប់​គ្មាន​អំណាច​លើ​ព្រះ‌អង្គ​ទៀត​ទេ។ ដ្បិត​ដែល​ព្រះ‌អង្គ​សុគត នោះ​ព្រះ‌អង្គ​សុគត​ខាង​ឯ​បាប ម្ដង​ជា​សូរេច ហើយ​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់ គឺ​រស់​ខាង​ឯ​ព្រះ​វិញ។ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ចាត់​ទុក​ខ្លួន​ដូច​ជា​បាន​ស្លាប់​ខាង​ឯ​បាប ហើយ​រស់​ខាង​ឯ​ព្រះ​វិញ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​ដែរ។ ដូច្នេះ កុំ​ឲ្យ​បាប​សោយ​រាជ្យ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា ដែល​តែង​តែ​ស្លាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​បាប​នោះ​ឡើយ។ មិន​ត្រូវ​ប្រគល់​អវយវៈ​របស់​អ្នក​រាល់​គ្នា ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ឧបករណ៍​បម្រើ​ឲ្យ​សេចក្ដី​ទុច្ចរិត​នោះ​ឡើយ តែ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ពួក​អ្នក​ដែល​បាន​រស់​ពី​ស្លាប់ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ ទុក​ដូច​ជា​ឧបករណ៍​បម្រើ​ឲ្យ​សុចរិត​វិញ។ ដ្បិត​បាប​នឹង​គ្មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ​វិញ។

អាន រ៉ូម 6

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង រ៉ូម 6:1-14

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ