ឥឡូវនេះ យើងដឹងថា សេចក្តីដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងសម្រាប់ពួកអ្នកដែលសិ្ថតនៅក្រោមក្រឹត្យវិន័យ ដើម្បីឲ្យមនុស្សទាំងអស់បិទមាត់ ហើយឲ្យពិភពលោកទាំងមូល ស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះ។ ដូច្នេះ គ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះព្រះអង្គ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ ដ្បិតតាមរយៈក្រឹត្យវិន័យ នោះសម្ដែងឲ្យស្គាល់អំពើបាប។ ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រឹត្យវិន័យ សេចក្តីសុចរិតរបស់ព្រះបានសម្ដែងឲ្យឃើញ ហើយដែលមានទាំងគម្ពីរវិន័យ និងគម្ពីរហោរាធ្វើបន្ទាល់ផង គឺសេចក្តីសុចរិតរបស់ព្រះ តាមរយៈជំនឿដល់ព្រះយេស៊ូវគ្រីស្ទ សម្រាប់អស់អ្នកដែលជឿ ដ្បិតគ្មានអ្វីខុសគ្នាឡើយ ព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អរបស់ព្រះ តែដោយសារព្រះគុណរបស់ព្រះអង្គ ពួកគេបានរាប់ជាសុចរិតដោយឥតគិតថ្លៃ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះបានប្រគល់ព្រះអង្គជាយញ្ញបូជាប្រោសលោះ ដោយសារព្រះលោហិតព្រះអង្គ តាមរយៈជំនឿ។ ព្រះអង្គធ្វើដូច្នេះ ដើម្បីបង្ហាញឲ្យឃើញសេចក្តីសុចរិតរបស់ព្រះអង្គ ហើយចំពោះការដែលព្រះអង្គបានទតរំលងអំពើបាបដែលគេបានប្រព្រឹត្តពីមុន ព្រោះព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ដើម្បីសម្ដែងឲ្យឃើញនៅគ្រានេះថា ព្រះអង្គសុចរិត ហើយថា ព្រះអង្គរាប់អ្នកដែលមានជំនឿដល់ព្រះយេស៊ូវ ជាសុចរិតផងដែរ។ ដូច្នេះ តើយើងមានអ្វីនឹងអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើពឹងលើច្បាប់អ្វី? លើច្បាប់នៃការប្រព្រឹត្តឬ? ទេ គឺពឹងលើច្បាប់ខាងជំនឿវិញ។ ដ្បិតយើងយល់ថា មនុស្សបានរាប់ជាសុចរិត ដោយសារជំនឿ មិនមែនដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។ តើព្រះ ជាព្រះរបស់សាសន៍យូដាតែប៉ុណ្ណោះឬ? តើព្រះអង្គមិនមែនជាព្រះរបស់សាសន៍ដទៃដែរទេឬ? មែន! ព្រះអង្គក៏ជាព្រះរបស់សាសន៍ដទៃដែរ ដ្បិតមានព្រះតែមួយព្រះអង្គប៉ុណ្ណោះ ដែលនឹងរាប់អ្នកកាត់ស្បែកជាសុចរិត ដោយសារជំនឿ និងអ្នកមិនកាត់ស្បែក ដោយសារជំនឿដូចគ្នា។ ដូច្នេះ តើយើងធ្វើឲ្យក្រឹត្យវិន័យទៅជាឥតប្រយោជន៍ ដោយសារជំនឿឬ? ទេ មិនមែនដូច្នោះទេ! ផ្ទុយទៅវិញ យើងលើកស្ទួយក្រឹត្យវិន័យទេតើ។
អាន រ៉ូម 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 3:19-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ