រ៉ូម 3:19-31

រ៉ូម 3:19-31 គកស១៦

ឥឡូវ​នេះ យើង​ដឹង​ថា សេចក្តី​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ‌វិន័យ គឺ​ចែង​សម្រាប់​ពួក​អ្នក​ដែល​សិ្ថត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បិទ​មាត់ ហើយ​ឲ្យ​ពិភព‌លោក​ទាំង​មូល ស្ថិត​នៅ​ក្រោម​ការ​ជំនុំ​ជម្រះ​របស់​ព្រះ។ ដូច្នេះ គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ ដ្បិត​តាម​រយៈ​ក្រឹត្យ‌វិន័យ នោះ​សម្ដែង​ឲ្យ​ស្គាល់​អំពើ​បាប។ ប៉ុន្តែ ឥឡូវ​នេះ ក្រៅ​ពី​ក្រឹត្យ‌វិន័យ សេចក្តី​សុចរិត​របស់​ព្រះ​បាន​សម្ដែង​ឲ្យ​ឃើញ ហើយ​ដែល​មាន​ទាំង​គម្ពីរ‌វិន័យ និង​គម្ពីរ​ហោរា​ធ្វើ​បន្ទាល់​ផង គឺ​សេចក្តី​សុចរិត​របស់​ព្រះ តាម​រយៈ​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​អស់​អ្នក​ដែល​ជឿ ដ្បិត​គ្មាន​អ្វី​ខុស​គ្នា​ឡើយ ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​របស់​ព្រះ តែ​ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ពួក​គេ​បាន​រាប់​ជា​សុចរិត​ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​ការ​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ព្រះ​បាន​ប្រគល់​ព្រះ‌អង្គ​ជា​យញ្ញ​បូជា​ប្រោស​លោះ ដោយ​សារ​ព្រះ‌លោហិត​ព្រះ‌អង្គ តាម​រយៈ​ជំនឿ។ ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ ហើយ​ចំពោះ​ការ​ដែល​ព្រះ‌អង្គ​បាន​ទត​រំលង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ពី​មុន ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់ ដើម្បី​សម្ដែង​ឲ្យ​ឃើញ​នៅ​គ្រា​នេះ​ថា ព្រះ‌អង្គ​សុចរិត ហើយ​ថា ព្រះ‌អង្គ​រាប់​អ្នក​ដែល​មាន​ជំនឿ​ដល់​ព្រះ‌យេស៊ូវ ជា​សុចរិត​ផង​ដែរ។ ដូច្នេះ តើ​យើង​មាន​អ្វី​នឹង​អួត​អាង​ខ្លួន​បាន? គ្មាន​ទាល់​តែ​សោះ! តើ​ពឹង​លើ​ច្បាប់​អ្វី? លើ​ច្បាប់​នៃ​ការ​ប្រព្រឹត្ត​ឬ? ទេ គឺ​ពឹង​លើ​ច្បាប់​ខាង​ជំនឿ​វិញ។ ដ្បិត​យើង​យល់​ថា មនុស្ស​បាន​រាប់​ជា​សុចរិត ដោយ​សារ​ជំនឿ មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទេ។ តើ​ព្រះ ជា​ព្រះ​របស់​សាសន៍​យូដា​តែ​ប៉ុណ្ណោះ​ឬ? តើ​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​របស់​សាសន៍​ដទៃ​ដែរ​ទេ​ឬ? មែន! ព្រះ‌អង្គ​ក៏​ជា​ព្រះ​របស់​សាសន៍​ដទៃ​ដែរ ដ្បិត​មាន​ព្រះ​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​នឹង​រាប់​អ្នក​កាត់​ស្បែក​ជា​សុចរិត ដោយ​សារ​ជំនឿ និង​អ្នក​មិន​កាត់​ស្បែក ដោយ​សារ​ជំនឿ​ដូច​គ្នា។ ដូច្នេះ តើ​យើង​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​ទៅ​ជា​ឥត​ប្រយោជន៍ ដោយ​សារ​ជំនឿ​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! ផ្ទុយ​ទៅ​វិញ យើង​លើក​ស្ទួយ​ក្រឹត្យ‌វិន័យ​ទេ​តើ។

អាន រ៉ូម 3

វីដេអូសម្រាប់ រ៉ូម 3:19-31