រ៉ូម 15:1-13

រ៉ូម 15:1-13 គកស១៦

យើង​ដែល​ជា​អ្នក​រឹង​មាំ គួរ​តែ​ទ្រាំ‌ទ្រ​នឹង​ភាព​ទន់​ខ្សោយ​របស់​អ្នក​ដែល​មិន​រឹង​មាំ ហើយ​មិន​ត្រូវ​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ឡើយ។ យើង​ម្នាក់ៗ​ត្រូវ​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន ដើម្បី​ជា​ការ​ល្អ​សម្រាប់​ស្អាង​ចិត្ត​ឡើង ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​បំពេញ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ផ្ទាល់​ទេ តែ​ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «សេចក្តី​ដំនៀល​របស់​អស់​អ្នក​ដែល​ត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ បាន​ធ្លាក់​មក​លើ​ទូល​បង្គំ» ។ ដ្បិត​សេចក្តី​ដែល​បាន​ចែង​ទុក​ពី​មុន​មក នោះ​បាន​ចែង​ទុក​សម្រាប់​អប់រំ​យើង ដើម្បី​ឲ្យ​យើង​មាន​សង្ឃឹម ដោយ​ការ​ស៊ូទ្រាំ និង​ដោយ​ការ​លើក​ទឹក​ចិត្ត​ពី​បទគម្ពីរ។ សូម​ព្រះ​នៃ​ការ​ស៊ូ​ទ្រាំ និង​ការ​លើក​ទឹក​ចិត្ត ទ្រង់​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ដោយ​ចុះ​សម្រុង​គ្នា​ទៅ​វិញ​ទៅ​មក ស្រប​តាម​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​ជា​សំឡេង​តែ​មួយ ថ្វាយ​សិរី​ល្អ​ដល់​ព្រះ និង​ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។ ដូច្នេះ ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់ ដូច​ព្រះ‌គ្រីស្ទ​បាន​ទទួល​យើង​ដែរ សម្រាប់​ជា​សិរីល្អ​របស់​ព្រះ។ ដ្បិត​ខ្ញុំ​សូម​ជម្រាប​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​ត្រឡប់​ជា​អ្នក​បម្រើ​របស់​ពួក​អ្នក​កាត់​ស្បែក តំណាង​ឲ្យ​សេចក្តី​ពិត​របស់​ព្រះ ដើម្បី​បញ្ជាក់​សេចក្តី​សន្យា ដែល​បាន​ប្រទាន​ដល់​ពួក​បុព្វបុរស ហើយ​ដើម្បី​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ថ្វាយ​សិរី‌ល្អ​ដល់​ព្រះ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ហេតុ​នេះ​បាន​ជា​ទូល​បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ហើយ​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ» ។ មាន​សេចក្តី​មួយ​ចែង​ទៀត​ថា៖ «ពួក​សាសន៍​ដទៃ​អើយ ចូរ​អរ​សប្បាយ​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ចុះ» ។ ហើយ​មាន​ចែង​ទៀត​ថា៖ «អ្នក​រាល់​គ្នា​ជា​សាសន៍​ដទៃ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌អម្ចាស់ ចូរ​ឲ្យ​ប្រជា​រាស្ដ្រ​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌អង្គ​ចុះ» ។ មួយ​ទៀត លោក​អេសាយ​ថ្លែង​ថា៖ «នឹង​មាន​ឫស​មួយ​របស់​លោក​អ៊ីសាយ កើត​មក អ្នក​នោះ​នឹង​ឈរ​ឡើង​គ្រប់​គ្រង​ពួក​សាសន៍​ដទៃ ហើយ​ពួក​សាសន៍​ដទៃ​នឹង​សង្ឃឹម​លើ​ព្រះ‌អង្គ» ។ សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម បំពេញ​អ្នក​រាល់​គ្នា​ដោយ​អំណរ និង​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ដោយ​សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

អាន រ៉ូម 15