រ៉ូម 10:1-13

រ៉ូម 10:1-13 គកស១៦

បង‌ប្អូន​អើយ ខ្ញុំ​មាន​ចិត្ត​ប្រាថ្នា ហើយ​អធិស្ឋាន​ដល់​ព្រះ ឲ្យ​សាសន៍​អ៊ីស្រា‌អែល គឺ​ឲ្យ​គេ​បាន​សង្គ្រោះ។ ខ្ញុំ​អាច​ធ្វើ​បន្ទាល់​បាន​ថា គេ​មាន​សេចក្តី​ឧស្សាហ៍​ដល់​ព្រះ ប៉ុន្តែ មិន​មែន​ដោយ​ប្រាជ្ញា​ទេ។ ដ្បិត​ដោយ​មិន​យល់​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ហើយ​ខំ​ប្រឹង​តាំង​សេចក្តី​សុចរិត​ដោយ​ខ្លួន​ឯង នោះ​គេ​មិន​បាន​ចុះ​ចូល​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ឡើយ។ ដ្បិត​ព្រះ‌គ្រីស្ទ​ជា​ចុង​បំផុត​នៃ​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត ដល់​អស់​អ្នក​ដែល​ជឿ។ លោក​ម៉ូសេ​បាន​ចែង​ពី​សេចក្តី​សុចរិត ដែល​មក​ពី​ក្រឹត្យ‌វិន័យ​ថា «អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នេះ អ្នក​នោះ​នឹង​រស់​នៅ​ដោយ​សារ​សេចក្ដី​ទាំង​នោះ​ឯង» ។ តែ​សេចក្តី​សុចរិត​ដែល​មក​ពី​ជំនឿ ចែង​ថា «កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា "តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន‌សួគ៌"» (គឺ​ដើម្បី​នាំ​ព្រះ‌គ្រីស្ទ​ចុះ​មក) «ឬ "តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ"» (គឺ​ដើម្បី​នាំ​ព្រះ‌គ្រីស្ទ​ឡើង​ពី​ពួក​មនុស្ស​ស្លាប់) នោះ​ឡើយ។ ប៉ុន្ដែ តើ​បទ​គម្ពីរ​ចែង​ដូច​ម្តេច? គឺ​ចែង​ថា៖ «ព្រះ‌បន្ទូល​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់​អ្នក ហើយ​នៅ​ក្នុង​ចិត្ត​អ្នក​ផង» (នោះ​គឺ ព្រះ‌បន្ទូល​នៃ​ជំនឿ ដែល​យើង​ប្រកាស)។ ព្រោះ បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌អម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ។ ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​បាន​សង្រ្គោះ​ដោយ​មាត់​ប្រកាស​ប្រាប់។ គម្ពីរ​ចែង​ថា៖ «អ្នក​ណា​ជឿ​ដល់​ព្រះ‌អង្គ អ្នក​នោះ​មិន​ត្រូវ​ខ្មាស​ឡើយ» ។ សាសន៍​យូដា និង​សាសន៍​ក្រិក​គ្មាន​អ្វី​ខុស​គ្នា​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​ដដែល​ជា​ព្រះ‌អម្ចាស់​របស់​មនុស្ស​ទាំង​អស់ ហើយ​ទ្រង់​មាន​ព្រះ‌‌ហឫ‌ទ័យ​ទូលាយ ដល់​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដ្បិត «អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក‌នោះ​នឹង​បាន​សង្គ្រោះ »។

អាន រ៉ូម 10