វិវរណៈ 7
7
ពួកអ៊ីស្រាអែលចំនួនមួយសែនបួនម៉ឺនបួនពាក់នាក់ត្រូវបានបោះត្រា
1ក្រោយនោះមក ខ្ញុំឃើញទេវតាបួនរូប ឈរនៅជ្រុងផែនដីទាំងបួន ទាំងទប់ខ្យល់នៅផែនដីទាំងបួនទិស មិនឲ្យបក់មកលើផែនដី សមុទ្រ ឬដើមឈើណាឡើយ។ 2រួចខ្ញុំឃើញទេវតាមួយទៀត ដែលឡើងមកពីទិសថ្ងៃរះ មានទាំងត្រារបស់ព្រះដ៏មានព្រះជន្មរស់ ទេវតានោះក៏បន្លឺសំឡេងទៅទេវតាទាំងបួន ដែលមានអំណាចនឹងធ្វើទុក្ខផែនដី និងសមុទ្រថា៖ 3«កុំអាលធ្វើទុក្ខផែនដី សមុទ្រ ឬដើមឈើណាឡើយ ទម្រាំយើងបានបោះត្រានៅលើថ្ងាសពួកអ្នកបម្រើរបស់ព្រះនៃយើងសិន»។ 4ពេលនោះ ខ្ញុំឮថា ពួកអ្នកដែលបានបោះត្រានោះមានចំនួន មួយសែនបួនម៉ឺនបួនពាន់នាក់ មកពីគ្រប់កុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល 5គឺពីកុលសម្ព័ន្ធយូដា បានបោះត្រាមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធរូបេន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធកាឌ មានមួយម៉ឺនពីរពាន់នាក់ 6ពីកុលសម្ព័ន្ធអេស៊ើរ មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធណែបថាលី មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធម៉ាណាសេ មានមួយម៉ឺនពីរពាន់នាក់ 7ពីកុលសម្ព័ន្ធស៊ីម្មាន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធលេវី មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធអ៊ីសាខារ មានមួយម៉ឺនពីរពាន់នាក់ 8ពីកុលសម្ព័ន្ធសាប់យូឡូន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធយ៉ូសែប មានមួយម៉ឺនពីរពាន់នាក់ និងពីកុលសម្ព័ន្ធបេនយ៉ាមីន មានមួយម៉ឺនពីរពាន់នាក់ ដែលបានបោះត្រា។
ប្រជាជនដ៏ច្រើនកុះករមកពីគ្រប់ជាតិសាសន៍
9ក្រោយនោះមក ខ្ញុំមើលទៅឃើញមនុស្សច្រើនកុះករ ដែលគ្មានអ្នកណាអាចរាប់បានឡើយ គេមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងគ្រប់ភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម ទាំងពាក់អាវសវែង ហើយដៃកាន់ធាងចាក។ 10គេបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ការសង្គ្រោះស្រេចលើព្រះនៃយើង ដែលគង់លើបល្ល័ង្ក និងស្រេចលើកូនចៀម!»។ 11អស់ទាំងទេវតាដែលឈរនៅជុំវិញបល្ល័ង្ក ពួកចាស់ទុំ និងសត្វមានជីវិតទាំងបួន ក៏ក្រាបចុះនៅមុខបល្ល័ង្ក ថ្វាយបង្គំព្រះ 12ទាំងពោលថា៖ «អាម៉ែន! សូមថ្វាយព្រះពរ សិរីល្អ ប្រាជ្ញា អរព្រះគុណ កិត្តិនាម ព្រះចេស្តា និងឥទ្ធិឫទ្ធិ ដល់ព្រះនៃយើងអស់កល្បជានិច្ចរៀងរាបតទៅ! អាម៉ែន»។
13ពេលនោះ ពួកចាស់ទុំម្នាក់សួរខ្ញុំថា៖ «តើអស់អ្នកដែលពាក់អាវសនោះជាអ្នកណា ហើយគេមកពីណា?» 14ខ្ញុំក៏ជម្រាបលោកថា៖ «លោកម្ចាស់អើយ លោកជ្រាបហើយ»។ លោកក៏ប្រាប់ខ្ញុំថា៖ «អ្នកទាំងនោះជាអ្នកដែលបានចេញពីគ្រាវេទនាយ៉ាងធំមក ពួកគេបានបោកអាវវែងរបស់ខ្លួន ហើយបានធ្វើឲ្យសដោយសារឈាមរបស់កូនចៀម។ 15ហេតុនោះហើយបានជាគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះ ហើយគោរពបម្រើព្រះអង្គ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ឯព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់នឹងធ្វើជាជម្រកដល់គេ។ 16គេមិនឃ្លាន ក៏មិនស្រេកទៀតឡើយ ព្រះអាទិត្យមិនជះកម្ដៅលើគេ ក៏គ្មានចំហាយក្ដៅណាទៀតដែរ ។ 17ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅរករន្ធទឹកនៃជីវិត ហើយព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់គេ »។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 7: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies