វិវរណៈ 22

22
ទន្លេជីវិត
1បន្ទាប់​មក ទេវតា​ក៏​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ ដែល​មាន​ទឹក​ជីវិត ថ្លា​ដូច​កែវ​ចរណៃ ហូរ​ចេញ​ពី​បល្ល័ង្ក​របស់​ព្រះ និង​បល្ល័ង្ក​របស់​កូន​ចៀម 2កាត់​តាម​កណ្ដាល​ផ្លូវ​ក្រុង ហើយ​នៅ​មាត់​ទន្លេ​ទាំង​សង​ខាង មាន​ដើម​ឈើ​ជីវិត​ដែល​មាន​ផ្លែ​ដប់ពីរ​ដង គឺ​មួយ​ខែ​ម្តងៗ ឯ​ស្លឹក​ឈើ​នោះ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជាតិ​សាសន៍​នានា​ឲ្យ​ជា ។ 3ក្រុង​នោះ​លែង​មាន​បណ្ដាសា​ទៀត​ហើយ បល្ល័ង្ក​របស់​ព្រះ និង​បល្ល័ង្ក​របស់​កូន​ចៀម​នឹង​ស្ថិត​នៅ​ក្នុង​ក្រុង​នោះ ហើយ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​នឹង​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។ 4គេ​នឹង​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ និង​ព្រះ‌នាម​ព្រះ‌អង្គ​នៅ​លើ​ថ្ងាស​របស់​គេ 5ក្រុង​នោះនឹង​លែង​មាន​យប់​ទៀត​ហើយ គេ​មិន​ត្រូវ​ការ​ចង្កៀង ឬ​ពន្លឺ​ព្រះ‌អាទិត្យ​ទេ ដ្បិត​ព្រះ​ជា​ព្រះ‌អម្ចាស់ ទ្រង់​ជា​ពន្លឺ​របស់​គេ ហើយ​គេ​នឹង​សោយ​រាជ្យ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។
6ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «សេចក្ដី​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត ហើយ​គួរ​ជឿ ព្រះ‌អម្ចាស់ គឺ​ជា​ព្រះ​នៃ​វិញ្ញាណ​របស់​ពួក​ហោរា ទ្រង់​បាន​ចាត់​ទេវតា​មក​បង្ហាញ​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ឲ្យ​ដឹង​ពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មក​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។
7"មើល៍! យើង​មក​ជា​ឆាប់ មាន​ពរ​ហើយ​អ្នក​ណា​ដែល​ប្រតិបត្តិ​តាម​ពាក្យ​ទំនាយ​ក្នុង​គម្ពីរ​នេះ"»។
អវសានកថា និង​ពាក្យ​ប្រសិទ្ធពរ
8ខ្ញុំ យ៉ូហាន ជា​អ្នក​ដែល​បាន​ឮ និង​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះ។ ពេល​ខ្ញុំ​បាន​ឮ និង​ឃើញ​ដូច្នោះ ខ្ញុំ​ក៏​ក្រាប​ចុះ​ថ្វាយ​បង្គំ នៅ​ទៀប​ជើង​ទេវតា ដែល​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ហេតុ‌ការណ៍​ទាំង​នោះ 9តែ​ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «មិន​ត្រូវ​ធ្វើ​ដូច្នេះ​ឡើយ! ខ្ញុំ​ក៏​ជា​អ្នក​បម្រើ​ជា​មួយ​អ្នក ហើយ​ជា​មួយ​ពួក​ហោរា ជា​បង‌ប្អូនរបស់​អ្នក និង​ជាមួយ​អស់​អ្នក​ដែល​កាន់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នេះ​ដែរ។ ចូរ​ថ្វាយ​បង្គំ​ព្រះ​វិញ!»។
10ទេវតា​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «កុំ​បំបិទ​ពាក្យ​ទំនាយ​នៅ​ក្នុង​គម្ពីរ​នេះ​ឡើយ ដ្បិត​ពេល​កំណត់​ជិត​ដល់​ហើយ។ 11អ្នក​ណា​ទុច្ចរិត ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រព្រឹត្ត​ទុច្ចរិត​ទៅ អ្នក​ណា​ស្មោក‌គ្រោក ឲ្យ​អ្នក​នោះ​នៅ​តែ​ស្មោក‌គ្រោក​ទៅ តែ​អ្នក​ណា​សុចរិត​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រព្រឹត្ត​សុចរិត ហើយ​អ្នក​ណា​បរិសុទ្ធ ឲ្យ​អ្នក​នោះ​នៅ​តែ​បរិសុទ្ធ​ទៀត​ចុះ។
12មើល៍! យើង​មក​ជា​ឆាប់ ទាំង​នាំ​យក​រង្វាន់​មក​ជា​មួយ ដើម្បី​ចែក​ឲ្យ​គ្រប់​គ្នា តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ 13យើង​ជា​អាល‌ផា និង​អូ‌មេកា គឺ​មុន​គេ ហើយ​ក្រោយ​គេ ជា​ដើម​ដំបូង ហើយ​ជា​ចុង​បង្អស់។
14មាន​ពរ​ហើយ​អស់​អ្នក​ណា​ដែល​លាង​អាវ​ខ្លួន ដើម្បី​ឲ្យ​មាន​សិទ្ធិ​ចូល​ដល់​ដើម​ជីវិត ហើយ​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ។ 15ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត​អាគម ពួក​សហាយ‌ស្មន់ ពួក​កាប់​សម្លាប់ ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​ភូតភរ។
16យើង យេស៊ូវ បាន​ចាត់​ទេវតា​របស់​យើង​មក​ធ្វើ​បន្ទាល់​ប្រាប់​អ្នក​រាល់​គ្នា ពី​សេចក្ដី​ទាំង​នេះ​ដល់​ក្រុម​ជំនុំ។ យើង​ជា​ឫស និង​ជា​ពូជ​ពង្ស​របស់​ព្រះបាទ​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង»។ 17ព្រះ‌វិញ្ញាណ និង​កូន​ក្រមុំ​ពោល​ថា៖ «សូម​យាង​មក!» សូម​ឲ្យ​អ្នក​ណា​ដែល​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​យាង​មក!»។ អ្នក​ណា​ដែល​ស្រេក សូម​ចូល​មក! ហើយ​អ្នក​ណា​ដែល​ចង់​បាន សូម​មក​យក​ទឹក​ជីវិត​នេះ​ចុះ ឥត​បង់​ថ្លៃ​ទេ។
18ខ្ញុំ​សូម​ប្រាប់​អស់​អ្នក​ដែល​ឮ​ពាក្យ​ទំនាយ​នៅ​ក្នុង​គម្ពីរ​នេះ​ថា បើ​អ្នក​ណា​បន្ថែម​អ្វី​ទៅ​ក្នុង​សេចក្ដី​ទាំង​នេះ ព្រះ​នឹង​បន្ថែម​គ្រោះ​កាច ដែល​មាន​រៀប​រាប់​នៅ​ក្នុង​គម្ពីរ​នេះ ដល់​អ្នក​នោះ 19ហើយ​បើ​អ្នក​ណា​ដក​អ្វី​ចេញ​ពី​ព្រះ‌បន្ទូល​នៅ​ក្នុង​គម្ពីរ​ទំនាយ​នេះ ព្រះ​ក៏​នឹង​ដក​ចំណែក​របស់​អ្នក​នោះ ចេញ​ពី​ដើម​ជីវិត និង​ពី​ទី​ក្រុង​បរិសុទ្ធ ដូច​បាន​រៀប​រាប់​ក្នុង​គម្ពីរ​នេះ​ដែរ។
20ព្រះ‌អង្គ​ដែល​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទាំង​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ពិត​មែន​ហើយ យើង​នឹង​មក​ជា​ឆាប់»។ អាម៉ែន ព្រះ‌អម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក!។
21សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូវ។ អាម៉ែន។:៚

ទើបបានជ្រើសរើសហើយ៖

វិវរណៈ 22: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល