វិវរណៈ 19

19
សំឡេង​អរសប្បាយ​នៅ​ស្ថានសួគ៌
1ក្រោយ​មក ខ្ញុំ​បាន​ឮ​ហាក់​ដូច​ជា​សំឡេង​យ៉ាង​ខ្លាំង​របស់​មនុស្ស​ច្រើន​កុះករ នៅ​ស្ថាន‌សួគ៌​ថា៖ «ហាលេ‌លូយ៉ា! ការ​សង្គ្រោះ សិរី‌ល្អ និង​ព្រះ‌ចេស្តា ជា​របស់​ព្រះ​នៃ​យើង 2ដ្បិត​ការ​ជំនុំ‌ជម្រះ​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត ព្រោះ​ព្រះ‌អង្គ​បាន​ជំនុំ‌ជម្រះ​ស្ត្រី​ពេស្យា​ដ៏​ធំ ដែល​បង្ខូច​ផែនដី ដោយ​អំពើ​សហាយ​ស្មន់​របស់​នាង ហើយ​ព្រះ‌អង្គ​ក៏​បាន​សង​សឹក ដោយ​ព្រោះ​ឈាម​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​នាង​បាន​កម្ចាយ​នោះ​ដែរ»។ 3ពួក​គេ​ក៏​ពោល​ពាក្យ​ម្តង​ទៀត​ថា៖ «ហាលេ‌លូយ៉ា! ផ្សែង​នៃ​ក្រុង​នេះ​ហុយ​ឡើង​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ»។ 4ពួក​ចាស់​ទុំ​ទាំង​ម្ភៃបួន​នាក់ និង​សត្វ​មាន​ជីវិត​ទាំង​បួន ក៏​ក្រាប​ចុះ​ថ្វាយ​បង្គំ​ព្រះ​ដែល​គង់​លើ​បល្ល័ង្ក ទាំង​ពោល​ថា៖ «អាម៉ែន! ហាលេ‌លូយ៉ា!»។ 5មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «អស់​ទាំង​អ្នក​បម្រើ និង​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ ទាំង​ធំ​ទាំង​តូច​អើយ ចូរ​សរសើរ​ព្រះ​នៃ​យើង!»។ 6បន្ទាប់​មក ខ្ញុំ​ឮ​សូរ​ដូច​ជា​សំឡេង​មនុស្ស​ច្រើន​កុះករ ដូច​ស្នូរ​សន្ធឹក​មហា​សាគរ ហើយ​ដូច​សូរ​ផ្គរ​លាន់​យ៉ាង​ខ្លាំង​ថា៖ «ហាលេ‌លូយ៉ា ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​សោយ​រាជ្យ​ឡើង​ហើយ។ 7ចូរ​យើង​អរ​សប្បាយ ហើយ​រីក​រាយ​ឡើង ទាំង​ថ្វាយ​សិរី‌ល្អ​ដល់​ព្រះ‌អង្គ​ចុះ ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គលរបស់​កូន​ចៀម​ហើយ ឯ​កូន​ក្រមុំ​របស់​ព្រះ‌អង្គ​ក៏​បាន​រៀប​ចំ​ខ្លួន​ជា​ស្រេច​ហើយ​ដែរ។ 8ព្រះ‌អង្គ​ប្រទាន​ឲ្យ​នាង​បាន​ស្លៀក​ពាក់​សំពត់​ទេស​ឯក​យ៉ាង​ម៉ដ្ដ ស្អាត ហើយ​ភ្លឺ»។ ដ្បិត​សំពត់​ទេស​ឯក​យ៉ាង​ម៉ដ្ដ គឺ​ជា​សេចក្ដី​សុចរិត​របស់​ពួក​បរិសុទ្ធ។ 9ទេវតា​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​សរសេរ​ដូច្នេះ​ថា មាន​ពរ​ហើយ អស់​អ្នក​ដែល​ព្រះ​បាន​ហៅ​មក​បរិ‌ភោគ​ការ​កូន​ចៀម»។ ទេវតា​ពោល​មក​កាន់​ខ្ញុំ​ទៀត​ថា៖ «នេះ​ជា​ព្រះ‌បន្ទូល​ពិត​របស់​ព្រះ»។ 10ខ្ញុំ​ក៏​ក្រាប​ចុះ​នៅ​ទៀប​ជើង​ទេវតា​នោះ ដើម្បី​ថ្វាយ​បង្គំ តែ​លោក​ពោល​មក​កាន់​ខ្ញុំ​ថា៖ «កុំ​ធ្វើ​ដូច្នេះ​ឡើយ ដ្បិត​ខ្ញុំ​ជា​អ្នក​បម្រើ​រួម​ការងារ​ជា​មួយ​អ្នក និង​ជា​បង‌ប្អូន​អ្នក ដែល​មាន​បន្ទាល់​របស់​ព្រះ‌យេ‌ស៊ូវ​ដែរ។ ចូរ​ថ្វាយ​បង្គំ​ព្រះ​វិញ»។ ដ្បិត​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេ‌ស៊ូវ គឺ​ជា​វិញ្ញាណ​នៃ​សេចក្ដី​ទំនាយ។
11បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​ស្ថានសួគ៌​បើក​ចំហ ហើយ​មើល៍ មាន​សេះ​ស​មួយ! ព្រះ‌អង្គ​ដែល​គង់​លើ​សេះ​នោះ មាន​ព្រះ‌នាម​ថា «ព្រះ​ដ៏​ស្មោះ​ត្រង់ ហើយ​ពិត​ប្រាកដ» ព្រះ‌អង្គ​ជំនុំ‌ជម្រះ និង​ច្បាំង​ដោយ​សុចរិត។ 12ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ដូច​ជា​អណ្ដាត​ភ្លើង ហើយ​នៅ​លើ​ព្រះ‌សិរសា មាន​មកុដ​ជា​ច្រើន ព្រះ‌អង្គ​មាន​ព្រះ‌នាម​មួយ​ចារ​ទុក ដែល​ក្រៅ​ពី​ព្រះ‌អង្គ​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ។ 13ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពស្ត្រ​ជ្រលក់​ដោយ​ឈាម ហើយ​ព្រះ‌នាម​ព្រះ‌អង្គ​ហៅ​ថា «ព្រះ‌បន្ទូល​នៃ​ព្រះ»។ 14ពល​ទ័ព​នៅ​ស្ថាន‌សួគ៌ ជិះ​សេះ​ស​ដង្ហែ​ព្រះ‌អង្គ ទាំង​ស្លៀក​ពាក់​សំពត់​ទេស​ឯក​ពណ៌​ស​ស្អាត។ 15មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ មក​ប្រហារ​អស់​ទាំង​សាសន៍ ហើយ​ព្រះ‌អង្គ​នឹង​គ្រប់​គ្រង​គេ ដោយ​ដំបង​ដែក។ ព្រះ‌អង្គ​នឹង​ជាន់​ក្នុង​ធុង​ឃ្នាប​ស្រា​ទំពាំង‌បាយ‌ជូរ ជា​សេចក្ដី​ក្រោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត។ 16ព្រះ‌អង្គ​មាន​ព្រះ‌នាម​ចារ​នៅ​ព្រះ‌ពស្ត្រ និង​នៅ​ភ្លៅ​របស់​ព្រះ‌អង្គ​ថា «ស្តេច​លើ​អស់​ទាំង​ស្តេច និង​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់»។
សត្វ​សាហាវ និង​ពល‌ទ័ព​របស់​វា​ត្រូវ​បរាជ័យ
17បន្ទាប់​មក ខ្ញុំ​ឃើញ​ទេវតា​មួយ​រូប​ឈរ​នៅ​លើ​ព្រះ‌អាទិត្យ បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ហៅ​អស់​ទាំង​សត្វ​ដែល​ហើរ​ក្នុង​លំហ​អាកាស​ថា៖ «ចូល​មក! ចូរ​ប្រមូល​គ្នា​មក​ចូល​រួម​ពិធី​ជប់​លៀង​ដ៏​ធំ​របស់​ព្រះ 18ដើម្បី​ស៊ី​សាច់​ពួក​ស្តេច សាច់​ពួក​មេ​ទ័ព សាច់​ពួក​មនុស្ស​ខ្លាំង​ពូកែ ព្រម​ទាំង​សាច់​សេះ និង​ពួក​អ្នក​ដែល​ជិះ​សេះ គឺ​ជា​សាច់​មនុស្ស​ទាំង​អស់ ទាំង​អ្នក​ជា អ្នក​ខ្ញុំ​គេ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ»។ 19ខ្ញុំ​ក៏​ឃើញ​សត្វ​នោះ និង​ពួក​ស្តេច​នៅ​លើ​ផែនដី ព្រម​ទាំង​ពល​ទ័ព​របស់​គេ បាន​ប្រមូល​គ្នា មក​ច្បាំង​នឹង​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​សេះ និង​ពល​ទ័ព​របស់​ព្រះ‌អង្គ។ 20សត្វ​នោះ​ក៏​ត្រូវ​ចាប់​បាន ព្រម​ទាំង​ហោរា​ក្លែង​ក្លាយ ដែល​នៅ​ជា​មួយ​ផង ជា​អ្នក​ដែល​ធ្វើ​ទី​សម្គាល់​នៅ​មុខ​វា ដើម្បី​បញ្ឆោត​អស់​អ្នក ដែល​ទទួល​ទី​សម្គាល់​របស់​សត្វ​នោះ និង​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​រូប​របស់​វា ហើយ​ទាំង​ពីរ​ត្រូវ​បោះ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់‌ធ័រ។ 21រីឯ​អ្នក​ដែល​នៅ​សល់ ក៏​ត្រូវ​ស្លាប់​ដោយ​ដាវ​របស់​ព្រះ‌អង្គ​ដែល​គង់​លើ​សេះ ជា​ដាវ​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ ហើយ​អស់​ទាំង​សត្វ​ស្លាប​បាន​ឆ្អែត ដោយ​សាច់​របស់​ពួក​អ្នក​ទាំង​នោះ។

ទើបបានជ្រើសរើសហើយ៖

វិវរណៈ 19: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល