វិវរណៈ 10
10
ទេវតាប្រគល់ក្រាំងមួយតូចឲ្យលោកយ៉ូហាន
1ខ្ញុំឃើញទេវតាដ៏ពូកែមួយទៀត ចុះពីលើមេឃមក មានពពកព័ទ្ធជុំវិញខ្លួន ហើយមានឥន្ទធនូនៅលើក្បាល មុខលោកដូចព្រះអាទិត្យ ហើយជើងលោកដូចជាបង្គោលភ្លើង។ 2លោកកាន់ក្រាំងមួយតូចបើកនៅនឹងដៃ លោកឈានជើងស្តាំទៅលើសមុទ្រ ហើយជើងឆ្វេងទៅលើដីគោក 3លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំង ដូចសំឡេងសិង្ហគ្រហឹម។ ពេលទេវតានោះបន្លឺសំឡេងឡើង ផ្គរលាន់ទាំងប្រាំពីរក៏លាន់ឮឡើងដែរ។ 4កាលបានឮផ្គរលាន់ទាំងប្រាំពីរនោះរួចហើយ នោះខ្ញុំហៀបនឹងសរសេរ តែខ្ញុំឮសំឡេងមួយចេញពីលើមេឃមកថា៖ «ចូរបំបិទសេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះទៅ កុំឲ្យកត់សេចក្ដីទាំងនោះឡើយ»។ 5ពេលនោះ ទេវតាដែលខ្ញុំឃើញឈរលើសមុទ្រ និងលើដីគោកនោះ ក៏លើកដៃស្តាំទៅលើមេឃ 6ហើយស្បថនឹងព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ ជាព្រះដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗដែលមាននៅលើផ្ទៃមេឃ ផែនដី និងអ្វីៗដែលមាននៅលើផែនដី ព្រមទាំងសមុទ្រ និងអ្វីៗដែលមាននៅក្នុងសមុទ្រ ថា «គ្មានពេលបង្អង់ទៀតឡើយ 7តែនៅគ្រាដែលសំឡេងត្រែរបស់ទេវតាទីប្រាំពីរត្រូវផ្លុំឡើង នោះសេចក្ដីអាថ៌កំបាំងរបស់ព្រះនឹងបានសម្រេច ដូចព្រះអង្គបានប្រកាសប្រាប់ពួកហោរា ជាអ្នកបម្រើរបស់ព្រះអង្គ»។
8បន្ទាប់មក ខ្ញុំឮសំឡេងពីលើមេឃនិយាយមកខ្ញុំម្តងទៀតថា៖ «ចូរទៅយកក្រាំងដែលបើកស្រាប់នៅនឹងដៃទេវតាដែលឈរលើសមុទ្រ និងលើដីគោកនោះមក»។ 9ដូច្នេះ ខ្ញុំក៏ដើរទៅរកទេវតានោះ ហើយសូមលោកឲ្យប្រគល់ក្រាំងតូចនោះមកខ្ញុំ។ ទេវតានោះពោលមកខ្ញុំថា៖ «ចូរយកទៅបរិភោគចុះ ក្រាំងនេះនឹងល្វីងនៅក្នុងពោះអ្នក តែនៅក្នុងមាត់នឹងផ្អែមដូចទឹកឃ្មុំវិញ»។ 10ខ្ញុំក៏យកក្រាំងតូចនោះពីដៃទេវតាមកបរិភោគ ហើយនៅក្នុងមាត់ខ្ញុំផ្អែមដូចទឹកឃ្មុំ តែកាលខ្ញុំបានបរិភោគរួចហើយ នោះក៏ល្វីងនៅក្នុងពោះខ្ញុំមែន។ 11បន្ទាប់មក មានគេប្រាប់ខ្ញុំថា៖ «អ្នកត្រូវថ្លែងទំនាយម្តងទៀត អំពីប្រជាជន អំពីជាតិសាសន៍ អំពីភាសា និងអំពីស្តេចជាច្រើនផង»។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 10: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies