វិវរណៈ 1:4-8

វិវរណៈ 1:4-8 គកស១៦

យ៉ូហាន សូម​ជម្រាប​មក​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ នៅ​ស្រុក​អាស៊ី សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​ដើម ហើយ​ដែល​ត្រូវ​យាង​មក និង​ពី​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំពីរ ដែល​នៅ​ចំពោះ​បល្ល័ង្ក​របស់​ព្រះ‌អង្គ និង​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុន​គេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី។ ព្រះ‌អង្គ​ស្រឡាញ់​យើង ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ ព្រម​ទាំង​តាំង​យើង​ជា​រាជា‌ណា‌ចក្រ ជា​ពួក​សង្ឃ​បម្រើ​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​ព្រះ‌អង្គ សូម​ថ្វាយ​សិរី‌ល្អ និង​ព្រះ‌ចេស្តា​ដល់​ព្រះ‌អង្គ អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។ មើល៍! ព្រះ‌អង្គ​យាង​មក​តាម​ពពក គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះ‌អង្គ សូម្បី​តែ​អស់​អ្នក​ដែល​ចាក់​ព្រះ‌អង្គ ហើយ​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ព្រះ‌អង្គ អើ មែន​ហើយ។ អាម៉ែន។ ព្រះ‌អម្ចាស់​ជា​ព្រះ ដែល​គង់​នៅ​សព្វ​ថ្ងៃ ក៏​គង់​នៅ​ពី​ដើម ហើយ​ដែល​ត្រូវ​យាង​មក ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​អាល‌ផា និង​ជា​អូមេ‌កា»។

អាន វិវរណៈ 1