ទំនុកតម្កើង 96

96
ចូរ​សរសើរ​តម្កើង​ដល់​ព្រះ ដែល​ព្រះ‌អង្គ​យាង​មក​ជំនុំ​ជម្រះ
1ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា
ឱ​ផែន​ដី​ទាំង​មូល​អើយ
ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា!
2ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា
ចូរ​សរសើរ​តម្កើង​ព្រះ‌នាមព្រះ‌អង្គ
ចូរ​ប្រកាស​ពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​រាល់​ថ្ងៃ។
3ចូរ​ប្រកាស​ពី​សិរី‌ល្អ​របស់​ព្រះ‌អង្គ
ក្នុង​ចំណោម​ជាតិ​សាសន៍​នានា
និង​ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ
ក្នុង​ចំណោម​ប្រជាជន​ទាំង‌ឡាយ!
4ដ្បិត​ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្តម
ហើយ​គួរ​សរសើរ​ក្រៃ​លែង
ព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច
លើស​ជាង​អស់​ទាំង​ព្រះ។
5ដ្បិត​អស់​ទាំង​ព្រះ​របស់​ប្រជាជន​នានា
សុទ្ធ​តែ​ជា​របស់​ឥត​ប្រយោជន៍
តែ​ព្រះ‌យេហូវ៉ា​វិញ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ។
6កិត្តិយស និង​តេជា‌នុភាព​ស្ថិត​នៅ​ចំពោះ​ព្រះ‌អង្គ
ឥទ្ធិ‌ឫទ្ធិ និង​សោភ័ណភាព
នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ។
7ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា
អស់​ទាំង​ពូជ‌ពង្ស​នៃ​ប្រជាជន​ទាំង‌ឡាយ​អើយ
ចូរ​ថ្វាយ​សិរី‌ល្អ និង​ឫទ្ធា​នុភាព​ដល់​ព្រះ‌យេហូវ៉ា។
8ចូរ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ‌យេហូវ៉ា
ឲ្យ​ស័ក្ដិ​សម​នឹង​ព្រះ‌នាម​ព្រះ‌អង្គ
ចូរ​នាំ​យក​តង្វាយ​ចូល​មក​ក្នុង​ទី‌លាន
របស់​ព្រះ‌អង្គ!
9ចូរ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា
ដោយ​ពាក់​គ្រឿង​ដ៏​បរិសុទ្ធ
ឱ​ផែនដី​ទាំង​មូល​អើយ
ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ!
10ចូរ​ពោល​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍នានា​ថា
«ព្រះ‌យេហូវ៉ា​សោយ​រាជ្យ!
អើ ពិភព​លោក​បាន​តាំង​ឡើង​យ៉ាង​មាំ‌មួន
ឥត​រង្គើ​សោះ​ឡើយ
ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះប្រជាជន​ទាំង​ឡាយ
ដោយ​យុត្តិធម៌»។
11ចូរ​ឲ្យ​ផ្ទៃ​មេឃ​រីក​រាយឡើង
ហើយ​ឲ្យ​ផែនដី​បាន​ត្រេក​អរ
ចូរ​ឲ្យ​សមុទ្រ​លាន់​ឮ​កង​រំពង
ព្រម​ទាំង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ​ដែរ
12ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​នៅទី​នោះ
សប្បាយ​រីក​រាយ​ឡើង!
នោះ​ដើម​ឈើទាំង​ប៉ុន្មាន​នៅក្នុង​ព្រៃ​ព្រឹក្សា
នឹង​ច្រៀង​ដោយ​អំណរ
13នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​យាង​មក
ដ្បិត​ព្រះ‌អង្គ​យាង​មក​ជំនុំ‌ជម្រះ​ផែនដី។
ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក
ដោយ​សេចក្ដី​សុចរិត
ហើយ​ជំនុំ​ជម្រះ​ប្រជាជន​ទាំង​ឡាយ
ដោយ​ព្រះ‌ហឫ‌ទ័យស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 96: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល