ទំនុកតម្កើង 86

86
ពាក្យ​ទូល​អង្វរ​សុំ​ជំនួយ​ទាស់​នឹង​ខ្មាំង​សត្រូវ
ពាក្យ​អធិស្ឋាន​របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់
ហើយ​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង
ព្រោះ​ទូល‌បង្គំ​ទាល់​ក្រ ហើយ​ខ្វះ​ខាត។
2សូម​រក្សា​កាពារ​ជីវិត​ទូល‌បង្គំ
ដ្បិត​ទូល‌បង្គំ​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អង្គ
ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ
សូម​សង្គ្រោះ​អ្នក​បម្រើ​ព្រះ‌អង្គ
ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ​នេះ​ផង។
3ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ
ដ្បិត​ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ​រាល់​ថ្ងៃ។
4សូម​បណ្ដាល​ឲ្យ​ព្រលឹង​អ្នក​បម្រើ​ព្រះ‌អង្គ
រីក‌រាយ​ឡើង
ដ្បិត ឱ​ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ‌អង្គ។
5ដ្បិត ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ល្អ
ហើយ​អត់​ទោស
ក៏​មាន​ព្រះ‌ហឫ‌ទ័យសប្បុរស​ជា​បរិបូរ
ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ។
6ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌
ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ
សូម​ស្តាប់​សម្រែក​ទូល​អង្វរ​របស់​ទូល‌បង្គំ​ផង។
7នៅ​ថ្ងៃ​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា
ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ
ដ្បិតព្រះ‌អង្គ​ឆ្លើយ​តប​មក​ទូល‌បង្គំ។
8ឱ​ព្រះ‌អម្ចាស់​អើយ ក្នុង​ចំណោម​ព្រះ​ទាំង​ឡាយ
គ្មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ​ទេ
ក៏​គ្មាន​ព្រះ​ណា​ធ្វើ​ការ​អស្ចារ្យ​ដូច​ព្រះ‌អង្គ​ឡើយ។
9ឱ​ព្រះ‌អម្ចាស់​អើយ
អស់​ទាំង​សាសន៍​ដែល​ព្រះ‌អង្គ​បាន​បង្កើត
នឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
ហើយ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។
10ដ្បិត​ព្រះ‌អង្គ​ធំ ហើយ​ធ្វើ​ការ​យ៉ាង​អស្ចារ្យ
មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ។
11ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ
ទូល‌បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ
សូម​បង្រួម​ចិត្ត​ទូល‌បង្គំ
ឲ្យ​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ។
12ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​នឹង​អរ​ព្រះគុណ​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត
ហើយ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ
ជា​រៀង​រហូត។
13ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ចំពោះ​ទូល‌បង្គំ ធំ​អស្ចារ្យ​ណាស់
ព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​ទូល‌បង្គំ
ឲ្យ​រួច​ផុត​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
ដ៏​ជ្រៅ​បំផុត។
14ឱ​ព្រះ​អើយ មនុស្ស​ព្រហើន​បាន​លើក​គ្នា
ទាស់​នឹង​ទូល‌បង្គំ​ហើយ
មនុស្ស​ច្រឡោត​មួយ​ក្រុម​ចង់​ដក​ជីវិត​ទូល‌បង្គំ
អ្នក​ទាំងនោះ​មិន​បាន​តាំង​ព្រះ‌អង្គ​នៅ​មុខ​គេ​ទេ។
15ប៉ុន្ដែ ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​ជា​ព្រះ​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា
និង​ប្រណី​សន្ដោស
ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់
ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស
និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ជា​បរិបូរ។
16សូម​បែរ​មកទូល‌បង្គំ
ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ
សូម​ប្រទាន​កម្លាំង​របស់​ព្រះ‌អង្គ
ដល់​អ្នក​បម្រើ​ព្រះ‌អង្គ
សូម​សង្គ្រោះ​កូន​របស់​ស្ត្រី
ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង។
17សូម​សម្ដែង​ទី​សម្គាល់​មួយ
ពី​សេចក្ដី​ល្អ​ដល់​ទូល‌បង្គំ
ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​បាន​ឃើញ
ហើយ​មាន​សេចក្ដី​ខ្មាស ដោយ​សារ​តែ​ព្រះ‌អង្គ
ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ជួយ​ទូល‌បង្គំ
ហើយ​បាន​កម្សាន្ត​ចិត្ត​ទូល‌បង្គំ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 86: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល