ទំនុកតម្កើង 78
78
ព្រះហឫទ័យសប្បុរសរបស់ព្រះ និងអំពើអកតញ្ញូរបស់អ៊ីស្រាអែល
សេចក្ដីបង្រៀនរបស់អេសាភ។
1ឱប្រជាជនរបស់ខ្ញុំអើយ
ចូរប្រុងត្រចៀកស្តាប់សេចក្ដីបង្រៀនរបស់ខ្ញុំ
ហើយផ្ទៀងត្រចៀកស្តាប់អស់ទាំងពាក្យ
ដែលចេញពីមាត់ខ្ញុំចុះ!
2ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀប
ខ្ញុំនឹងបរិយាយប្រាប់អំពីសេចក្ដីលាក់កំបាំង
ពីចាស់បុរាណ
3ជាសេចក្ដីដែលយើងធ្លាប់បានឮ
និងធ្លាប់បានដឹង
ជាសេចក្ដីដែលដូនតាយើងបានប្រាប់។
4យើងនឹងមិនលាក់សេចក្ដីទាំងនោះចំពោះកូនចៅ
របស់គាត់ឡើយ
យើងនឹងប្រាប់មនុស្សជំជាន់ក្រោយ
អំពីអស់ទាំងស្នាព្រហស្តដ៏អស្ចារ្យ
របស់ព្រះយេហូវ៉ា
អំពីឫទ្ធានុភាព និងការអស្ចារ្យ
ដែលព្រះអង្គបានធ្វើ។
5៙ ព្រះអង្គបានតាំងឲ្យមានទីបន្ទាល់
នៅក្នុងពួកយ៉ាកុប
ក៏បានតម្រូវឲ្យមានក្រឹត្យវិន័យ
នៅក្នុងពួកអ៊ីស្រាអែល
ជាច្បាប់ដែលព្រះអង្គបានបង្គាប់
បុព្វបុរសរបស់យើង
ឲ្យបង្រៀនដល់កូនចៅតរៀងទៅ
6ដើម្បីឲ្យមនុស្សជំនាន់ក្រោយ
គឺកូនចៅដែលនឹងកើតមកស្គាល់សេចក្ដីទាំងនោះ
គេនឹងបន្តវេន ហើយប្រាប់ដល់កូនចៅ
របស់គេតទៅទៀត
7សម្រាប់ឲ្យគេបានតាំងចិត្តសង្ឃឹមដល់ព្រះ
ហើយមិនភ្លេចពីកិច្ចការរបស់ព្រះអង្គឡើយ
គឺគោរពតាមបទបញ្ជារបស់ព្រះអង្គវិញ
8ដើម្បីកុំឲ្យគេបានដូចបុព្វបុរសរបស់គេ
ជាជំនាន់មនុស្សរឹងរូស ហើយបះបោរ
ជាជំនាន់មនុស្សដែលមិនបានតាំងចិត្ត
ឲ្យទៀងត្រង់
ហើយវិញ្ញាណរបស់គេ
មិនស្មោះចំពោះព្រះនោះឡើយ។
9៙ ឯកូនចៅអេប្រាអិមដែលមានគ្រឿងធ្នូ
ហើយក៏ប្រសប់បាញ់
គេបានដកថយនៅថ្ងៃធ្វើចម្បាំង។
10គេមិនបានកាន់តាមសេចក្ដីសញ្ញារបស់ព្រះទេ
គឺមិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យ
របស់ព្រះអង្គឡើយ។
11គេបានភ្លេចកិច្ចការរបស់ព្រះអង្គ
ភ្លេចការអស្ចារ្យទាំងឡាយ
ដែលព្រះអង្គបានសម្ដែងឲ្យគេឃើញ។
12ព្រះអង្គបានធ្វើការចម្លែក
នៅនឹងភ្នែកបុព្វបុរសរបស់គេ
នៅស្រុកអេស៊ីព្ទ នៅវាលសូអាន។
13ព្រះអង្គបានញែកសមុទ្រ ហើយឲ្យគេដើរឆ្លង
ក៏បានធ្វើឲ្យទឹកឈរឡើងដូចកំផែង។
14នៅពេលថ្ងៃ ព្រះអង្គបាននាំគេដោយពពក
ហើយរាល់យប់ ព្រះអង្គបាននាំគេ
ដោយពន្លឺភ្លើង។
15ព្រះអង្គបានបំបែកថ្មនៅទីរហោស្ថាន
ហើយប្រទានឲ្យគេមានផឹកទឹកជាបរិបូរ
ដូចជាប្រភពទឹកផុសចេញមក។
16ព្រះអង្គបានធ្វើឲ្យមានទឹកចេញពីថ្ម
ហូរចុះមកដូចជាទន្លេ។
17៙ ទោះជាយ៉ាងនេះក្ដី គេនៅតែប្រព្រឹត្តអំពើបាប
ទាស់នឹងព្រះអង្គ
ដោយបះបោរប្រឆាំងនឹងព្រះដ៏ខ្ពស់បំផុត
នៅទីរហោស្ថាន។
18គេបានល្បងលព្រះនៅក្នុងចិត្តគេ
ដោយទាមទារអាហារតាមទំនើងចិត្តរបស់គេ។
19គេពោលពាក្យទាស់នឹងព្រះថា
«តើព្រះអាចផ្គត់ផ្គង់អាហារឲ្យយើងបរិភោគ
នៅទីរហោស្ថាននេះបានឬ?
20ព្រះអង្គបានវាយថ្មឲ្យមានទឹកផុលចេញមក
ដូចជាទឹកជ្រោះហូរហៀរមែន
ក៏ប៉ុន្ដែ តើព្រះអង្គអាចប្រទាននំបុ័ង
ឬផ្គត់ផ្គង់សាច់ឲ្យប្រជារាស្ត្រព្រះអង្គ
បរិភោគបានដែរឬ?»។
21ហេតុនេះ កាលព្រះយេហូវ៉ាឮ
ព្រះអង្គក្រេវក្រោធជាខ្លាំង
ក៏មានភ្លើងឆួលឡើងទាស់នឹងពួកយ៉ាកុប
សេចក្ដីក្រោធរបស់ព្រះអង្គ
ទាស់នឹងពួកអ៊ីស្រាអែល
22ព្រោះគេមិនបានជឿដល់ព្រះ
ហើយមិនបានទុកចិត្តនឹងព្រះចេស្ដារបស់ព្រះអង្គ
ដែលអាចសង្គ្រោះគេបាននោះឡើយ។
23ទោះជាយ៉ាងនេះក្ដី
ព្រះអង្គបានបង្គាប់ផ្ទៃមេឃនៅខាងលើ
ព្រះអង្គបានបើកទ្វារស្ថានសួគ៌
24ហើយបង្អុរនំម៉ាណាឲ្យធ្លាក់មកលើគេដូចភ្លៀង
ដើម្បីឲ្យគេបរិភោគ
ព្រះអង្គប្រទានស្រូវពីស្ថានសួគ៌ដល់គេ ។
25គេបានបរិភោគនំប៉័ងរបស់ពួកទេវតា
ព្រះអង្គប្រទានឲ្យគេមានអាហារជាបរិបូរ។
26ព្រះអង្គបានធ្វើឲ្យខ្យល់ពីទិសខាងកើត
បក់នៅលើមេឃ
ហើយបាននាំខ្យល់ពីទិសខាងត្បូង
ដោយព្រះចេស្តារបស់ព្រះអង្គ។
27ព្រះអង្គទម្លាក់សាច់មកលើគេ
ដូចធូលីធ្លាក់ពីលើមេឃ
គឺជាសត្វស្លាបជាច្រើន
ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។
28ព្រះអង្គធ្វើឲ្យសត្វទាំងនោះ
ធ្លាក់ចំកណ្ដាលជំរំរបស់គេ
ជុំវិញកន្លែងដែលគេស្នាក់នៅ។
29ហើយគេក៏បរិភោគឆ្អែតស្កប់ស្កល់
ដ្បិតព្រះអង្គបានប្រទានឲ្យ
តាមបំណងដែលគេចង់បាន។
30ប៉ុន្ដែ ចិត្តរបស់គេមិនទាន់ស្កប់ស្កល់ទេ
ហើយកាលអាហារនោះ
នៅក្នុងមាត់គេនៅឡើយ
31សេចក្ដីក្រោធរបស់ព្រះក៏ឆួលឡើងទាស់នឹងគេ
ហើយប្រហារពួកអ្នកខ្លាំងពូកែជាងគេ
ព្រមទាំងបំបាក់យុវជនដែលពេញកម្លាំង
ក្នុងចំណោមពួកអ៊ីស្រាអែលផងដែរ។
32៙ ទោះបើយ៉ាងនេះក៏ដោយ
ក៏គេនៅតែប្រព្រឹត្តអំពើបាបដដែល
គេមិនបានជឿការអស្ចារ្យរបស់ព្រះអង្គទេ។
33ដូច្នេះ ព្រះអង្គបានធ្វើឲ្យថ្ងៃរបស់គេ
កន្លងបាត់ទៅ
បានដូចជាមួយដង្ហើម
ហើយឆ្នាំរបស់គេពេញដោយការភ័យខ្លាច។
34កាលព្រះអង្គប្រហារពួកគេ
ទើបគេស្វែងរកព្រះអង្គ
គេប្រែចិត្ត ហើយនាំគ្នាស្វែងរកព្រះ
យ៉ាងអស់ពីចិត្ត។
35ពួកគេនឹកចាំថា ព្រះជាថ្មដារបស់ពួកគេ
គឺព្រះដ៏ខ្ពស់បំផុត
ព្រះអង្គជាអ្នកប្រោសលោះរបស់គេ។
36ក៏ប៉ុន្ដែ គេបានលើកបញ្ចើចព្រះអង្គ
ដោយមាត់របស់គេ
អណ្ដាតរបស់គេបានកុហកព្រះអង្គ។
37ចិត្តរបស់គេមិនទៀងចំពោះព្រះអង្គទេ
ហើយក៏មិនស្មោះត្រង់
ចំពោះសេចក្ដីសញ្ញាព្រះអង្គដែរ។
38រីឯព្រះអង្គវិញ ព្រះអង្គមានព្រះហឫទ័យ
អាណិតអាសូរ
ព្រះអង្គអត់ទោសអំពើទុច្ចរិតរបស់គេ
ហើយមិនបានបំផ្លាញគេទេ
ព្រះអង្គទប់ព្រះហឫទ័យរបស់ព្រះអង្គ
ជាច្រើនលើកច្រើនសា
មិនឲ្យសេចក្ដីក្រោធរបស់ព្រះអង្គ
ឆួលឡើងទាំងអស់ឡើយ។
39ព្រះអង្គបាននឹកចាំថា
គេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះ
គឺជាខ្យល់ដែលបក់កន្លងហួសទៅ
ឥតវិលមកវិញឡើយ។
40ប៉ុន្មានដងហើយដែលគេបះបោរនឹងព្រះអង្គ
នៅក្នុងទីរហោស្ថាន
ហើយធ្វើឲ្យព្រះអង្គព្រួយព្រះហឫទ័យ
នៅទីហួតហែង!
41គេបានល្បងលព្រះ ម្ដងហើយម្ដងទៀត
គេបានរករឿងព្រះដ៏បរិសុទ្ធ
នៃសាសន៍អ៊ីស្រាអែល។
42គេមិនបាននឹកចាំពីព្រះចេស្ដារបស់ព្រះអង្គ
ឬពីថ្ងៃដែលព្រះអង្គបានរំដោះគេពីខ្មាំងសត្រូវ
43កាលព្រះអង្គបានសម្ដែងទីសម្គាល់
របស់ព្រះអង្គនៅស្រុកអេស៊ីព្ទ
និងការអស្ចារ្យនៅទីវាលសូអានឡើយ។
44ព្រះអង្គបានធ្វើឲ្យទន្លេ
និងព្រែករបស់គេទៅជាឈាម
ហើយគេមិនអាចផឹកពីទឹកនោះបានឡើយ។
45ព្រះអង្គបានចាត់ហ្វូងរុយមកបង្ហិនគេ
ហើយកង្កែបមកបំផ្លាញគេ។
46ព្រះអង្គបានប្រគល់ដំណាំរបស់គេ
ទៅឲ្យចង្រិតកាត់
ហើយភោគផលរបស់គេទៅឲ្យកណ្តូបស៊ី។
47ព្រះអង្គបានបំផ្លាញដើមទំពាំងបាយជូរ
របស់គេដោយព្រឹល
ហើយដើមឧទុម្ពររបស់គេដោយសន្សើមកក។
48ព្រះអង្គបានប្រគល់ហ្វូងគោរបស់គេឲ្យត្រូវព្រឹល
ហើយឲ្យហ្វូងចៀមរបស់គេត្រូវរន្ទះបាញ់។
49ព្រះអង្គបានចាក់សេចក្ដីក្រោធ
ដ៏សហ័សរបស់ព្រះអង្គទៅលើគេ
ព្រមទាំងសេចក្ដីក្រោធ សេចក្ដីគ្នាន់ក្នាញ់
និងសេចក្ដីវេទនា
រួមទាំងពលទេវតាមកបំផ្លាញគេទៀតផង។
50ព្រះអង្គបានធ្វើផ្លូវសម្រាប់សេចក្ដីក្រោធ
របស់ព្រះអង្គ
ព្រះអង្គមិនបានប្រណីព្រលឹងគេ
ឲ្យរួចពីស្លាប់ឡើយ
គឺបានប្រគល់ជីវិតគេទៅឲ្យគ្រោះកាច។
51ព្រះអង្គបានប្រហារអស់ទាំងកូនច្បង
នៅស្រុកអេស៊ីព្ទ
គឺជាដើមកម្លាំងរបស់ហាំនៅក្នុងជំរំគេ។
52ក៏ប៉ុន្ដែ ព្រះអង្គបាននាំប្រជារាស្ត្រព្រះអង្គ
ចេញដូចជាចៀម
ហើយបានដឹកនាំគេនៅក្នុងទីរហោស្ថាន
ដូចជាហ្វូងសត្វ។
53ព្រះអង្គបាននាំគេដោយសុខសាន្ត
មិនឲ្យគេភ័យខ្លាចឡើយ
តែសមុទ្របានគ្របលើខ្មាំងសត្រូវរបស់គេវិញ។
54ព្រះអង្គបាននាំគេទៅកាន់ទឹកដីបរិសុទ្ធ
របស់ព្រះអង្គ
គឺទៅកាន់ភ្នំដែលព្រះហស្តស្តាំ
របស់ព្រះអង្គបានឈ្នះ។
55ព្រះអង្គបានបណ្តេញសាសន៍នានា
ចេញពីមុខគេ
ព្រះអង្គបានចែកទឹកដីទាំងនោះ
ឲ្យគេទុកជាមត៌ក
ក៏ឲ្យកុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែល
រស់នៅក្នុងលំនៅរបស់សាសន៍ទាំងនោះ។
56៙ ប៉ុន្តែ គេបានល្បងលព្រះដ៏ខ្ពស់បំផុត
ហើយបះបោរទាស់នឹងព្រះអង្គ
មិនបានកាន់តាមបញ្ញត្តិរបស់ព្រះអង្គឡើយ
57គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់
ដូចបុព្វបុរសរបស់គេ
គេក្រឡាច់រមួលដូចជាធ្នូមិនត្រង់។
58គេបានធ្វើឲ្យព្រះអង្គខ្ញាល់
ដោយទីខ្ពស់របស់គេ
គេបណ្ដាលឲ្យព្រះអង្គប្រចណ្ឌ
ដោយរូបព្រះរបស់គេ។
59កាលព្រះជ្រាប
ព្រះអង្គក្រោធជាខ្លាំង
ហើយព្រះអង្គមិនរវីរវល់
នឹងសាសន៍អ៊ីស្រាអែលសោះ។
60ព្រះអង្គលះចោលព្រះដំណាក់ព្រះអង្គនៅស៊ីឡូរ
ជារោងឧបោសថដែលព្រះអង្គធ្លាប់គង់នៅ
កណ្ដាលមនុស្ស
61ហើយប្រគល់ព្រះចេស្ដារបស់ព្រះអង្គ
ឲ្យទៅជាឈ្លើយ
គឺសិរីល្អរបស់ព្រះអង្គ
ទៅក្នុងកណ្ដាប់ដៃខ្មាំងសត្រូវ ។
62ព្រះអង្គបានប្រគល់ប្រជារាស្ត្រព្រះអង្គ
ទៅឲ្យដាវ
ហើយព្រះអង្គក្រោធនឹងមត៌ក
របស់ព្រះអង្គ។
63ភ្លើងបានឆេះបំផ្លាញពួកកំលោះរបស់គេ
ឯស្ត្រីក្រមុំរបស់គេ គ្មានអ្នកណាដណ្តឹងឡើយ។
64ពួកសង្ឃរបស់គេបានដួលស្លាប់ដោយដាវ
តែប្រពន្ធរបស់គេមិនបានយំសោកឡើយ។
65ពេលនោះ ព្រះអម្ចាស់តើនឡើង
ដូចគេភ្ញាក់ពីដំណេក
ដូចមនុស្សខ្លាំងពូកែដែលស្រែកឡើង
ដោយអំណាចស្រាទំពាំងបាយជូរ។
66ព្រះអង្គវាយបច្ចាមិត្តរបស់ព្រះអង្គ
ឲ្យរត់ខ្ចាត់ខ្ចាយ
ព្រះអង្គធ្វើឲ្យគេអាម៉ាស់អស់កល្បជានិច្ច។
67៙ ព្រះអង្គមិនរវីរវល់នឹងរោងឧបោសថ
របស់ពួកយ៉ូសែបឡើយ
ក៏មិនបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអិមដែរ
68តែព្រះអង្គបានរើសកុលសម្ព័ន្ធយូដា
និងភ្នំស៊ីយ៉ូនដែលព្រះអង្គស្រឡាញ់។
69ព្រះអង្គបានសង់ទីបរិសុទ្ធរបស់ព្រះអង្គ
ដូចជាផ្ទៃមេឃដ៏ខ្ពស់
ដូចជាផែនដី ដែលព្រះអង្គបានតាំងឲ្យនៅជាប់
រហូតតទៅ។
70ព្រះអង្គបានជ្រើសរើសដាវីឌ
ជាអ្នកបម្រើព្រះអង្គ
ហើយបានយកលោកចេញពីក្រោលចៀម
71ព្រះអង្គបានយកលោក
ចេញពីការឃ្វាលមេចៀមដែលមានកូន
ឲ្យធ្វើជាគង្វាលដល់ពួកយ៉ាកុប
ជាប្រជារាស្ត្រព្រះអង្គ
គឺពួកអ៊ីស្រាអែលដែលជាមត៌ករបស់ព្រះអង្គ។
72លោកបានឃ្វាលពួកគេដោយចិត្តទៀងត្រង់
ហើយនាំផ្លូវគេដោយដៃដ៏ប៉ិនប្រសប់។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 78: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies