ទំនុកតម្កើង 69
69
ពាក្យអធិស្ឋានសូមការរំដោះឲ្យរួចពីការធ្វើទុក្ខបៀតបៀន
ទំនុករបស់ស្តេចដាវីឌ សម្រាប់មេភ្លេង តាមបទ «ផ្កាឈូក»។
1ឱព្រះអើយ សូមសង្គ្រោះទូលបង្គំផង
ដ្បិតទឹកបានឡើងដល់កទូលបង្គំហើយ។
2ទូលបង្គំផុងនៅក្នុងភក់ដ៏ជ្រៅ
ជាកន្លែងដែលគ្មានទីឈរឡើយ
ទូលបង្គំបានចូលទៅក្នុងទឹកជ្រៅ
ហើយជំនន់ក៏បោកគ្របលើទូលបង្គំ។
3ទូលបង្គំល្វើយ ដោយសារសម្រែករបស់ទូលបង្គំ
បំពង់កទូលបង្គំស្ងួតហើយ
ភ្នែកទូលបង្គំទៅជាស្រវាំង
ដោយសារទន្ទឹងរង់ចាំព្រះនៃទូលបង្គំ។
4៙ អស់អ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ
មានច្រើនជាងសក់ក្បាលរបស់ទូលបង្គំទៅទៀត
អស់អ្នកដែលចង់បំផ្លាញទូលបង្គំ អស់អ្នកដែល
វាយប្រហារទូលបង្គំដោយឥតរឿង
មានកម្លាំងខ្លាំងណាស់
គេចាប់ឲ្យទូលបង្គំសងរបស់ដែលទូលបង្គំ
មិនបានយកសោះ។
5ឱព្រះអើយ ព្រះអង្គជ្រាបសេចក្ដីល្ងង់ខ្លៅ
របស់ទូលបង្គំ
កំហុសដែលទូលបង្គំបានប្រព្រឹត្ត
ពុំអាចបិទបាំងនឹងព្រះអង្គឡើយ។
6៙ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ
សូមកុំឲ្យអស់អ្នកដែលសង្ឃឹម
ដល់ព្រះអង្គត្រូវខ្មាស
ដោយព្រោះទូលបង្គំឡើយ
ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ
សូមកុំឲ្យអស់អ្នកដែលស្វែងរកព្រះអង្គ
ត្រូវបាក់មុខ ដោយព្រោះទូលបង្គំឲ្យសោះ។
7ដ្បិតគឺដោយយល់ដល់ព្រះអង្គហើយ
បានជាទូលបង្គំទ្រាំទ្រពាក្យដំណៀល
ហើយសេចក្ដីអាម៉ាស់បានគ្របមុខទូលបង្គំ។
8ទូលបង្គំបានត្រឡប់ដូចជាអ្នកដទៃ
ចំពោះបងប្អូនទូលបង្គំ
គឺដូចជាសាសន៍ក្រៅចំពោះបងប្អូនពោះមួយ
របស់ទូលបង្គំ។
9៙ ដ្បិតសេចក្ដីឧស្សាហ៍ដល់ដំណាក់ព្រះអង្គ
បានបំផ្លាញទូលបង្គំ
ហើយដំណៀលទាំងប៉ុន្មាន
របស់អស់អ្នកតិះដៀលព្រះអង្គ
បានធ្លាក់មកលើទូលបង្គំ។
10កាលទូលបង្គំយំសោក
ហើយដាក់ចិត្តតមអាហារ
នោះធ្វើឲ្យគេតិះដៀលទូលបង្គំ។
11កាលទូលបង្គំយកសំពត់ធ្មៃ
មកធ្វើជាសម្លៀកបំពាក់
នោះទូលបង្គំត្រឡប់ជាពាក្យ
លេងសើចរបស់គេ។
12អស់អ្នកដែលអង្គុយនៅទ្វារក្រុង
នាំគ្នានិយាយដើមទូលបង្គំ
ហើយមនុស្សប្រមឹក
យករឿងទូលបង្គំទៅធ្វើជាទំនុកច្រៀង។
13៙ ប៉ុន្តែ ឯទូលបង្គំវិញ ឱព្រះយេហូវ៉ាអើយ
ពាក្យអធិស្ឋានរបស់ទូលបង្គំ
គឺតម្រង់ទៅឯព្រះអង្គ។
នៅពេលគាប់ព្រះហឫទ័យ
ឱព្រះអើយ ដោយព្រះហឫទ័យសប្បុរស
ដ៏បរិបូររបស់ព្រះអង្គ
សូមឆ្លើយតបមកទូលបង្គំផង
ដោយការសង្គ្រោះដ៏ស្មោះត្រង់របស់ព្រះអង្គ។
14សូមរំដោះទូលបង្គំឲ្យរួចពីភក់ជ្រាំនេះ
សូមឲ្យទូលបង្គំបានរួចពីខ្មាំងសត្រូវរបស់ទូលបង្គំ
និងពីទឹកដ៏ជ្រៅនេះផង!
15សូមកុំឲ្យជំនន់នេះពន្លិចទូលបង្គំ
ឬទីជម្រៅលេបទូលបង្គំ
ឬរណ្តៅបិទមាត់ គ្របពីលើទូលបង្គំឡើយ។
16៙ ឱព្រះយេហូវ៉ាអើយ
សូមឆ្លើយតបមកទូលបង្គំ
ដ្បិតព្រះហឫទ័យសប្បុរស
របស់ព្រះអង្គល្អណាស់
តាមព្រះហឫទ័យមេត្តាករុណា
ដ៏បរិបូររបស់ព្រះអង្គ
សូមបែរមករកទូលបង្គំផង!
17សូមកុំលាក់ព្រះភក្ត្រពីអ្នកបម្រើ
របស់ព្រះអង្គឡើយ
សូមឆ្លើយមកទូលបង្គំជាប្រញាប់ផង
ដ្បិតទូលបង្គំមានអាសន្នហើយ។
18៙ សូមយាងមកជិតទូលបង្គំ
សូមលោះទូលបង្គំ
ដោយព្រោះខ្មាំងសត្រូវរបស់ទូលបង្គំ
សូមដោះទូលបង្គំឲ្យរួចផង!។
19ព្រះអង្គជ្រាបពាក្យដំណៀលមកលើទូលបង្គំ
ពីសេចក្ដីអាម៉ាស់
និងសេចក្ដីអាប់ឱនរបស់ទូលបង្គំ
ព្រះអង្គស្គាល់បច្ចាមិត្តទាំងប៉ុន្មាន
របស់ទូលបង្គំហើយ។
20ពាក្យដំណៀលបានញាំញីចិត្តទូលបង្គំ
ដល់ម៉្លេះបានជាទូលបង្គំអស់សង្ឃឹម
ទូលបង្គំសង្ឃឹមថានឹងមានគេអាណិត
តែគ្មានសោះ
ក៏ស្វែងរកអ្នកកម្សាន្តចិត្ត តែរកមិនបានឡើយ។
21គេឲ្យថ្នាំពុលមកទូលបង្គំជាអាហារ
ហើយកាលទូលបង្គំស្រេក
គេយកទឹកខ្មេះឲ្យទូលបង្គំផឹក
22៙ សូមឲ្យតុរបស់គេត្រឡប់ជាអន្ទាក់ដល់គេ
ហើយកាលណាគេមានសេចក្ដីសុខ
នោះសូមឲ្យទៅជាអង្គប់ដល់គេវិញ ។
23សូមឲ្យភ្នែករបស់គេទៅជាងងឹត
ដើម្បីកុំឲ្យគេមើលឃើញ
ហើយសូមឲ្យចង្កេះគេញ័ររហូតទៅ។
24សូមចាក់សេចក្ដីក្ដៅក្រហាយ
របស់ព្រះអង្គទៅលើគេ
ហើយសូមឲ្យសេចក្ដីក្រោធ
ដ៏សហ័សរបស់ព្រះអង្គតាមទាន់គេ។
25សូមឲ្យជំរំរបស់គេត្រូវចោលស្ងាត់
កុំឲ្យអ្នកណារស់នៅក្នុងជម្រករបស់គេឡើយ។
26ដ្បិតគេធ្វើទុក្ខបៀតបៀនអ្នក
ដែលព្រះអង្គបានវាយ
ហើយគេតំណាលពីការឈឺចាប់របស់អស់អ្នក
ដែលព្រះអង្គបានវាយឲ្យរបួស។
27សូមដាក់ទោស បន្ថែមលើទោសគេថែមទៀត
សូមព្រះអង្គកុំឲ្យគេរួចខ្លួនឡើយ!
28សូមលុបគេចេញពីបញ្ជីជីវិតទៅ
សូមកុំរាប់ឈ្មោះគេ
ក្នុងចំណោមមនុស្សសុចរិតឡើយ ។
29៙ ឯទូលបង្គំវិញ ទូលបង្គំវេទនា ហើយឈឺចាប់
ឱព្រះអើយ សូមឲ្យការសង្គ្រោះរបស់ព្រះអង្គ
លើកទូលបង្គំដាក់លើទីខ្ពស់ផង!
30៙ ទូលបង្គំនឹងច្រៀងសរសើរព្រះនាមរបស់ព្រះ
ដោយបទចម្រៀង
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ
ដោយការអរព្រះគុណ។
31បែបនេះនឹងគាប់ព្រះហឫទ័យ
ដល់ព្រះយេហូវ៉ា ជាងការថ្វាយគោឈ្មោល
ឬគោឈ្មោលដែលថ្វាយទាំងស្នែង
និងក្រចកទៅទៀត។
32កាលមនុស្សទន់ទាបឃើញ
គេនឹងសប្បាយរីករាយ។
អ្នករាល់គ្នាដែលស្វែងរកព្រះអើយ
ចូរឲ្យចិត្តអ្នករាល់គ្នាស្រស់បស់ឡើង!
33ដ្បិតព្រះយេហូវ៉ា
ព្រះសណ្ដាប់មនុស្សកម្សត់ទុគ៌ត
ហើយមិនមើលងាយប្រជារាស្ត្រព្រះអង្គ
ដែលជាប់ឃុំឃាំងឡើយ។
34សូមឲ្យផ្ទៃមេឃ និងផែនដី
សរសើរតម្កើងព្រះអង្គ
រួមទាំងសមុទ្រ និងអ្វីៗដែលនៅក្នុងនោះ
សរសើរតម្កើងព្រះអង្គដែរ។
35ដ្បិតព្រះនឹងសង្គ្រោះក្រុងស៊ីយ៉ូន
ហើយសង់ក្រុងទាំងឡាយរបស់យូដាឡើង
ប្រជាជននឹងរស់នៅក្នុងស្រុកនោះ
រួចកាន់កាប់ស្រុកនោះជាមត៌ក
36ពូជពង្សរបស់អ្នកបម្រើព្រះអង្គ
នឹងគ្រប់គ្រងស្រុកនោះជាមត៌ក
ហើយអស់អ្នកដែលស្រឡាញ់ព្រះនាមព្រះអង្គ
នឹងរស់នៅក្នុងស្រុកនោះ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 69: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies