ទំនុកតម្កើង 64
64
ពាក្យអធិស្ឋានសូមព្រះការពារឲ្យរួចផុតពីពួកខ្មាំងសត្រូវ
ទំនុករបស់ស្តេចដាវីឌ សម្រាប់មេភ្លេង។
1ឱព្រះអើយ សូមស្តាប់សំឡេងទូលបង្គំ
ដែលទូលបង្គំពោលតម្អូញ
សូមការពារជីវិតទូលបង្គំ
ឲ្យរួចផុតពីការភ័យខ្លាចចំពោះ
ពួកខ្មាំងសត្រូវផង។
2សូមលាក់ទូលបង្គំឲ្យរួចផុតពីផែនការសម្ងាត់
របស់ពួកមនុស្សអាក្រក់
និងពីពពួកមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិត
3ដែលបានសំលៀងអណ្ដាតដូចជាសំលៀងដាវ
ហើយចោលពាក្យសម្ដីដ៏ជូរចត់របស់គេ
ដូចជាព្រួញ
4ដោយលបបាញ់ប្រហារមនុស្សទៀងត្រង់
គេបាញ់អ្នកនោះមិនឲ្យដឹងខ្លួន
ឥតកោតក្រែងអ្វីឡើយ។
5គេជំរុញចិត្តគ្នាក្នុងបំណងអាក្រក់របស់គេ
គេពិគ្រោះគ្នាអំពីការដាក់អន្ទាក់
ដោយស្ងាត់កំបាំង
គេថា «តើអ្នកណាមើលយើង ឃើញ?
6តើអ្នកណាអាចរកឃើញថា
យើងប្រព្រឹត្តអំពើឧក្រិដ្ឋ?
យើងបានរិះរកផែនការយ៉ាងល្អរួចរាល់ហើយ»។
ដ្បិតគំនិតខាងក្នុងចិត្តរបស់មនុស្ស ជ្រៅណាស់!
7ប៉ុន្តែ ព្រះនឹងបាញ់គេដោយព្រួញរបស់ព្រះអង្គ
មិនឲ្យគេដឹងខ្លួន ហើយគេនឹងត្រូវរបួស។
8អណ្ដាតរបស់គេនឹងនាំឲ្យគេវិនាស
អស់អ្នកណាដែលឃើញគេ នឹងគ្រវីក្បាល។
9នោះមនុស្សលោកទាំងអស់នឹងភ័យខ្លាច
គេនឹងប្រកាសប្រាប់ពីកិច្ចការរបស់ព្រះ
ហើយពិចារណាពីកិច្ចការ
ដែលព្រះអង្គបានធ្វើ។
10សូមឲ្យមនុស្សសុចរិតរីករាយក្នុងព្រះយេហូវ៉ា
ហើយពឹងជ្រកក្នុងព្រះអង្គ
សូមអស់អ្នកណាដែលមានចិត្តទៀងត្រង់
លើកតម្កើងព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 64: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies