ទំនុកតម្កើង 58
58
ពាក្យអធិស្ឋានសូមឲ្យព្រះជំនុំជម្រះ
ទំនុករបស់ស្តេចដាវីឌ សម្រាប់មេភ្លេង។ តាមបទ «សូមកុំបំផ្លាញ»។
1អ្នករាល់គ្នាជាព្រះអើយ
តើអ្នករាល់គ្នាពិតជាសម្រេច
សេចក្ដីដែលត្រឹមត្រូវឬទេ?
តើអ្នករាល់គ្នាកាត់ក្ដីឲ្យពួកកូនមនុស្ស
ដោយទៀតត្រង់ឬទេ?
2ទេ! ក្នុងចិត្តអ្នករាល់គ្នាបង្កើតរឿងអយុត្តិធម៌
ដៃអ្នករាល់គ្នាប្រព្រឹត្តអំពើឃោរឃៅ
នៅលើផែនដី។
3មនុស្សអាក្រក់វង្វេងតាំងពីក្នុងផ្ទៃម្តាយ
គេវង្វេងតាំងពីកំណើត
ហើយពោលពាក្យភូតភរ។
4គេមានពិស ដូចជាពិសពស់វែក
ដូចជាពស់វែកតម្លង់ដែលខ្ទប់ត្រចៀក
5ដើម្បីកុំឲ្យសំឡេងរបស់គ្រូអាយលម្ពាយ
ទោះបើគ្រូនោះប៉ិនប្រសប់យ៉ាងណាក៏ដោយ។
6ឱព្រះអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់គេ
ឱព្រះយេហូវ៉ាអើយ
សូមកាច់ចង្កូមពួកសិង្ហស្ទាវទាំងនោះទៅ!
7សូមឲ្យគេរលាយដូចជាទឹកហូរទៅបាត់
កាលណាគេតម្រង់ព្រួញរបស់គេ
សូមឲ្យព្រួញទាំងនោះបាក់បែកទៅ។
8សូមឲ្យគេបានដូចជាខ្យងក្ដក់
ដែលរលាយទៅជាភក់
ដូចជាកូនរលូតដែលមិនឃើញពន្លឺថ្ងៃ។
9មុននឹងភ្លើងបន្លាឆេះក្ដៅដល់ឆ្នាំង
សូមព្រះអង្គផាត់យកគេ
ទាំងក្មេងទាំងចាស់ចេញទៅ!
10មនុស្សសុចរិតនឹងត្រេកអរ
ដោយឃើញសេចក្ដីសងសឹក
គេនឹងលាងជើងក្នុងឈាមរបស់មនុស្សអាក្រក់។
11មនុស្សនឹងពោលថា ប្រាកដជាមានរង្វាន់
សម្រាប់មនុស្សសុចរិតមែន
ប្រាកដជាមានព្រះមួយព្រះអង្គ
ដែលជំនុំជម្រះនៅលើផែនដីមែន។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 58: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies