ទំនុកតម្កើង 57
57
ការសរសើរតម្កើង និងការធានាអះអាងពេលមានការបៀតបៀន
ទំនុករបស់ស្តេចដាវីឌ សម្រាប់មេភ្លេង។ តាមបទ «សូមកុំបំផ្លាញ» នៅគ្រាដែលព្រះអង្គរត់ពីស្តេចសូលទៅនៅក្នុងរូងថ្ម។
1សូមអាណិតមេត្តាទូលបង្គំ ឱព្រះអើយ
សូមអាណិតមេត្តាទូលបង្គំផង
ដ្បិតព្រលឹងទូលបង្គំពឹងជ្រកក្នុងព្រះអង្គ
ទូលបង្គំពឹងជ្រកនៅក្រោមម្លប់
នៃស្លាបរបស់ព្រះអង្គ
រហូតទាល់តែព្យុះនៃសេចក្ដីអន្តរាយទាំងនេះ
បានទៅបាត់។
2ទូលបង្គំនឹងស្រែករកព្រះដ៏ខ្ពស់បំផុត
គឺរកព្រះដែលសម្រេចគោលបំណង
របស់ព្រះអង្គដល់ទូលបង្គំ។
3ព្រះអង្គនឹងប្រទានការសង្គ្រោះមកខ្ញុំពីស្ថានសួគ៌
ព្រះអង្គនឹងធ្វើឲ្យអស់អ្នកដែលជាន់ឈ្លីទូលបង្គំ
ត្រូវអាម៉ាស់។
–បង្អង់
ព្រះនឹងចាត់ព្រះហឫទ័យសប្បុរស
និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គមក!
4៙ ព្រលឹងទូលបង្គំនៅកណ្ដាលហ្វូងសិង្ហ
ទូលបង្គំដេកនៅកណ្ដាលអស់អ្នក
ដែលចង់លេបត្របាក់ទូលបង្គំ
ជាមនុស្សដែលមានធ្មេញជាលំពែង និងព្រួញ
ជាអ្នកដែលមានអណ្ដាតជាដាវយ៉ាងមុត។
5ឱព្រះអើយ សូមឲ្យព្រះអង្គបានថ្កើងឡើង
ខ្ពស់ជាងផ្ទៃមេឃ
សូមឲ្យសិរីល្អរបស់ព្រះអង្គ
គ្របដណ្ដប់លើផែនដីទាំងមូល។
6៙ គេបានដាក់អន្ទាក់ដើម្បីទាក់ជើងទូលបង្គំ
ព្រលឹងទូលបង្គំបានស្រុតចុះ។
គេបានជីករណ្តៅនៅពីមុខទូលបង្គំ
តែខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅនោះវិញ។
–បង្អង់
7ទូលបង្គំបានតាំងចិត្តជាស្រេច ឱព្រះអើយ
ចិត្តទូលបង្គំបានតាំងជាស្រេចហើយ
ទូលបង្គំនឹងច្រៀង
ហើយទូលបង្គំនឹងស្មូត្រជាទំនុក!
8ឱព្រលឹងខ្ញុំអើយ ចូរភ្ញាក់ឡើង
ឱពិណ និងស៊ុងរបស់ខ្ញុំអើយ
ចូរភ្ញាក់ឡើង
ខ្ញុំនឹងដាស់អរុណឲ្យរះឡើង!
9ឱព្រះអម្ចាស់អើយ
ទូលបង្គំនឹងអរព្រះគុណព្រះអង្គ
ក្នុងចំណោមប្រជាជនទាំងឡាយ
ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ
នៅកណ្ដាលប្រជាជាតិនានា។
10ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ខ្ពស់ដល់ស្ថានសួគ៌
ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
ខ្ពស់ដល់អាកាសវេហាស៍។
11ឱព្រះអើយ សូមឲ្យព្រះអង្គបានថ្កើងឡើង
ខ្ពស់ជាងផ្ទៃមេឃ
សូមឲ្យសិរីល្អរបស់ព្រះអង្គ
គ្របដណ្ដប់លើផែនដីទាំងមូល។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 57: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies