ទំនុកតម្កើង 52

52
ការ​ជំនុំ​ជម្រះ​មក​លើ​មនុស្ស​ទុច្ចរិត
ទំនុក​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង នៅ​គ្រា​ដែល​ដូអេក ជា​សាសន៍​អេដុម មក​ទូល​ស្តេច​សូល​ថា ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​អ័ហ៊ី‌ម៉ាឡេក។
1ឱ​មនុស្ស​ខ្លាំង​ពូកែ​អើយ
ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ពី​អំពើ​អាក្រក់​ដូច្នេះ?
ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។
2អណ្ដាត​អ្នក​បង្កើត​ជា​សេចក្ដីវិនាស
អ្នកប្រសប់​ខាង​បោកបញ្ឆោត
ប្រៀប​ដូច​ជា​កាំបិត​កោរ​យ៉ាង​មុត។
3អ្នក​ស្រឡាញ់​ការ​អាក្រក់ ជាង​ការ​ល្អ
ហើយ​ចូល​ចិត្ត​ភូត‌ភរ
ជាង​និយាយ​ការ​ពិត។ –បង្អង់
4៙ ឱ​អណ្ដាត​បោក​បញ្ឆោត​អើយ
អ្នក​ស្រឡាញ់​អស់​ទាំងពាក្យ​ដែល​នាំ​ឲ្យ​វិនាស។
5ប៉ុន្តែ ព្រះ​នឹង​បំផ្លាញ​អ្នក​រហូត​តទៅ
ព្រះ‌អង្គ​នឹង​ចាប់​យក​អ្នក​ទៅ
ហើយ​កន្ត្រាក់​អ្នក​ចេញ​ពី​ជំរំ
ព្រះ‌អង្គ​នឹង​ដក​អ្នក​ចេញ​ពីទឹក​ដី
របស់​មនុស្ស​រស់​នេះ។
–បង្អង់
6៙ មនុស្ស​សុចរិត​នឹង​ឃើញ ហើយ​កោត​ខ្លាច
គេ​នឹង​សើច​ចំអក​អ្នកប្រព្រឹត្ត​អំពើ​អាក្រក់​នោះ
ដោយ​ពាក្យ​ថា
7«មើល៍ នេះ​នែ៎​អ្នក​ដែល​មិន​បាន​យក​ព្រះ​ជា​ទី​ពឹង
គឺ​បាន​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ
ដ៏​ស្ដុក​ស្ដម​របស់ខ្លួន
ហើយ​ស្មាន​ថា​ខ្លួន​ខ្លាំង​ពូកែ
ដោយ​អំពើ​អាក្រក់!»។
8ឯ​ខ្ញុំ​វិញ ខ្ញុំ​ដូច​ជា​ដើម​អូលីវ​ខៀវ​ខ្ចី
នៅ​ក្នុង​ដំណាក់​របស់​ព្រះ
ខ្ញុំ​ទុក​ចិត្ត​នឹង​ព្រះ‌ហឫ‌ទ័យ​សប្បុរស
របស់​ព្រះ​ជា​រៀង​រហូត​តទៅ។
9ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ជានិច្ច
ដោយ​ព្រោះ​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ
ទូល‌បង្គំ​នឹង​សង្ឃឹម​ដល់​ព្រះ‌នាម​ព្រះ‌អង្គ
ដ្បិត​ព្រះ‌នាម​ព្រះ‌អង្គ​ល្អ​វិសេស
នៅ​ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 52: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល