ទំនុកតម្កើង 31:9-16

ទំនុកតម្កើង 31:9-16 គកស១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ ភ្នែក​ទូល‌បង្គំ​ចុះ​ខ្សោយ​ដោយ​សោយ​សោក ព្រលឹង និង​រូប​កាយ​ទូល‌បង្គំ​ក៏​ខ្សោយ​ដែរ។ ដ្បិត​ជីវិត​ទូល‌បង្គំ​នឹង​ផុត​ទៅ​ដោយ​ទុក្ខ​ព្រួយ ហើយ​ឆ្នាំ​នៃ​អាយុ​ទូល‌បង្គំ ថយ​ទៅ​ដោយ​ស្រែក​ថ្ងូរ កម្លាំង​ទូល‌បង្គំ​ចុះ​ខ្សោយ ព្រោះ​តែ​អំពើ​បាប របស់​ទូល‌បង្គំ ហើយ​ឆ្អឹង​ទូល‌បង្គំ​ក៏​ខ្សោះ​ទៅ​ដែរ។ ដោយ​ព្រោះ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មានរបស់​ទូល‌បង្គំ ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទីត្មះតិះ​ដៀល ជា​ពិសេស ចំពោះ​អ្នក​ជិត​ខាង​របស់​ទូល‌បង្គំ ហើយ​ជា​ហេតុ​គួរ​ខ្លាច​ដល់​ពួកអ្នក ដែល​ស្គាល់​ទូល‌បង្គំ អស់​អ្នក​ដែល​ឃើញ​ទូល‌បង្គំ​នៅ​តាម​ផ្លូវ គេ​គេច​មុខ​ពី​ទូល‌បង្គំ។ គេ​បាន​ភ្លេច​ទូល‌បង្គំ ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់ ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​ឆ្នាំង​កំបែក។ ដ្បិត​ទូល‌បង្គំ​បាន​ឮ​ពាក្យ​មួល​បង្កាច់ របស់​មនុស្ស​ជា​ច្រើន ការ​ភ័យ​ខ្លាច​មក​ពី​គ្រប់ជ្រុង​ទាំង​អស់ គេ​ឃុត​ឃិត​គ្នា​ទាស់​នឹង​ទូល‌បង្គំ គេគ្រោង​នឹង​ដក​ជីវិត​ទូល‌បង្គំ។ តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ទូល‌បង្គំ​ពោល​ថា «ព្រះ‌អង្គ​ជា​ព្រះ​របស់​ទូល‌បង្គំ»។ អាយុ​ជីវិត​របស់​ទូល‌បង្គំ ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ សូម​រំដោះ​ទូល‌បង្គំ ចេញ​ពី​កណ្ដាប់​ដៃ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និង​ពី​អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ​ផង! សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ភ្លឺ​មក​លើ​អ្នក​បម្រើ​ព្រះ‌អង្គ សូម​សង្គ្រោះ​ទូល‌បង្គំ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ!