ទំនុកតម្កើង 30

30
ពាក្យ​អធិស្ឋាន​អរ​ព្រះ​គុណសម្រាប់​ការ​ប្រោស​ឲ្យ​ជា​ពី​ជំងឺ​ដុន​ដាប
ទំនុកតម្កើង។ បទ​សម្រាប់​ច្រៀង​នៅ​ពេល​ឆ្លង​ព្រះ‌វិហារ។ ទំនុក​របស់​ស្តេច​ដាវីឌ។
1ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​លើក​តម្កើង​ព្រះ‌អង្គ
ដ្បិត​ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ​ឡើង
ហើយពុំ​បាន​ទុក​ឲ្យ​ខ្មាំង​សត្រូវ​មាន​អំណរ
ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ។
2ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​បាន​ស្រែក​រក​ព្រះ‌អង្គ
ហើយព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ជា។
3ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​បានស្រង់​ព្រលឹង​ទូល‌បង្គំ
ចេញ​ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​រស់​ឡើង​វិញ
ចេញ​ពី​ចំណោម​អស់​អ្នក
ដែល​ធ្លាក់​ចុះ​ទៅ​ក្នុង​រណ្តៅ។
4ឱ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​អើយ
ចូរ​ច្រៀង​សរសើរ​ព្រះ‌យេហូវ៉ា
ចូរ​អរ​ព្រះ‌គុណដល់​ព្រះ‌នាម​បរិសុទ្ធ
របស់​ព្រះ‌អង្គ។
5ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
នៅ​តែ​មួយ​ភ្លែត​ទេ
តែ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​វិញ
នៅ​អស់​មួយ​ជីវិត។
ទឹក​ភ្នែក​អាច​នៅ​ជាប់​អស់​មួយ​យប់​បាន
តែ​ព្រឹក​ឡើង​នឹង​មាន​អំណរ​ឡើង​វិញ។
6រីឯ​ទូល‌បង្គំ ទូល‌បង្គំ​បាន​ពោល
ក្នុង​គ្រា​ចម្រុង​ចម្រើន
របស់​ទូល‌បង្គំ​ថា
«ទូល‌បង្គំ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ»។
7ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ភ្នំរបស់​ទូល‌បង្គំ
ឈរ​យ៉ាង​រឹង​មាំ
ដោយ​ព្រះ‌គុណ​ព្រះ‌អង្គ
កាល​ព្រះ‌អង្គ​បាន​លាក់​ព្រះ​ភក្ត្រ​ទៅ
នោះ​ទូល‌បង្គំ​មាន​ចិត្ត​តក់‌ស្លុតជា​ខ្លាំង។
8ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូល‌បង្គំ​បាន​ស្រែករក​ព្រះ‌អង្គ
គឺ​ទូល‌បង្គំ​បាន​ទូល‌អង្វរ​ព្រះ‌យេហូវ៉ា​ថា
9«តើ​មាន​ប្រយោជន៍​អ្វី បើ​ទូល‌បង្គំ​ស្លាប់
ហើយ​ចុះ​ទៅ​ក្នុង​រណ្តៅ​នោះ?
តើ​ធូលី​អាច​សរសើរ​ព្រះ‌អង្គ​កើត​ឬ?
តើ​គេ​អាច​ថ្លែង​រៀប​រាប់​ពី​ព្រះ‌ហឫ‌ទ័យ
ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​កើត​ឬ?
10ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់
ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ
ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​ធ្វើ​ជា​អ្នក​ជំនួយ​ដល់​ទូល‌បង្គំ​ផង!»
11ព្រះ‌អង្គ​បាន​ផ្លាស់​ការ​យំ​សោក​របស់​ទូល‌បង្គំ
ឲ្យ​ទៅ​ជា​ការ​លោត​កញ្ឆេង
ព្រះ‌អង្គ​បានយក​សម្លៀក​បំពាក់​កាន់​ទុក្ខ​ចេញ
ហើយ​បំពាក់​ឲ្យ​ទូល‌បង្គំ​ដោយចិត្ត​ត្រេក​អរ​វិញ
12ដើម្បី​ឲ្យ​ព្រលឹង ទូល‌បង្គំ
បាន​ច្រៀង​សរសើរតម្កើង​ព្រះ‌អង្គ
ឥត​នៅ​ស្ងៀម​ឡើយ
ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណព្រះ‌អង្គ​ជា​រៀង​រហូត។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 30: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ