ទំនុកតម្កើង 22
22
ពាក្យទូលអង្វរនៅពេលឈឺចាប់ និងមានសត្រូវធ្វើទុក្ខ
ទំនុករបស់ស្តេចដាវីឌ សម្រាប់មេភ្លេង ត្រូវលេងតាមបទ «ក្តាន់ញីពេលព្រលឹម»។
1ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ
ហេតុអ្វីបានជាព្រះអង្គ
បោះបង់ចោលទូលបង្គំ?
ហេតុអ្វីបានជាព្រះអង្គគង់ឆ្ងាយមិនជួយទូលបង្គំ
ឬស្តាប់ពាក្យស្រែកថ្ងូររបស់ទូលបង្គំដូច្នេះ?
2ឱព្រះនៃទូលបង្គំអើយ
ទូលបង្គំស្រែកអំពាវនាវនៅពេលថ្ងៃ
តែព្រះអង្គមិនឆ្លើយតបទេ
ក៏ស្រែកនៅពេលយប់ដែរ
តែមិនបានស្រាកស្រាន្តឡើយ។
3ប៉ុន្តែ ឱព្រះដែលថ្កើងឡើង
នៅលើពាក្យសរសើររបស់
អ៊ីស្រាអែលអើយ ព្រះអង្គបរិសុទ្ធ។
4បុព្វបុរសរបស់យើងខ្ញុំបានទុកចិត្តដល់ព្រះអង្គ
ពួកលោកបានទុកចិត្ត
ហើយព្រះអង្គបានរំដោះពួកលោក។
5ពួកលោកបានអំពាវនាវរកព្រះអង្គ
ហើយក៏បានរួច
ពួកលោកបានទុកចិត្តដល់ព្រះអង្គ
ហើយមិនត្រូវខ្មាសឡើយ។
6ឯទូលបង្គំវិញ ទូលបង្គំជាដង្កូវ
មិនមែនជាមនុស្សទេ
ត្រូវមនុស្សត្មះតិះដៀល
ហើយប្រជាជនស្អប់ខ្ពើម។
7អស់អ្នកដែលឃើញទូលបង្គំ ចំអកឲ្យទូលបង្គំ
គេពេបជ្រាយដាក់ទូលបង្គំ
ហើយគេគ្រវីក្បាល ដោយពោលថា
8«វាទុកចិត្តនឹងព្រះយេហូវ៉ា
ឲ្យព្រះអង្គរំដោះវាទៅ
ឲ្យព្រះអង្គសង្គ្រោះវាទៅ
ដ្បិតព្រះអង្គគាប់ចិត្តនឹងវា!»
9៙ ប៉ុន្តែ គឺព្រះអង្គដែលបានយកទូលបង្គំ
ចេញពីផ្ទៃម្តាយមក
ព្រះអង្គបានធ្វើឲ្យទូលបង្គំទុកចិត្តព្រះអង្គ
តាំងពីទូលបង្គំនៅបៅដោះម្តាយនៅឡើយ។
10ព្រះអង្គឃុំគ្រងទូលបង្គំតាំងពីផ្ទៃម្ដាយ
ព្រះអង្គជាព្រះរបស់ទូលបង្គំ
តាំងពីម្ដាយសម្រាលទូលបង្គំមក។
11សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ
ដ្បិតសេចក្ដីទុក្ខមកជិតហើយ
គ្មានអ្នកណាជួយទូលបង្គំទេ។
12៙ គោឈ្មោលជាច្រើនបានឡោមព័ទ្ធទូលបង្គំ
គឺគោឈ្មោលខ្លាំងៗពីស្រុកបាសាន
នៅជុំវិញទូលបង្គំ។
13គេហាមាត់ធំដាក់ទូលបង្គំ
ដូចជាសិង្ហដែលគ្រហឹមបម្រុងនឹងហែកស៊ី។
14៙ ទូលបង្គំត្រូវច្រួចចេញដូចជាទឹក
ហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នា
ចិត្តទូលបង្គំប្រៀបដូចជាក្រមួន
ដែលរលាយនៅក្នុងខ្លួន
15កម្លាំងទូលបង្គំស្ងួត ដូចអំបែងឆ្នាំង
អណ្ដាតទូលបង្គំជាប់នៅក្រអូមមាត់
ព្រះអង្គដាក់ទូលបង្គំ
ចុះទៅក្នុងធូលីនៃសេចក្ដីស្លាប់។
16ដ្បិតមានពួកឆ្កែឡោមព័ទ្ធទូលបង្គំជុំវិញ
មនុស្សអាក្រក់មួយហ្វូង
ដើរក្រវែលជុំវិញទូលបង្គំ
គេបានចាក់ទម្លុះដៃជើងទូលបង្គំ
17ទូលបង្គំអាចរាប់ឆ្អឹងជំនីរ
របស់ទូលបង្គំបានទាំងអស់
គេសម្លក់សម្លឹងមកទូលបង្គំ
18គេយកសម្លៀកបំពាក់ទូលបង្គំចែកគ្នា
ហើយគេនាំគ្នាចាប់ឆ្នោត
យកអាវវែងរបស់ទូលបង្គំ ។
19៙ ឱព្រះយេហូវ៉ាអើយ
សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ
ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ
សូមយាងមកជួយទូលបង្គំជាប្រញាប់ផង!
20សូមរំដោះព្រលឹងទូលបង្គំឲ្យរួចពីដាវ
និងជីវិតទូលបង្គំឲ្យរួចពីអំណាចឆ្កែទាំងនេះ!
21សូមសង្គ្រោះទូលបង្គំឲ្យរួចពីមាត់សិង្ហ
អើ ព្រះអង្គបានសង្គ្រោះទូលបង្គំ
ឲ្យរួចពីស្នែងគោព្រៃ!
ដ្បិតព្រះអង្គបានឆ្លើយមកទូលបង្គំហើយ ។
22៙ ទូលបង្គំនឹងប្រកាសអំពីព្រះនាមព្រះអង្គ
ដល់ពួកបងប្អូន
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
នៅកណ្ដាលក្រុមជំនុំ ។
23អ្នករាល់គ្នាដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយ
ចូរសរសើរតម្កើងព្រះអង្គ!
អ្នកទាំងអស់គ្នាដែលជាពូជពង្សយ៉ាកុបអើយ
ចូរលើកតម្កើងព្រះអង្គ
អ្នកទាំងអស់គ្នា
ដែលជាពូជពង្សអ៊ីស្រាអែលអើយ
ចូរស្ញប់ស្ញែងនៅចំពោះព្រះអង្គចុះ!
24ដ្បិតព្រះអង្គមិនបានមើលងាយ ឬស្អប់ខ្ពើម
មនុស្សទុគ៌តមានទុក្ខវេទនាឡើយ
ក៏មិនបានលាក់ព្រះភក្ត្រនឹងគេដែរ
កាលអ្នកនោះបានអំពាវនាវរកព្រះអង្គ
ព្រះអង្គទ្រង់ព្រះសណ្ដាប់។
25៙ ព្រះអង្គជាដើមហេតុ
ដែលនាំឲ្យទូលបង្គំសរសើរ
នៅក្នុងក្រុមជំនុំដ៏ធំ
ទូលបង្គំនឹងលាបំណន់នៅចំពោះមុខ
អស់អ្នកដែលកោតខ្លាចព្រះអង្គ។
26មនុស្សទន់ទាបនឹងបានបរិភោគឆ្អែត
អស់អ្នកដែលស្វែងរកព្រះយេហូវ៉ា
នឹងសរសើរតម្កើងព្រះអង្គ
សូមឲ្យចិត្តអ្នករាល់គ្នារស់នៅជាដរាប!
27៙ សូមឲ្យមនុស្សទាំងអស់នៅលើផែនដី
ទទួលស្គាល់ព្រះយេហូវ៉ា
ហើយងាកបែរមករកព្រះអង្គ
សូមឲ្យមនុស្សគ្រប់សាសន៍ទាំងអស់
ថ្វាយបង្គំព្រះអង្គ។
28ដ្បិតអំណាចគ្រប់គ្រងជារបស់ព្រះយេហូវ៉ា
ហើយព្រះអង្គគ្រប់គ្រងលើជាតិសាសន៍នានា។
29៙ អស់អ្នកដែលមានចិត្តស្កប់ស្កល់
នៅលើផែនដី
នឹងបរិភោគ ហើយថ្វាយបង្គំ
អស់អ្នកដែលចុះទៅក្នុងធូលី
ព្រមទាំងអ្នកដែលមិនអាចរក្សាជីវិតខ្លួន
ក៏នឹងក្រាបនៅចំពោះព្រះអង្គដែរ។
30នឹងមានពូជពង្សមួយគោរពប្រតិបត្តិ
ដល់ព្រះអង្គ
គេនឹងថ្លែងប្រាប់អំពីព្រះអម្ចាស់
ដល់មនុស្សជំនាន់ក្រោយ
31គេនឹងមក ហើយប្រកាសអំពី
សេចក្ដីសុចរិតរបស់ព្រះអង្គ
ប្រាប់មនុស្សមួយពួក
ដែលមិនទាន់កើតមកនៅឡើយថា
គឺព្រះអង្គហើយដែលបានធ្វើការនោះ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 22: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies