ទំនុកតម្កើង 139:16-24

ទំនុកតម្កើង 139:16-24 គកស១៦

ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ បាន​ឃើញ​ធាតុ​នៃ​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ។ គ្រប់​ទាំង​អស់​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​បញ្ជី​របស់​ព្រះ‌អង្គ គឺ​អស់​ទាំង​ថ្ងៃ​អាយុ​ដែល​បាន​តម្រូវ ឲ្យ​ទូល‌បង្គំ​រស់​នៅ មុន​នឹង​មាន​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។ ឱ​ព្រះ​អើយ ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ មាន​តម្លៃ​វិសេសដល់​ទូល‌បង្គំ​ណាស់​ហ្ន៎ គឺ​មាន​ច្រើន​ឥត​គណនា! ប្រសិន‌បើ​ទូល‌បង្គំ​ខំ​ប្រឹង​រាប់ នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង នោះ​ទូល‌បង្គំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដដែល។ ៙ ឱ​ព្រះ​អើយ សូម​ទ្រង់​ប្រហារ​មនុស្ស​អាក្រក់​ទៅ! ឱ​មនុស្ស​កម្ចាយ​ឈាម​អើយ ចូរ​ថយ​ចេញ​ពីខ្ញុំ​ទៅ! គេ​ពោល​ពាក្យ​អាក្រក់​ទាស់​នឹង​ព្រះ‌អង្គ ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ចេញ​ព្រះ‌នាម ព្រះ‌អង្គ​ជា​អសារ​ឥត​ការ! ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ទូល‌បង្គំ​មិន​បាន​ស្អប់​អស់​អ្នក ដែល​ស្អប់​ព្រះ‌អង្គ​ទេ​ឬ? តើ​ទូល‌បង្គំ​មិន​បាន​ខ្ពើម​អស់​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌អង្គ​ទេ​ឬ? ទូល‌បង្គំ​ស្អប់​អ្នក​ទាំង​នោះ​ពេញ​ទី​ហើយ ទូល‌បង្គំ​ចាត់​ទុក​ពួក​គេ​ជា​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ។ ឱ​ព្រះ​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​ស្គាល់​ចិត្ត​ទូល‌បង្គំ​ផង! សូម​ល្បង​មើល​ទូល‌បង្គំ ដើម្បី​ឲ្យ​ស្គាល់​គំនិត​ទូល‌បង្គំ។ សូម​ទត​មើល ប្រសិន‌បើ​មាន​អំពើ​អាក្រក់​ណា នៅ​ក្នុង​ទូល‌បង្គំ ហើយ​នាំ​ទូល‌បង្គំ តាម​ផ្លូវ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​ផង។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 139:16-24