ទំនុកតម្កើង 116

116
ពាក្យ​អរ​ព្រះ​គុណសម្រាប់​ការ​ប្រោស​ឲ្យ​ជា
1ខ្ញុំ​ស្រឡាញ់​ព្រះ‌យេហូវ៉ា
ព្រោះ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង​ខ្ញុំ
និង​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ។
2ដោយ​ព្រោះ​ព្រះ‌អង្គ​បាន​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ខ្ញុំ
ដូច្នេះ ខ្ញុំ​នឹង​អំពាវ‌នាវ​រក​ព្រះ‌អង្គ​អស់​មួយ​ជីវិត។
3អន្ទាក់​នៃ​សេចក្ដី​ស្លាប់​បាន​រុំ​ព័ទ្ធ​ខ្ញុំ
ការ​ឈឺ​ចាប់​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
បានរឹត​រួត​ខ្ញុំ ខ្ញុំ​រង​ទុក្ខ​វេទនា ហើយ​ថប់​បារម្ភ។
4ពេលនោះ ខ្ញុំ​បាន​អំពាវ‌នាវ
ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ថា៖
«ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​អង្វរ
សូម​រំដោះ​ព្រលឹង​ទូល‌បង្គំ​ផង!»
5៙ ព្រះ‌យេហូវ៉ា​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ
ប្រណី​សន្ដោស ហើយ​សុចរិត
ព្រះ​នៃ​យើង​ប្រកប​ដោយ
ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា។
6ព្រះ‌យេហូវ៉ា​ជួយ​ការពារ​មនុស្ស​ឆោត​ល្ងង់
កាល​ខ្ញុំ​ត្រូវ​គេ​បន្ទាប‌បន្ថោក
ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ។
7ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ត្រឡប់​ទៅ​រក
ទី​សម្រាក​របស់​ខ្លួន​វិញ​ទៅ
ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រព្រឹត្ត​នឹង​អ្នក
ដោយ​ព្រះ​គុណ​ហើយ។
8៙ ដ្បិតព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់
ជូត​ទឹក​ភ្នែកឲ្យ​ខ្ញុំ
ហើយ​ការ​ពារ​ជើង​ខ្ញុំ​មិន​ឲ្យជំពប់​ដួល។
9ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា
នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​រស់។
10ខ្ញុំ​បាន​ជឿ ទោះ​ជា​ពេល​ដែល​ខ្ញុំ​ពោល​ថា៖
«ខ្ញុំ​មាន​ទុក្ខ​ព្រួយ​ខ្លាំង​ណាស់»។
11ខ្ញុំ​បាន​ពោលទាំង​ប្រញាប់​ប្រញាល់​ថា
«មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ភូត​កុហក»។
12៙ តើ​ខ្ញុំ​នឹង​តប​ស្នង​អ្វី​ដល់​ព្រះ‌យេហូវ៉ា
ចំពោះ​អស់​ទាំង​ព្រះ‌គុណ
ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ?
13ខ្ញុំ​នឹង​លើក​ពែង​នៃ​ការ​សង្គ្រោះ​ឡើង
ហើយ​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា
14ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ា
នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​ប៉ុន្មាន
របស់​ព្រះ‌អង្គ។
15ការ​ស្លាប់​របស់​ពួក​អ្នក​បរិសុទ្ធ​នៃ​ព្រះ‌យេហូវ៉ា
មាន​តម្លៃ​វិសេស​ណាស់
នៅចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ ។
16ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
កូន​របស់​ស្ត្រី​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។
ព្រះ‌អង្គ​បាន​ស្រាយ​ចំណង​របស់​ទូល‌បង្គំ​ហើយ។
17ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញបូជា
នៃ​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ
ហើយ​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។
18ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ា
នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ
19នៅ​ក្នុង​ព្រះ‌លាន​នៃ​ព្រះ​ដំណាក់
របស់​ព្រះ‌យេហូវ៉ា
នៅ​កណ្ដាល​អ្នក ឱ​ក្រុង​យេរូ‌សាឡិម​អើយ។
ហាលេលូយ៉ា !

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 116: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល