ទំនុកតម្កើង 108

108
ការ​សរសើរ​តម្កើង និង​ការ​អធិស្ឋាន​សុំ​ឲ្យ​មាន​ជ័យ​ជម្នះ
បទ​ចម្រៀង ជា​ទំនុក​របស់​ស្តេច​ដាវីឌ។
1ឱ​ព្រះ‌អង្គ​អើយ
ចិត្ត​ទូល‌បង្គំ​បាន​តាំង​នៅ​មាំ​ហើយ
ទូល‌បង្គំ​នឹង​ច្រៀង ទូល‌បង្គំ​នឹង​ស្មូត្រ​ជា​ទំនុក
ដោយ‌សារ​កិត្តិយស​របស់​ទូល‌បង្គំ​ដែរ
2ឱ​ពិណ និង​ស៊ុង​អើយ ចូរ​ភ្ញាក់​ឡើង!
ខ្ញុំ​នឹង​ដាស់​អរុណ​ឲ្យ​រះ​ឡើង!
3ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូល‌បង្គំ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ
ក្នុង​ចំណោម​ប្រជាជន​ទាំង‌ឡាយ
ទូល‌បង្គំ​នឹង​ច្រៀង​សរសើរព្រះ‌អង្គ
ក្នុង​ចំណោម​ជាតិ​សាសន៍​នានា។
4ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ធំ​ខ្ពស់​ជាង​ផ្ទៃ​មេឃ
ហើយ​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ
ក៏​ខ្ពស់​ដល់​ពពក​ដែរ។
5ឱ​ព្រះ​អើយ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង
ខ្ពស់​ជាង​ផ្ទៃ​មេឃ
សូម​ឲ្យ​សិរី‌ល្អ​របស់​ព្រះ‌អង្គ
គ្រប​ដណ្ដប់​លើ​ផែនដី​ទាំង​មូល!
6ដើម្បី​ឲ្យ​ពួក​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ​បាន​រួច
សូម​សង្គ្រោះ​ដោយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ
ហើយ​ឆ្លើយ​តបទូល‌បង្គំ​ផង!
7ព្រះ​បាន​សន្យា​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ថា៖
«យើង​នឹង​បែង‌ចែក​ស្រុក​ស៊ីគែម​ដោយ​អំណរ
ហើយ​វាស់​ជ្រលង​ភ្នំ​ស៊ូកូថ។
8កាឡាត​ជា​ទឹក​ដី​របស់​យើង
ម៉ាណា‌សេ​ជា​ទឹក​ដី​របស់​យើង
អេប្រាអិម​ជាមួក​ដែករបស់​យើង
យូដា​ជា​ដំបង​រាជ្យ​របស់​យើង។
9ស្រុក​ម៉ូអាប់​ជា​អាង​លាង​សម្អាត​របស់​យើង
ហើយ​យើង​បោះ​ស្បែក​ជើង​ទៅ​លើ​ស្រុក​អេដុម
យើង​នឹង​ស្រែក​ប្រកាស​ជ័យ​ជម្នះ
ពី​លើ​ស្រុក​ភីលី‌ស្ទីន»។
10តើ​អ្នក​ណា​នឹង​នាំ​ទូល‌បង្គំ
ចូល​ទៅ​ក្នុង​ទី​ក្រុង​មាំ‌មួន​បាន?
តើ​អ្នក​ណា​នឹង​នាំ​ទូល‌បង្គំ​ចូល​ទៅ​ស្រុក​អេដុម?
11ឱ​ព្រះ​អើយ តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ
ដែល​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ?
ឱ​ព្រះ​អើយ ព្រះ‌អង្គ​មិន​យាង​ចេញ​ទៅ​ជា​មួយ
កង‌ទ័ព​របស់​យើង​ខ្ញុំ​ទៀត​ឡើយ។
12ឱ​សូម​ប្រោស​ប្រទាន​ជំនួយ​ឲ្យ​យើង​ខ្ញុំ
ទាស់​នឹង​ពួក​សត្រូវ​ផង
ដ្បិត​ជំនួយ​របស់​មនុស្ស​ឥត​ប្រយោជន៍​ទេ។
13ដោយ​ព្រះ​ចេស្ដា​របស់​ព្រះ
យើង​ខ្ញុំ​នឹង​តស៊ូ​យ៉ាង​រឹង‌ប៉ឹង
គឺ​ព្រះ‌អង្គ​ហើយ ដែល​នឹង​ជាន់​ឈ្លី
ពួក​សត្រូវ​យើង​ខ្ញុំ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 108: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ