ទំនុកតម្កើង 103:6-13

ទំនុកតម្កើង 103:6-13 គកស១៦

៙ ព្រះ‌យេហូវ៉ា​សម្រេច​កិច្ច‌ការ​ដ៏​សុចរិត និង​យុត្តិ‌ធម៌ សម្រាប់​អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យលោក​ម៉ូសេ ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល​ស្គាល់​កិច្ច‌ការ របស់​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​ប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា និង​ប្រណី​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដ៏​បរិបូរ។ ព្រះ‌អង្គ​នឹង​មិន​បន្ទោសជានិច្ច ក៏​មិន​ប្រកាន់​រហូត​ដែរ។ ព្រះ‌អង្គ​មិន​ប្រព្រឹត្ត​នឹង​យើង តាម​តែ​អំពើ​បាប​របស់​យើង​នោះ​ឡើយ ក៏​មិន​សង​តាម​តែ​អំពើ​ទុច្ចរិត​របស់​យើង​ដែរ។ ដ្បិត​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដីយ៉ាង​ណា ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ចំពោះ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ ក៏​ខ្ពស់​យ៉ា​ង​នោះ​ដែរ។ ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ដក​អំពើ​រំលង​របស់​យើង ឲ្យ​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ក៏​អាណិត​អាសូរ​ដល់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។