សុភា‌សិត 6:9-19

សុភា‌សិត 6:9-19 គកស១៦

ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ តើ​ឯង​នឹង​ដេក​ដល់​កាល​ណា តើ​ដល់​កាល​ណា​បាន​ឯង​ក្រោក​ពី​ការ​ដេក​លក់? ដេក​បន្តិច ងោក​បន្តិច ឱប​ដៃ​សម្រាក​បន្តិច យ៉ាង​នោះ សេចក្ដី​កម្សត់​ទុគ៌ត​របស់​ឯង និង​លោ​មក​ដល់​ដូច​ជា​ចោរ​ប្លន់ ព្រម​ទាំង​សេចក្ដី​ខ្វះ​ខាត ដូច​ជា​អ្នក​កាន់​គ្រឿង​អាវុធ។ ឯ​មនុស្ស​ចោល‌ម្សៀត ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​ជា​មនុស្ស​ដែល​ប្រើ​មាត់​ពោល​ពាក្យ​វៀច ជា​អ្នក​ដែល​មិច​ភ្នែក ហើយ​ធ្វើ​ជា​ទី​សម្គាល់ ដោយ​ជើង និង​ដៃ ជា​អ្នក​ដែល​មាន​សេចក្ដី​វៀច​នៅ​ក្នុង​ចិត្ត ក៏​តែង​តែ​គិត​គូរ​បង្កើត​ការ​អា‌ក្រក់​ជា‌និច្ច ព្រម​ទាំង​សាប‌ព្រោះ​ការ​ទាស់‌ទែង​គ្នា។ ដូច្នេះ សេចក្ដី​អន្ត‌រាយ​របស់​វា និង​លោ​មក​ភ្លាម​មួយ​រំពេច​ក្នុង​ពេល​បន្ទាន់​នោះ វា​នឹង​ត្រូវ​បាក់​បែក​ឥត​មាន​អ្វី​ជួយ​ផង។ មាន​ប្រាំមួយ​មុខ ដែល​ព្រះ‌យេហូវ៉ា​ស្អប់ មាន​ប្រាំពីរ​ផង ដែល​ព្រះ‌អង្គ​ខ្ពើម​ឆ្អើម គឺ​ភ្នែក​ឆ្មើង‌ឆ្មៃ អណ្ដាត​ភូត‌ភរ ដៃ​ដែល​កម្ចាយ​ឈាម​មនុស្ស​ឥត​ទោស ចិត្ត​ដែល​គិត​គូរ​បង្កើត​អំពើ​អា‌ក្រក់ ជើង​ដែល​រហ័ស​រត់​ទៅ​ប្រព្រឹត្ត​អា‌ក្រក់ និង​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​កំភូត ហើយ​មនុស្ស​ដែល​សាប‌ព្រោះ​សេចក្ដី ទាស់‌ទែង​គ្នា​ក្នុង​ពួក​បង‌ប្អូន​មួយ​ដែរ។

អាន សុភា‌សិត 6