សុភា‌សិត 17:1-14

សុភា‌សិត 17:1-14 គកស១៦

បើ​មាន​តែ​បាយ​ក្រៀម​មួយ​ដុំ ដែល​បរិ‌ភោគ​ដោយ​សេចក្ដី​សុខ វិសេស​ជាង​មាន​ផ្ទះ​ពេញ​ដោយ​ការ​ជប់‌លៀង តែ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា​វិញ។ បាវ​បម្រើ​ឆ្លាតនឹង​ត្រួត​លើ​កូន ដែល​នាំ​ឲ្យ​ឪពុក​មាន​សេចក្ដី​ខ្មាស ហើយ​នឹង​បាន​ចំណែក​មត៌ក ជា‌មួយ​បង‌ប្អូន​របស់​កូន​នោះ​ដែរ។ មនុស្ស​ប្រើ​បាវ​សម្រាប់​សម្រង់​ប្រាក់ និង​ឡ​សម្រាប់​មាស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ល​មើល​ចិត្ត​វិញ។ មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​តែង​ស្តាប់​តាម​បបូរ​មាត់​អាក្រក់ ហើយ​មនុស្ស​ភូត​ភរ​ក៏​ផ្ទៀង​ត្រចៀក ស្តាប់​អណ្ដាត​កាច។ អ្នក​ណា​ដែល​ចំអក​ឲ្យ​មនុស្ស​ក្រ នោះ​ក៏​មើល​ងាយ​ដល់​ព្រះ​ដែល​បង្កើត​គេ​មក​ដែរ ឯ​អ្នក​ណា​ដែល​ត្រេក‌អរ​ក្នុង​ការ​អន្ត‌រាយ​របស់​គេ នោះ​នឹង​មិន​រួច​ពី​ទោស​ឡើយ។ កូន​ចៅ​ជា​មកុដ​ដល់​មនុស្ស​ចាស់ៗ ហើយ​ឪពុក​ជា​ទី​អំនួត​របស់​ពួក​កូន។ ពាក្យ​សម្ដី​ខ្ពស់​ប្រសើរ មិន​សំណំ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទៅ​ហើយ ចំណង់​បើ​សម្ដី​ភូតភរ តើ​មិន​សំណំ​នឹងមាត់ របស់​អ្នក​ដឹក​នាំ យ៉ាង​ណា​ទៅ។ សំណូក​រាប់​ដូច​ជា​ត្បូង​មាន​តម្លៃ ដល់​អ្នក​ណា​ដែល​មាន ទោះ​បើ​ជូន​ទៅ​ខាង​ណា​ក៏​ដោយ គង់​តែ​សម្រេច​ការ​បាន។ អ្នក​ណា​ដែល​គ្រប​បាំង​សេចក្ដី​កំហុស របស់​អ្នក​ដទៃ នោះ​ជា​អ្នក​ស្វែង​រក សេចក្ដី​រាប់​អាន​គ្នា តែ​អ្នក​ណា​ដែល​ចេះ​តែ​និយាយ​សាំ​ពី​ការ​នោះ នឹង​នាំ​ឲ្យ​មិត្ត​សម្លាញ់​បាក់​បែក​គ្នា​វិញ។ ពាក្យ​បន្ទោស​តែ​មួយ​ម៉ាត់ តែង​មុត​ចូល​ទៅ​ក្នុង​ចិត្ត របស់​មនុស្ស​មាន​យោបល់ ជា​ជាង​ការ​វាយ​មនុស្ស​ល្ងី‌ល្ងើ មួយរយ​រំពាត់​ទៅ​ទៀត។ មនុស្ស​ខូច​អាក្រក់ រក​តែ​បះ‌បោរ​ម៉្យាង​ប៉ុណ្ណោះ ដូច្នេះ នឹង​ត្រូវ​មាន​អ្នក​បម្រើ​យ៉ាង​សាហាវ ចេញ​មក​ទាស់​នឹង​គេ។ ស៊ូ​ឲ្យ​ប្រទះ​នឹង​មេ​ខ្លា​ឃ្មុំ​ដែល​បាត់​កូន គ្រាន់​បើ​ជាង​ប្រទះ​នឹង​មនុស្ស​ល្ងី‌ល្ងើ ដែល​កំពុង​តែ​ប្រព្រឹត្ត​ការ​ចម្កួត​របស់​ខ្លួន។ អ្នក​ណា​ដែល​ធ្វើ​អាក្រក់​ស្នង​នឹង​ការ​ល្អ សេចក្ដី​អាក្រក់​នឹង​មិន​ឃ្លាត​ចេញ ពី​ផ្ទះ​អ្នក​នោះ​ឡើយ។ ការ​ចាប់​ផ្តើម​ប្រកាន់​គ្នា ប្រៀប​ដូច​ជា​បើក​ទំនប់​ទឹក ដូច្នេះ ចូរ​ដក​ខ្លួន​ថយ​ចេញ​ពី​ការ​ទាស់​គ្នា មុន​ដែល​កើត​មាន​ជម្លោះ។

អាន សុភា‌សិត 17