សុភា‌សិត 17

17
1បើ​មាន​តែ​បាយ​ក្រៀម​មួយ​ដុំ
ដែល​បរិ‌ភោគ​ដោយ​សេចក្ដី​សុខ
វិសេស​ជាង​មាន​ផ្ទះ​ពេញ​ដោយ​ការ​ជប់‌លៀង
តែ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា​វិញ។
2បាវ​បម្រើ​ឆ្លាតនឹង​ត្រួត​លើ​កូន
ដែល​នាំ​ឲ្យ​ឪពុក​មាន​សេចក្ដី​ខ្មាស
ហើយ​នឹង​បាន​ចំណែក​មត៌ក
ជា‌មួយ​បង‌ប្អូន​របស់​កូន​នោះ​ដែរ។
3មនុស្ស​ប្រើ​បាវ​សម្រាប់​សម្រង់​ប្រាក់
និង​ឡ​សម្រាប់​មាស
តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ល​មើល​ចិត្ត​វិញ។
4មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់
គេ​តែង​ស្តាប់​តាម​បបូរ​មាត់​អាក្រក់
ហើយ​មនុស្ស​ភូត​ភរ​ក៏​ផ្ទៀង​ត្រចៀក
ស្តាប់​អណ្ដាត​កាច។
5អ្នក​ណា​ដែល​ចំអក​ឲ្យ​មនុស្ស​ក្រ
នោះ​ក៏​មើល​ងាយ​ដល់​ព្រះ​ដែល​បង្កើត​គេ​មក​ដែរ
ឯ​អ្នក​ណា​ដែល​ត្រេក‌អរ​ក្នុង​ការ​អន្ត‌រាយ​របស់​គេ
នោះ​នឹង​មិន​រួច​ពី​ទោស​ឡើយ។
6កូន​ចៅ​ជា​មកុដ​ដល់​មនុស្ស​ចាស់ៗ
ហើយ​ឪពុក​ជា​ទី​អំនួត​របស់​ពួក​កូន។
7ពាក្យ​សម្ដី​ខ្ពស់​ប្រសើរ
មិន​សំណំ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទៅ​ហើយ
ចំណង់​បើ​សម្ដី​ភូតភរ តើ​មិន​សំណំ​នឹងមាត់
របស់​អ្នក​ដឹក​នាំ យ៉ាង​ណា​ទៅ។
8សំណូក​រាប់​ដូច​ជា​ត្បូង​មាន​តម្លៃ
ដល់​អ្នក​ណា​ដែល​មាន
ទោះ​បើ​ជូន​ទៅ​ខាង​ណា​ក៏​ដោយ
គង់​តែ​សម្រេច​ការ​បាន។
9អ្នក​ណា​ដែល​គ្រប​បាំង​សេចក្ដី​កំហុស
របស់​អ្នក​ដទៃ នោះ​ជា​អ្នក​ស្វែង​រក
សេចក្ដី​រាប់​អាន​គ្នា
តែ​អ្នក​ណា​ដែល​ចេះ​តែ​និយាយ​សាំ​ពី​ការ​នោះ
នឹង​នាំ​ឲ្យ​មិត្ត​សម្លាញ់​បាក់​បែក​គ្នា​វិញ។
10ពាក្យ​បន្ទោស​តែ​មួយ​ម៉ាត់
តែង​មុត​ចូល​ទៅ​ក្នុង​ចិត្ត
របស់​មនុស្ស​មាន​យោបល់
ជា​ជាង​ការ​វាយ​មនុស្ស​ល្ងី‌ល្ងើ
មួយរយ​រំពាត់​ទៅ​ទៀត។
11មនុស្ស​ខូច​អាក្រក់ រក​តែ​បះ‌បោរ​ម៉្យាង​ប៉ុណ្ណោះ
ដូច្នេះ នឹង​ត្រូវ​មាន​អ្នក​បម្រើ​យ៉ាង​សាហាវ
ចេញ​មក​ទាស់​នឹង​គេ។
12ស៊ូ​ឲ្យ​ប្រទះ​នឹង​មេ​ខ្លា​ឃ្មុំ​ដែល​បាត់​កូន
គ្រាន់​បើ​ជាង​ប្រទះ​នឹង​មនុស្ស​ល្ងី‌ល្ងើ
ដែល​កំពុង​តែ​ប្រព្រឹត្ត​ការ​ចម្កួត​របស់​ខ្លួន។
13អ្នក​ណា​ដែល​ធ្វើ​អាក្រក់​ស្នង​នឹង​ការ​ល្អ
សេចក្ដី​អាក្រក់​នឹង​មិន​ឃ្លាត​ចេញ
ពី​ផ្ទះ​អ្នក​នោះ​ឡើយ។
14ការ​ចាប់​ផ្តើម​ប្រកាន់​គ្នា
ប្រៀប​ដូច​ជា​បើក​ទំនប់​ទឹក
ដូច្នេះ ចូរ​ដក​ខ្លួន​ថយ​ចេញ​ពី​ការ​ទាស់​គ្នា
មុន​ដែល​កើត​មាន​ជម្លោះ។
15អ្នក​ដែល​រាប់​មនុស្ស​អាក្រក់​ថា​ឥត​មាន​ទោស
និង​អ្នក​ដែល​រាប់​មនុស្ស​សុចរិត​ថា​មាន​ទោស
អ្នក​ទាំង​ពីរ​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។
16ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​មាន​ប្រាក់​នៅ​ដៃ
សម្រាប់​រៀន​ឲ្យ​បាន​ប្រាជ្ញា
តើ​មាន​ប្រ‌យោជន៍​អ្វី
បើ​គេ​គ្មាន​ចិត្ត​ចង់​រៀន​សោះ?
17មិត្ត​សម្លាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា
ឯ​បង‌ប្អូន​ក៏​កើត​មក​សម្រាប់​គ្រា​លំបាក​ដែរ។
18មនុស្ស​ដែល​ឥត​មាន ប្រាជ្ញា​គេ​ទទួល​ចាប់​ដៃ
ព្រម​ទាំង​ធានា​ពី​ដំណើរ​អ្នក​ជិត​ខាង​ខ្លួន​ផង។
19អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ការ​ឈ្លោះ​ប្រកែក
នោះ​ឈ្មោះ​ថា​ជា​អ្នក​ស្រឡាញ់​អំពើ​បាប​ហើយ
ចំណែក​អ្នក​ណា​ដែល​លើក​ខ្លួន​ឲ្យ​ខ្ពស់
នោះ​ជា​អ្នក​ស្វែង​រក​តែ​សេចក្ដី​ហិន​វិនាស។
20អ្នក​ណា​ដែល​មាន​ចិត្ត​វៀច
មិន​ដែល​បាន​សេចក្ដី​ល្អ​ទេ
ហើយ​អ្នក​ណា​ដែល​មាន​អណ្ដាត​ចចើង
នោះ​រមែង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​អន្តរាយ។
21អ្នក​ណា​ដែល​បង្កើត​បាន​កូន​ជា​មនុស្ស​ល្ងី‌ល្ងើ
ក៏​កើត​មាន​សេចក្ដី​ទុក្ខ​ព្រួយ
ឪពុក​របស់​មនុស្ស​ល្ងី‌ល្ងើ​រមែង​គ្មាន​អំណរ​ឡើយ។
22ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស
តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ។
23មនុស្ស​អាក្រក់ គេ​តែង​តែ​ទទួល​សំណូក
ដោយ​លួច​លាក់
ដើម្បី​នឹង​បង្ខូច​ផ្លូវ​យុត្តិ‌ធម៌។
24ឯ​ប្រាជ្ញា​រមែង​នៅ​ចំពោះ​មុខ
មនុស្ស​ដែល​មាន​តម្រិះ
តែ​ភ្នែក​មនុស្ស​ល្ងី‌ល្ងើ
មើល​ទៅ​ឯ​ចុង​ផែនដី​បំផុត​វិញ។
25កូន​ល្ងី‌ល្ងើ​ជា​ហេតុ​ឲ្យ​ឪពុក​កើត​ទុក្ខ​ព្រួយ
ហើយ​ជា​ទី​ជូរ​ល្វីង​ដល់​ម្តាយ​ដែល​បង្កើត​វា​មក។
26ការ​ដែល​ធ្វើ​ទោស​ដល់​មនុស្ស​សុចរិត
ឬ​វាយ​អ្នក​ត្រកូល​ខ្ពស់ ដោយ​ព្រោះ
សេចក្ដី​ទៀង​ត្រង់​របស់​គេ នោះ​មិន​ល្អ​ទេ។
27អ្នក​ណា​ដែល​មាន​តម្រិះ
រមែង​សំចៃ​ទុក​នូវ​ពាក្យ​សម្ដី
ហើយ​អ្នក​ណា​ដែល​មាន​យោបល់
នោះ​ក៏​តែង​តែ​មាន​ចិត្ត​ត្រជាក់​ដែរ។
28សូម្បី​តែ​មនុស្ស​ឆ្កួត បើ​វា​នៅ​មាត់​ស្ងៀម
នោះ​គេ​រាប់​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ដែរ
ពេល​គេ​បិត​បបូរ​មាត់​ខ្លួន​ទុក
នោះ​ក៏​រាប់​ជា​អ្នក​ឆ្លៀវ​ឆ្លាត​ហើយ។

ទើបបានជ្រើសរើសហើយ៖

សុភា‌សិត 17: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល