សុភា‌សិត 10:1-16

សុភា‌សិត 10:1-16 គកស១៦

នេះ​ជា​សុភា‌សិត​របស់​ព្រះបាទ​សា‌ឡូ‌ម៉ូន។ កូន​ដែល​មាន​ប្រាជ្ញា រមែង​ធ្វើ​ឲ្យ​ឪពុក​មាន​ចិត្ត​រីក‌រាយ តែ​កូន​ដែល​ល្ងី‌ល្ងើ នោះ​នាំ​ឲ្យ​ម្តាយ​ធ្ងន់​ទ្រូង​វិញ។ ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ដោយ​អំពើ​អាក្រក់ នោះ​គ្មាន​ប្រ‌យោជន៍​ទេ តែ​សេចក្ដី​សុចរិត នោះ​រមែង​ជួយ​ឲ្យ​រួច​ពី​ស្លាប់។ ព្រះ‌យេហូវ៉ា​មិន​ព្រម​ឲ្យ​ព្រលឹង នៃ​មនុស្ស​សុចរិត​ត្រូវ​ស្រេក​ឃ្លាន​ទេ តែ​ព្រះ‌អង្គ​ច្រាន​សេចក្ដី​លោភ របស់​មនុស្ស​អាក្រក់​ចេញ។ អ្នក​ណា​ដែល​ធ្វើ​ការ​ដោយ​ដៃ​ខ្ជិល​ច្រអូស នោះ​រមែង​ធ្លាក់​ខ្លួន​ជា​ក្រ តែ​ដៃ​មនុស្ស​ដែល​ឧស្សាហ៍ នាំ​ឲ្យ​មាន​វិញ។ ចំណែក​អ្នក​ណា​ដែល​ខំ​ប្រឹង​ប្រមូល​ទុក នៅ​ក្នុង​រដូវ​ក្តៅ នោះ​ឯង​ជា​កូន​ដែល​មាន​គំនិត តែ​ឯ​អ្នក​ណា​ដែល​រវល់​តែ​ដេក​នៅ​រដូវ​ចម្រូត​វិញ នោះ​គឺ​ជា​កូន​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស។ អំណោយ​ពរ រមែង​ស្ថិត​លើ​ក្បាល របស់​មនុស្ស​សុចរិត តែ​សេចក្ដី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់​វិញ។ សេចក្ដី​នឹក​ចាំ​ពី​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ពរ តែ​ឈ្មោះ​របស់​មនុស្ស​អាក្រក់ រមែង​ពុក​រលួយ​ទៅ។ អ្នក​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នោះ​តែង​ទទួល​បង្គាប់ តែ​មនុស្ស​ល្ងី‌ល្ងើ​ដែល​មាន​មាត់​រពឹស នោះ​នឹង​ត្រូវ​ដួល​វិញ។ អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀត​ត្រង់ នោះ​ក៏​ដើរ​ដោយ​ទុក​ចិត្ត តែ​អ្នក​ណា​ដែល​បង្ខូច​ផ្លូវ​ខ្លួន នោះ​មនុស្ស​ទាំង‌ឡាយ​នឹង​ស្គាល់​គេ​ច្បាស់​ដែរ។ អ្នក​ណា​ដែល​មិច​ភ្នែក រមែង​នាំ​ឲ្យ​កើត​ទុក្ខ រីឯ​មនុស្ស​ល្ងី‌ល្ងើ​ដែល​មាន​មាត់​រពឹស នឹងឈាន​ទៅ​រកសេចក្ដី​អន្តរាយ។ មាត់​របស់​មនុស្ស​សុចរិត ជា​អណ្តូង​ជីវិត តែ​សេចក្ដី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស​អាក្រក់។ ឯ​សេចក្ដី​សម្អប់ នោះ​បណ្ដាល​ឲ្យ​កើត​មាន ហេតុ​ទាស់‌ទែង​គ្នា តែ​សេចក្ដី​ស្រឡាញ់ តែង​គ្រប​បាំង​អស់​ទាំង​អំពើ​កំហុស។ នៅ​បបូរ​មាត់​របស់​មនុស្ស​មាន​យោបល់ នោះ​ឃើញ​មាន​ប្រាជ្ញា តែ​មាន​រំពាត់​សម្រាប់​ខ្នង​នៃ​មនុស្ស​ណា ដែល​ឥត​មាន​តម្រិះ​វិញ។ មនុស្ស​មាន​ប្រាជ្ញា តែង​ប្រមូល​ចំណេះ​ទុក តែ​ឯង​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ជា​សេចក្ដី​ហិន​វិនាស​ដែល​នៅ​បង្កើយ​វិញ។ ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន ជា​ទី​ក្រុង​មាំ‌មួន​ដល់​គេ សេចក្ដី​ហិន​វិនាស​របស់​មនុស្ស​ក្រ គឺ​ជា​សេចក្ដី​ទាល់​ក្រ​របស់​គេ។ កិច្ច‌ការ​ដែល​មនុស្ស​សុចរិត​ធ្វើ នោះ​គឺ​សម្រាប់​ចិញ្ចឹម​ជីវិត តែ​ផល​របស់​មនុស្ស​អាក្រក់ សម្រាប់​តែ​ធ្វើ​បាប​វិញ។

អាន សុភា‌សិត 10