នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនដែលមានប្រាជ្ញា រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្តាយធ្ងន់ទ្រូងវិញ។ ទ្រព្យសម្បត្តិដែលបានមកដោយអំពើអាក្រក់ នោះគ្មានប្រយោជន៍ទេ តែសេចក្ដីសុចរិត នោះរមែងជួយឲ្យរួចពីស្លាប់។ ព្រះយេហូវ៉ាមិនព្រមឲ្យព្រលឹង នៃមនុស្សសុចរិតត្រូវស្រេកឃ្លានទេ តែព្រះអង្គច្រានសេចក្ដីលោភ របស់មនុស្សអាក្រក់ចេញ។ អ្នកណាដែលធ្វើការដោយដៃខ្ជិលច្រអូស នោះរមែងធ្លាក់ខ្លួនជាក្រ តែដៃមនុស្សដែលឧស្សាហ៍ នាំឲ្យមានវិញ។ ចំណែកអ្នកណាដែលខំប្រឹងប្រមូលទុក នៅក្នុងរដូវក្តៅ នោះឯងជាកូនដែលមានគំនិត តែឯអ្នកណាដែលរវល់តែដេកនៅរដូវចម្រូតវិញ នោះគឺជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស។ អំណោយពរ រមែងស្ថិតលើក្បាល របស់មនុស្សសុចរិត តែសេចក្ដីច្រឡោត តែងខ្ទប់មាត់របស់មនុស្សអាក្រក់វិញ។ សេចក្ដីនឹកចាំពីមនុស្សសុចរិត នោះនាំឲ្យមានពរ តែឈ្មោះរបស់មនុស្សអាក្រក់ រមែងពុករលួយទៅ។ អ្នកដែលមានចិត្តប្រកបដោយប្រាជ្ញា នោះតែងទទួលបង្គាប់ តែមនុស្សល្ងីល្ងើដែលមានមាត់រពឹស នោះនឹងត្រូវដួលវិញ។ អ្នកណាដែលប្រព្រឹត្តដោយទៀតត្រង់ នោះក៏ដើរដោយទុកចិត្ត តែអ្នកណាដែលបង្ខូចផ្លូវខ្លួន នោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរ។ អ្នកណាដែលមិចភ្នែក រមែងនាំឲ្យកើតទុក្ខ រីឯមនុស្សល្ងីល្ងើដែលមានមាត់រពឹស នឹងឈានទៅរកសេចក្ដីអន្តរាយ។ មាត់របស់មនុស្សសុចរិត ជាអណ្តូងជីវិត តែសេចក្ដីច្រឡោត តែងខ្ទប់មាត់របស់មនុស្សអាក្រក់។ ឯសេចក្ដីសម្អប់ នោះបណ្ដាលឲ្យកើតមាន ហេតុទាស់ទែងគ្នា តែសេចក្ដីស្រឡាញ់ តែងគ្របបាំងអស់ទាំងអំពើកំហុស។ នៅបបូរមាត់របស់មនុស្សមានយោបល់ នោះឃើញមានប្រាជ្ញា តែមានរំពាត់សម្រាប់ខ្នងនៃមនុស្សណា ដែលឥតមានតម្រិះវិញ។ មនុស្សមានប្រាជ្ញា តែងប្រមូលចំណេះទុក តែឯងមាត់របស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីហិនវិនាសដែលនៅបង្កើយវិញ។ ទ្រព្យសម្បត្តិរបស់អ្នកមាន ជាទីក្រុងមាំមួនដល់គេ សេចក្ដីហិនវិនាសរបស់មនុស្សក្រ គឺជាសេចក្ដីទាល់ក្ររបស់គេ។ កិច្ចការដែលមនុស្សសុចរិតធ្វើ នោះគឺសម្រាប់ចិញ្ចឹមជីវិត តែផលរបស់មនុស្សអាក្រក់ សម្រាប់តែធ្វើបាបវិញ។
អាន សុភាសិត 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 10:1-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ