ភីលីព 4:1-13

ភីលីព 4:1-13 គកស១៦

បង‌ប្អូន​ស្ងួន‌ភ្ងា ជា​ទី​រឭក ជា​ទី​ត្រេក‌អរ និង​ជា​មកុដ​របស់​ខ្ញុំ​អើយ ចូរ​ឈរ​ឲ្យ​មាំ‌មួន​ក្នុង​ព្រះ‌អម្ចាស់​ចុះ ឱ​បង‌ប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ។ ខ្ញុំ​សូម​ទូន្មាន​ដល់​នាង​អ៊ើរ៉ូ‌ឌា និង​នាង​ស៊ុន‌ទីច​ដែរ ឲ្យ​មាន​គំនិត​តែ​មួយ​ក្នុង​ព្រះ‌អម្ចាស់។ ហើយ​ខ្ញុំ​ក៏​សូម​ដល់​អ្នក ឱ​គូ​កន​ស្មោះ​ត្រង់​របស់​ខ្ញុំ​អើយ សូម​ជួយ​ស្ត្រី​ទាំង​ពីរ​នោះ ដែល​បាន​តតាំង​ជា​មួយ​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ផង ហើយ​លោក​ក្លេ‌មេន និង​គូ​កន​ខ្ញុំ​ផ្សេង​ទៀត ដែល​គេ​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​ដែរ។ ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់​ជា‌និច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង! ចូរ​សម្តែង​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​សេចក្ដី​សម្លូត​របស់​អ្នក​រាល់​គ្នា​ចុះ ព្រោះ​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ។ កុំ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង។ នោះ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​ការ​គិត នឹង​ជួយ​ការពារ​ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ ប្រសិន‌បើ​មាន​សគុណ និង​សេចក្ដី​សរសើរ​ណា ចូរ​ពិចារណា​ពី​សេចក្ដី​នោះ​ចុះ។ ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​រៀន បាន​ទទួល បាន​ឮ និង​ឃើញ​ក្នុង​ខ្ញុំ​នោះ ចូរ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ​ចុះ ដូច្នេះ ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ទ្រង់​នឹង​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា។ ខ្ញុំ​មាន​អំណរ​ជា​ខ្លាំង​ក្នុង​ព្រះ‌អម្ចាស់ ដោយ​ព្រោះ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ឡើង​វិញ អ្នក​រាល់​គ្នា​បាន​នឹក​ដល់​ខ្ញុំ​ជា‌និច្ច​ដែរ តែ​មិន​មាន​ឱកាស​សម្តែង​ពី​ទឹក​ចិត្ត​នោះ។ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ដោយ​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ស្កប់‌ចិត្ត​ចំពោះ​អ្វី​ដែល​ខ្ញុំ​មាន។ ខ្ញុំ​ធ្លាប់​ទ្រាំ​ក្នុង​ការ​ចង្អៀត​ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្ដី​រីក‌រាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន​ទាំង​ខ្វះ ក្នុង​គ្រប់​សារពើ​ទាំង​អស់​ហើយ។ ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ចម្រើន​កម្លាំង​ដល់​ខ្ញុំ។

អាន ភីលីព 4

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ភីលីព 4:1-13

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ