ភីលីព 3:1-11

ភីលីព 3:1-11 គកស១៦

ម្យ៉ាង​ទៀត បង‌ប្អូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់​ចុះ ខ្ញុំ​មិន​ធុញ​ទ្រាន់​ក្នុង​ការ​សរសេរ​សេចក្ដី​ដដែលៗ ផ្ញើ​មក​អ្នក​រាល់​គ្នា ហើយ​ក៏​ជួយ​ដល់​អ្នក​រាល់​គ្នា​ដែរ។ ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ព្រម​ទាំង​ពួក​កាត់​ស្បែក​ក្លែង​ក្លាយ​ផង។ ដ្បិត​យើង​ជា​ពួក​កាត់​ស្បែក​ពិត​ប្រាកដ ដែល​ថ្វាយ​បង្គំ​ព្រះ​ដោយ​វិញ្ញាណ ហើយ​អួត​ពី​ព្រះ‌គ្រីស្ទ‌យេស៊ូវ ឥត​ទុក​ចិត្ត​នឹង​សាច់​ឈាម​ឡើយ។ តាម​ពិត ខ្ញុំ​ក៏​មាន​ហេតុ​នឹង​ទុក​ចិត្ត​ខាង​សាច់​ឈាម​ខ្លះ​ដែរ។ បើ​មាន​អ្នក​ណា​ទៀត​ស្មាន​ថា ខ្លួន​ទុក​ចិត្ត​ខាង​សាច់​ឈាម​បាន​នោះ ខ្ញុំ​លើស​ជាង​អ្នក​នោះ​ទៅ​ទៀត។ ខ្ញុំ​បាន​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​ទី​ប្រាំបី ខ្ញុំ​ជា​សាសន៍​អ៊ីស្រា‌អែល ក្នុង​ពូជ​អំបូរ​បេនយ៉ាមីន ជា​សាសន៍​ហេព្រើរ កើត​ពី​ពួក​ហេព្រើរ ឯ​ខាង​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​ជា​ពួក​ផារិ‌ស៊ី ខាង​សេចក្ដី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​ក្រុម​ជំនុំ ចំណែក​ខាង​សេចក្តី​សុចរិត​ក្នុង​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ។ តែ​អ្វីៗ​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន​នោះ ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ព្រោះ​តែ​ព្រះ‌គ្រីស្ទ។ លើស​ពី​នេះ​ទៀត ខ្ញុំ​រាប់​អ្វីៗ​ទាំង​អស់​ទុក​ដូច​ជា​ខាត ដោយ​សារ​តែ​សេចក្ដី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ។ ដោយ​យល់​ដល់​ព្រះ‌អង្គ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​ខ្ញុំ​រាប់​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​ព្រះ‌គ្រីស្ទ​វិញ និង​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌អង្គ មិន​មែន​ដោយ​សេចក្ដី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រឹត្យ‌វិន័យ​នោះ​ទេ តែ​ដោយ​សារ​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ គឺ​ជា​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សារ​ជំនឿ។ ខ្ញុំ​ចង់​ស្គាល់​ព្រះ‌គ្រីស្ទ និង​ព្រះ‌ចេស្តា​នៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះ‌អង្គ ព្រម​ទាំង​រួម​ចំណែក​ក្នុង​ការ​រង​ទុក្ខ ដូច​ជា​ព្រះ‌អង្គ​រងទុក្ខ​ក្នុង​ការ​សុគត​ដែរ ប្រសិន‌បើ​អាច​បាន ខ្ញុំ​ចង់​ឲ្យ​មាន​ជីវិត​រស់​ពី​ស្លាប់​ឡើង​វិញ។

អាន ភីលីព 3

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ភីលីព 3:1-11