ភីលេម៉ូន 1:1-14

ភីលេម៉ូន 1:1-14 គកស១៦

ប៉ុល ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះគ្រីស្ទ និង​ធីម៉ូថេ ជា​បង‌ប្អូន​យើង សូម​ជម្រាប​មក​លោក​ភីលេ‌ម៉ូន ជា​ទី​ស្រឡាញ់ និង​ជា​អ្នក​រួម​ការ​ងារ​ជា​មួយ​យើង សូម​ជម្រាប​មក​នាង​អាប់‌ភា ជា​ប្អូន​ស្រី សូម​ជម្រាប​មក​លោក​អើ‌ឃីព ជា​អ្នក​រួម​តយុទ្ធ​ជា​មួយ​យើង និង​សូម​ជម្រាប​មក​ក្រុម​ជំនុំ ដែល​ប្រជុំ​នៅ​ផ្ទះ​របស់​លោក។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត ពី​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​យើង និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ ខ្ញុំ​តែង​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​ខ្ញុំ​ជា‌និច្ច ហើយ​នឹក​ចាំ​ពី​អ្នក​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ឮ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់ និង​ពី​ជំនឿ​របស់​អ្នក​ដល់​ព្រះ‌អម្ចាស់‌យេស៊ូវ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ការ​ចែក​ចាយ​ជំនឿ​របស់​អ្នក​មាន​ប្រសិទ្ធភាព ឲ្យ​បាន​ស្គាល់​គ្រប់​ទាំង​ការ​ល្អ ដែល​មាន​នៅ​ក្នុង​យើង​សម្រាប់​ព្រះ‌គ្រីស្ទ។ ប្អូន​អើយ ខ្ញុំ​ពិត​ជា​បាន​ទទួល​អំណរ និង​ការ​លើក​ចិត្ត​ជា​ខ្លាំង ដោយ‌សារ​សេចក្ដី​ស្រឡាញ់​របស់​អ្នក ព្រោះ​ចិត្ត​របស់​ពួក​បរិសុទ្ធ​បាន​ធូរ​ស្បើយ​ដោយ‌សារ​អ្នក។ ដូច្នេះ នៅ​ក្នុង​ព្រះគ្រីស្ទ ទោះ​ជា​ខ្ញុំ​មាន​សិទ្ធិ​នឹង​បង្គាប់​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ក៏​ដោយ ក៏​ខ្ញុំ​សូម​អង្វរ​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ ដ្បិត​ខ្ញុំ ប៉ុល មាន​វ័យ​ចាស់​ហើយ ហើយ​ឥឡូវ​នេះ​ក៏​ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ‌យេ‌ស៊ូវ​ទៀត​ផង ខ្ញុំ​សូម​អង្វរ​អ្នក​ជំនួស​កូន​របស់​ខ្ញុំ គឺ​អូនេ‌ស៊ីម ដែល​ខ្ញុំ​បាន​បង្កើត​នៅ​ពេល​ខ្ញុំ​ជាប់​ចំណង។ ពី​ដើម​គាត់​គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​មែន តែ​ឥឡូវ​នេះ គាត់​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​អ្នក ហើយ​ក៏​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ​ដែរ។ ខ្ញុំ​បាន​ចាត់​គាត់ ដែល​ជា​ដួង​ចិត្ត​របស់​ខ្ញុំ ឲ្យ​មក​រក​អ្នក​វិញ។ ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​គាត់​បាន​បម្រើ​ខ្ញុំ​ជំនួស​អ្នក ក្នុង​ពេល​ដែល​ខ្ញុំ​ជាប់​ចំណង​ដោយ​ព្រោះ​ដំណឹង​ល្អ តែ​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​អ្នក​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​ធ្វើ​ល្អ​ទាំង​បង្ខំ គឺ​ដោយ​ស្ម័គ្រ​ចិត្ត​វិញ។

អាន ភីលេម៉ូន 1