ជន‌គណនា 4

4
ពួក​កេហាត់
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ 2«ចូរ​រាប់​ចំនួន​កូន​ចៅ​កេហាត់ ដោយ​ឡែក​ពី​កូន​ចៅ​លេវី តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ 3ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ត្រសាល​ជំនុំ​បាន។ 4មុខងារ​របស់​កូន​ចៅ​កេហាត់​ក្នុង​ត្រសាល​ជំនុំ គឺ​មើល​ខុស​ត្រូវ​លើ​វត្ថុ​ដ៏​បរិសុទ្ធ​បំផុត។ 5ពេល​ត្រូវ​រើ​ជំរំ អើរ៉ុន និង​កូន​របស់​គាត់ ត្រូវ​ចូល​ទៅ​ដោះ​វាំង‌នន​ដែល​បិទ​បាំង យក​ទៅ​គ្រប់​លើ​ហិប​នៃ​សេចក្ដី‌សញ្ញា 6បន្ទាប់​មក ត្រូវ​គ្រប​ដោយ​ស្បែក​ផ្សោត ហើយ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ​ពី​លើ រួច​ស៊ក​ឈើ​ស្នែង​ចូល។ 7គេ​ត្រូវ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ នៅ​លើ​តុ​សម្រាប់​ដាក់​តាំង​នំបុ័ង ហើយ​ដាក់​ថាស ចាន ពែង និង​ប៉ាន់​សម្រាប់​តង្វាយ​ច្រួច។ រីឯ​នំបុ័ង​ត្រូវ​ស្ថិត​នៅ​លើ​តុ​នោះ​ជា​អចិន្ត្រៃយ៍ 8បន្ទាប់​មក គេ​ត្រូវ​ក្រាល​សំពត់​ពណ៌​ក្រហម​ពី​លើ​របស់​ទាំង​នោះ ហើយ​គ្រប​ដោយ​ស្បែក​ផ្សោត​ពី​លើ រួច​ត្រូវ​ស៊ក​ឈើ​ស្នែង​ចូល។ 9គេ​ត្រូវ​យក​សំពត់​ពណ៌​ផ្ទៃ​មេឃ គ្រប​ពី​លើ​ជើង​សម្រាប់​ដាក់​ចង្កៀង​បំភ្លឺ ព្រម​ទាំង​ចង្កៀង ឃ្នាប​ប្រឆេះ ថាស​ដាក់​កម្ទេច និង​ដប​ទាំង​ប៉ុន្មាន​សម្រាប់​ដាក់​ប្រេង​ដុត​ចង្កៀង​នោះ 10ហើយ​គេ​ត្រូវ​យក​ចង្កៀង និង​ប្រដាប់​ទាំង​នោះ ដាក់​ក្នុង​ស្បែក​ផ្សោត រួច​ដាក់​នៅ​លើ​ប្រដាប់​សម្រាប់​សែង។ 11ឯ​អាស‌នា​មាស គេ​ត្រូវ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ​ពី​លើ ហើយ​គ្រប​ដោយ​ស្បែក​ផ្សោត រួច​ត្រូវ​ស៊ក​ឈើ​ស្នែង​ចូល។ 12ត្រូវ​យក​ប្រដាប់‌ប្រដា​ទាំង​អស់ ដែល​សម្រាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ មក​ខ្ចប់​ក្នុង​សំពត់​ពណ៌​ផ្ទៃ​មេឃ ហើយ​រុំ​ស្បែក​ផ្សោត​ពី​លើ រួច​ដាក់​នៅ​លើ​ប្រដាប់​សម្រាប់​សែង។ 13គេ​ត្រូវ​កាយ​ផេះ​ចេញ​ពី​អាស‌នា ហើយ​ក្រាល​សំពត់​ពណ៌​ស្វាយ​ពី​លើ 14ហើយ​ត្រូវ​ដាក់​ប្រដាប់‌ប្រដា​ដែល​សម្រាប់​ប្រើ​ទាំង​ប៉ុន្មាន​នៅ​លើ​អាស‌នា​នោះ គឺ​ជើង‌ពាន សម ចប‌ចូក ផើង និង​អស់​ទាំង​ប្រដាប់‌ប្រដា​នៃ​អាស‌នា​នោះ រួច​ត្រូវ​ក្រាល​ស្បែក​ផ្សោត​ពី​លើ ហើយ​ត្រូវ​ស៊ក​ឈើ​ស្នែង​ចូល។ 15ពេល​អើរ៉ុន និង​កូនៗ​របស់​គាត់​បាន​គ្រប​ទី​បរិសុទ្ធ និង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​រួច​ហើយ ពេល​លើក​ជំរំ កូន​ចៅ​កេហាត់​ត្រូវ​មក​សែង​របស់​ទាំង​នោះ តែ​គេ​មិន​ត្រូវ​ប៉ះ‌ពាល់​វត្ថុ​ដ៏​បរិសុទ្ធ​ទាំង​នោះ​ឡើយ បើ​មិន​ដូច្នោះ​ទេ គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ហើយ​ជា​របស់​ប្រើ​ប្រាស់​ក្នុង​ត្រសាល​ជំនុំ​ដែល​កូន​ចៅ​កេហាត់​ត្រូវ​លី​សែង។
16អេលាសារ​ជា​កូន​របស់​សង្ឃ​អើរ៉ុន ត្រូវ​ទទួល​ខុស​ត្រូវ​ខាង​ប្រេង​សម្រាប់​ចង្កៀង គ្រឿង​ក្រអូប តង្វាយ​ម្សៅ​ដែល​ថ្វាយ​ជា​ប្រចាំ និង​ប្រេង​ចាក់​លាប ហើយ​មើល​ខុស​ត្រូវ​លើ​រោង​ឧបោសថ​ទាំង​មូល ប្រដាប់‌ប្រដា​ទាំង​អស់​នៅ​ក្នុង​រោង​ឧបោសថ នៅ​ក្នុង​ទី​បរិសុទ្ធ និង​ប្រដាប់‌ប្រដា​ផ្សេងៗ​នៅ​ក្នុង​ទី​បរិសុទ្ធ»។
17ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ 18«មិន​ត្រូវ​កាត់​កុល‌សម្ព័ន្ធ​នៃ​ពូជ​អំបូរ​កេហាត់​ចេញ​ពី​ពួក​លេវី​ឡើយ។ 19ត្រូវ​ចាត់​ចែង​គេ​យ៉ាង​នេះ​វិញ ដើម្បី​ឲ្យ​គេ​រស់​នៅ ហើយ​មិន​ត្រូវ​ស្លាប់ គឺ​ពេល​ណា​គេ​ចូល​ទៅ​ជិត​វត្ថុ​ដ៏​បរិសុទ្ធ​បំផុត នោះ​អើរ៉ុន និង​កូនៗ​របស់​គាត់ ត្រូវ​ចូល​ទៅ ហើយ​ប្រគល់​ការ‌ងារ​ឲ្យ​គេ​ទទួល​បន្ទុក​រៀងៗ​ខ្លួន។ 20ប៉ុន្តែ កូន​ចៅ​កេហាត់ មិន​ត្រូវ​ចូល​ទៅ​មើល​វត្ថុ​ដ៏​បរិសុទ្ធ​ទាំង​នោះ​ឡើយ ក្រែង​គេ​ត្រូវ​ស្លាប់»។
21ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ 22«ចូរ​រាប់​ចំនួន​កូន​ចៅ​គើសុន​ដែរ តាម​វង្សា‌នុវង្ស​របស់​ឪពុក និង​តាម​ពូជ​អំបូរ​គេ 23ត្រូវ​រាប់​ពួកគេ ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន។ 24ពូជ​អំបូរ​គើសុន​មាន​មុខ​ងារ​បម្រើ និង​លី‌សែង​ដូច​តទៅ៖ 25គេ​ត្រូវ​សែង​ផ្ទាំង​សំពត់​រោង​ឧបោសថ និង​ត្រសាល​ជំនុំ គម្រប​ត្រសាល គម្រប​ស្បែក​ផ្សោត​ដែល​គ្រប​ពី​លើ ព្រម​ទាំង​រនាំង​បាំង​ទ្វារ​ចូល​ត្រសាល​ជំនុំ 26រនាំង​ទី‌លាន រនាំង​បាំង​ទ្វារ​ចូល​ទី‌លាន​ដែល​នៅ​ព័ទ្ធ​ជុំ‌វិញ​រោង​ឧបោសថ និង​អាស‌នា ខ្សែសន្ធឹង និង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​សម្រាប់​ប្រើ​ប្រាស់​ជា‌មួយ។ គេ​ត្រូវ​បំពេញ​កិច្ច‌ការ​ទាំង​អស់​ដែល​យើង​តម្រូវ​ឲ្យ​គេ​ធ្វើ។ 27មុខ​ងារ​របស់​កូន​ចៅ​គើសុន​ក្នុង​ការ​លី‌សែង និង​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ធ្វើ គឺ​នៅ​ក្រោម​បង្គាប់​របស់​អើរ៉ុន និង​កូនៗ​របស់​គាត់។ អ្នក​ត្រូវ​ចាត់‌ចែង​ឲ្យ​គេ​មើល​ខុស​ត្រូវ​លើ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​លី​សែង។ 28នេះ​ហើយ​ជា​មុខ​ងារ​របស់​ពូជអំបូរ​គើសុន​នៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ការ​ទទួល​ខុស​ត្រូវ​របស់​គេ គឺ​នៅ​ក្រោម​បង្គាប់​របស់​អ៊ីថាម៉ារ ជា​កូន​របស់​សង្ឃ​អើរ៉ុន។
29រីឯ​កូន​ចៅ​ម្រ៉ារី នោះ​ត្រូវ​រាប់​គេ​តាម​ពូជ​អំបូរ និង​តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ 30ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន។ 31មុខ​ងារ​ទាំង​អស់​របស់​គេ​នៅ​ក្នុង​ត្រសាល​ជំនុំ ដែល​តម្រូវ​ឲ្យ​គេ​លីសែង​គឺ ក្តារ​របស់​រោង​ឧបោសថ រនុក​ក្ដារ សសរ និង​ជើង​សសរ 32សសរ​ទី‌លាន​ដែល​នៅ​ជុំ‌វិញ និង​ជើងសសរ ចម្រឹង ខ្សែសន្ធឹង ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន និង​របស់​ទាំង​អស់​ដែល​ប្រើ​ប្រាស់​ជា‌មួយ។ អ្នក​ត្រូវ​តម្រូវ​តាម​ឈ្មោះ​របស់​ទាំង​នោះ​ដែល​គេ​ត្រូវ​លី‌សែង។ 33នេះ​ហើយ​ជា​មុខ​ងារ​របស់​ពូជអំបូរ​ម្រ៉ារី គឺ​មុខ‌ងារ​ទាំង​អស់​របស់​គេ​នៅ​ក្នុង​ត្រសាល​ជំនុំ នោះ​នៅ​ក្រោម​បង្គាប់​របស់​អ៊ីថាម៉ារ ជា​កូន​របស់​សង្ឃ​អើរ៉ុន»។
34ដូច្នេះ លោក​ម៉ូសេ អើរ៉ុន និង​មេ​ដឹក‌នាំ​លើ​ក្រុម​ជំនុំ ក៏​រាប់​កូន​ចៅ​កេហាត់ តាម​ពូជ​អំបូរ និងតាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ 35ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ត្រសាល​ជំនុំ​បាន 36ហើយ​ចំនួន​តាម​ពូជ​អំបូរ​របស់​ពួកគេ​មាន ២ ៧៥០ នាក់។ 37នេះ​ហើយ​ជា​ចំនួន​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពូជអំបូរ​កេហាត់ គឺ​អស់​អ្នក​ដែល​បម្រើ​នៅ​ក្នុង​ត្រសាល​ជំនុំ ដែល​លោក​ម៉ូសេ និង​លោក​អើរ៉ុន​បាន​រាប់ តាម​ការ​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ដោយ‌សារ​លោក​ម៉ូសេ។
38ចំនួន​កូន​ចៅ​គើសុន តាម​ពូជ​អំបូរ និង​តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ 39ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន 40គឺ​ចំនួន​ពួកគេ​តាម​ពូជ​អំបូរ និង​តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​មាន ២ ៦៣០ នាក់។ 41នេះ​ហើយ​ជា​ចំនួន​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពូជ​អំបូរ​គើសុន គឺ​អស់​អ្នក​ដែល​បម្រើ​នៅ​ក្នុង​ត្រសាល​ជំនុំ ដែល​លោក​ម៉ូសេ និង​លោក​អើរ៉ុន​បាន​រាប់​តាម​ការ​បង្គាប់​របស់​ព្រះ‌យេហូវ៉ា។
42ចំនួន​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពូជ​អំបូរ​ម្រ៉ារី តាម​ពូជ​អំបូរ និង​តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ 43ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន 44គឺ​ចំនួន​ពួកគេ​ដែល​បាន​រាប់​តាម​ពូជ​អំបូរ​មាន ៣ ២០០ នាក់។ 45នេះ​ហើយ​ជា​ចំនួន​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពូជ​អំបូរ​ម្រ៉ារី ដែល​លោក​ម៉ូសេ និង​អើរ៉ុន បាន​រាប់​តាម​ការ​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ដោយ‌សារ​លោក​ម៉ូសេ។
46អស់​អ្នក​ដែល​លោក​ម៉ូសេ អើរ៉ុន និង​មេ​ដឹក​នាំ​លើ​សាសន៍​អ៊ីស្រា‌អែល​បាន​រាប់​ក្នុង​ពួក​លេវី តាម​ពូជ​អំបូរ និង​តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ 47ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ និង​លី‌សែង​នៅ​ក្នុង​ត្រសាល​ជំនុំ 48ចំនួន​អ្នក​ទាំង​នោះ​មាន ៨ ៥៨០ នាក់។ 49លោក​ម៉ូសេ​បាន​តែង​តាំង​គេ តាម​ការ​បង្គាប់​របស់​ព្រះ‌យេហូវ៉ា គឺ​ឲ្យ​គេ​មាន​ភារកិច្ច ឬ​ការងារ​លី​សែង​រៀងៗ​ខ្លួន ហើយ​គឺ​យ៉ាង​នេះ​ឯង​ដែល​លោក​ម៉ូសេ​បាន​រាប់​ពួកគេ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល