ជន‌គណនា 36

36
ច្បាប់​ការ‌ពារ​ស្ត្រី​ដែល​រៀប​ការ​ជា‌មួយ​អ្នក​ផ្សេង​ក្រៅ​ពី​កុល‌សម្ព័ន្ធ​របស់​ខ្លួន
1ពួក​មេ​លើ​វង្សា‌នុវង្ស​នៃ​ពូជ​អំបូរ​កូន​ចៅ​កាឡាដ ជា​កូន​របស់​ម៉ាគារ ដែល​ត្រូវ​ជា​កូន​របស់​ម៉ាណា‌សេ ក្នុង​ពូជ​អំបូរ​កូន​ចៅ​យ៉ូសែប នាំ​គ្នា​ចូល​មក​ជម្រាប​នៅ​ចំពោះ​មុខ​លោក​ម៉ូសេ និង​ពួក​មេ​ដឹក​នាំ ជា​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ 2«ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម្ចាស់​យើង​ខ្ញុំ ឲ្យ​ចែក​ស្រុក​ជា​មត៌ក​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ដោយ​ចាប់​ឆ្នោត ហើយ​លោក​ម្ចាស់​យើង​ខ្ញុំ​ក៏​បាន​ទទួល​បង្គាប់​ព្រះ‌យេហូវ៉ា និង​ចែក​មត៌ក​របស់​ស្លូផិហាត ជា​បង​ប្អូន​យើង​ខ្ញុំ ដល់​ពួក​កូន​ស្រី​របស់​គាត់។ 3ប៉ុន្ដែ ប្រសិន‌បើ​ពួក​នាង​រៀបការ​ជា‌មួយ​កូន​ប្រុសៗ នៅ​ក្នុង​កុល‌សម្ព័ន្ធ​ផ្សេង​ទៀត​របស់​កូន​ចៅ​អ៊ីស្រា‌អែល នោះ​មត៌ក​របស់​ពួកនាង​នឹង​ត្រូវ​ដក​ចេញ​ពី​មត៌ក​ដូន​តា​របស់​យើង​ខ្ញុំ ទៅ​ថែម​បញ្ចូល​ក្នុង​មត៌ក​របស់​កុល‌សម្ព័ន្ធ​ដែល​ពួកនាង​រៀប​ការ​នោះ​វិញ ដូច្នេះ មត៌ក​នោះ​នឹង​ត្រូវ​ដក​ចេញ​ពី​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ។ 4លុះ​ចូល​ដល់​ឆ្នាំ​ប្រោស​លោះ សម្រាប់​កូន​ចៅ​អ៊ីស្រា‌អែល នោះ​មត៌ក​របស់​ពួកនាង​នឹង​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​មត៌ក​របស់​កុល‌សម្ព័ន្ធ​ដែល​ពួកនាង​បាន​រៀប​ការ ហើយ​មត៌ក​របស់​ពួក​នាង​នឹង​ត្រូវ​ដក​ចេញ​ពី​មត៌ក​របស់​កុល‌សម្ព័ន្ធ​ឪពុក​យើង​ខ្ញុំ»។
5ពេល​នោះ លោក​ម៉ូសេ​បាន​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ថា៖ «កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​របស់​យ៉ូសែប​និយាយ​ត្រូវ។ 6នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បង្គាប់ ពី​ដំណើរ​នៃ​ពួក​កូន​ស្រី​របស់​ស្លូផិហាត គឺ​ថា ចូរ​ឲ្យ​ពួកនាង​រៀប​ការ​ជា‌មួយ​អ្នក​ដែល​ខ្លួន​ចូល​ចិត្ត​ចុះ ប៉ុន្តែ ត្រូវ​រៀបការ​តែ​ក្នុង​ពូជ​អំបូរ​នៃ​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង​ប៉ុណ្ណោះ 7ដើម្បី​កុំ​ឲ្យ​មត៌ក​របស់​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​ផ្ទេរ​ពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ផ្សេង​ទៀត ដ្បិត​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ត្រូវ​រក្សា​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​បុព្វ‌បុរស​របស់​ខ្លួន។ 8គ្រប់​ទាំង​កូន​ស្រី​ដែល​ទទួល​មត៌ក​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ណាមួយ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​តែ​រៀបការ​ជា‌មួយ​បុរស​ដែល​មក​ពី​ពូជ​អំបូរ​នៃ​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​អាច​កាន់​កាប់​មត៌ក​របស់​ឪពុក​គេ​រៀង​ខ្លួន។ 9ដូច្នេះ មិន​ត្រូវ​ផ្ទេរ​មត៌ក​ពី​កុល‌សម្ព័ន្ធ​មួយ ទៅ​កុល‌សម្ព័ន្ធ​មួយ​ផ្សេង​ទៀត​ឡើយ ដ្បិត​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​នៅ​ជាប់​នឹង​មត៌ក​របស់​គេ​រៀង​ខ្លួន»។
10ពួក​កូន​ស្រី​របស់​ស្លូផិហាត​បាន​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ 11ដ្បិត​ម័សឡា ធើសា ហុកឡា មីលកា និង​ណូហា ជា​កូន​ស្រី​របស់​ស្លូផិហាត បាន​រៀប​ការ​ជា‌មួយ​កូន​ប្រុស​របស់​បង​ប្អូន​ឪពុក​ពួកនាង​គ្រប់​គ្នា។ 12ពួកនាង​បាន​រៀបការ​ក្នុង​ពូជ​អំបូរ​កូន​ចៅ​ម៉ាណា‌សេ ជា​កូន​របស់​យ៉ូសែប ហើយ​មត៌ក​របស់​ពួកគេ​ក៏​បាន​នៅ​ជាប់​ក្នុង​កុល‌សម្ព័ន្ធ​នៃ​ពូជអំបូរ​របស់​ឪពុក​ពួកនាង​ត​ទៅ។
13នេះ​ហើយ​ជា​បញ្ញត្តិ និង​ច្បាប់​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ដោយ‌សារ​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ។:៚

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 36: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល