ជន‌គណនា 34

34
ព្រំ​ប្រទល់​ស្រុក​កាណាន
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ប្រាប់​គេ​ថា "ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​កាណាន (នេះ​ហើយ​ជា​ស្រុក​ដែល​ត្រូវ​ធ្លាក់​មក​ជាមត៌ក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​កាណាន ដែល​កំណត់​ដោយ​ព្រំ‌ដែន​របស់​ស្រុក​នេះ) 3ផ្នែក​ខាង​ត្បូង​របស់​អ្នក​រាល់​គ្នា ត្រូវ​ចាប់​ពី​ទី​រហោ‌ស្ថាន​ស៊ីន ជាប់​នឹង​ស្រុក​អេដុម។ ព្រំ​ដែន​ខាង​ត្បូង​របស់​អ្នក​រាល់​គ្នា ត្រូវ​ចាប់​ផ្ដើម​ពី​ចុង​សមុទ្រ​អំបិល​នៅ​ទិស​ខាង​កើត។ 4ព្រំ​ដែន​របស់​អ្នក​រាល់​គ្នា​ត្រូវ​បត់​ទៅ​ខាង​ត្បូង តាម​ផ្លូវ​ឡើង​ទៅ​អេក្រា‌ប៊ីម ឆ្លង​កាត់​ស៊ីន ហើយ​ទៅ​ដល់​ត្រឹម​ខាង​ត្បូង​កាដេស-បារនា។ បន្ទាប់​មក ត្រូវ​បន្ត​ទៅ​ហាសា-អាដា​រហូត​ដល់​អាសម៉ូន។ 5ព្រំ​ដែន​នេះ ត្រូវ​បត់​ពី​អាសម៉ូន​ទៅ​រក​ស្ទឹង​ស្រុក​អេស៊ីព្ទ ហើយ​ផុត​ត្រឹម​សមុទ្រ។
6ព្រំ‌ដែន​ខាង​លិច មាន​សមុទ្រ​ធំ និង​ឆ្នេរ ហើយ​សមុទ្រ​នេះ​នឹង​បាន​ជា​ព្រំ​ដែន​ខាង​លិច​របស់​អ្នក​រាល់​គ្នា។
7ព្រំ‌ដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា គឺ​ត្រូវ​កំណត់​ចាប់​ពី​សមុទ្រ​ធំ​រហូត​ដល់​ភ្នំ​ហោរ 8ពី​ភ្នំ​ហោរ អ្នក​រាល់​គ្នា​ត្រូវ​កំណត់​ព្រំដែន​ដល់​ទ្វារ​ស្រុក​ហាម៉ាត ហើយ​បន្ត​ត្រឹម​សេដាដ។ 9បន្ទាប់មក ព្រំ‌ដែន​នេះ​ត្រូវ​លាត​សន្ធឹង​ទៅ​ដល់​ស៊ីប្រុន រហូត​ទៅ​ទល់​នឹង​ហាសា-អេណាន។ នេះ​ហើយ​ជា​ព្រំ​ដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា។
10អ្នក​រាល់​គ្នា​ត្រូវ​កំណត់​ព្រំ‌ដែន​ខាង​កើត ចាប់​ពី​ហាសា-អេណាន​ទៅ​ដល់​សេផាម 11ហើយ​ព្រំ‌ដែន​នេះ ត្រូវ​បន្ត​ចុះ​ពី​សេផាម​ទៅ​ដល់​រីបឡា ដែល​នៅ​ខាង​កើត​អាយីន រួច​ចុះ​ទៅ​ដល់​ជាយ​ខាង​កើត​សមុទ្រ​នេ‌សារ៉ែត។ 12ព្រំ‌ដែន​នេះ​ចុះ​ទៅ​តាម​ទន្លេ​យ័រ‌ដាន់ ទៅ​ផុត​ត្រឹម​សមុទ្រ​អំបិល។ នេះ​ហើយ​ជា​ព្រំ​ដែន​ព័ទ្ធ​ជុំ‌វិញ​ស្រុក​របស់​អ្នក​រាល់​គ្នា"»។
13លោក​ម៉ូសេ​បាន​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «នេះ​ហើយ​ជា​ស្រុក​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទុក​ជា​មត៌ក ដោយ​ចាប់​ឆ្នោត ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ចែក​ដល់​កុល‌សម្ព័ន្ធ​ទាំង​ប្រាំបួន និង​មួយ​ចំហៀង​កុល‌សម្ព័ន្ធ​ទៀត 14ដ្បិត​កុល‌សម្ព័ន្ធ​កូន​ចៅ​រូបេន តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ និង​កុល‌សម្ព័ន្ធ​កូន​ចៅ​កាដ តាម​វង្សា​នុវង្ស​របស់​ឪពុក​គេ បាន​ទទួល​មត៌ក​របស់​គេ​ហើយ ឯ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​ក៏​បាន​ទទួល​ហើយ​ដែរ។ 15កុល‌សម្ព័ន្ធ​ទាំង​ពីរ និង​កុល‌សម្ព័ន្ធ​មួយ​ចំហៀង​ទៀត​នោះ គេ​បាន​ទទួល​មត៌ក​របស់​គេ​នៅ​ត្រើយ​ទន្លេ​យ័រ‌ដាន់​ខាង​កើត ត្រង់​យេរីខូរ គឺ​ខាង​ទិស​ថ្ងៃ​រះ»។
ពួក​មេ‌ដឹក​នាំ​កុល‌សម្ព័ន្ធ
16ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 17«ឈ្មោះ​អ្នក​ដែល​ចែក​ស្រុក​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក គឺ​សង្ឃ​អេលាសារ និង​យ៉ូស្វេ​ជា​កូន​របស់​នុន។ 18ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ ត្រូវ​យក​មេ‌ដឹក​នាំ​ម្នាក់ ដើម្បី​បែង​ចែក​ស្រុក​ទុក​ជា​មត៌ក។ 19ឈ្មោះ​អ្នក​ទាំង​នោះ​មាន កាលែប ជា​កូន​របស់​យេភូនេ ពី​កុល‌សម្ព័ន្ធ​យូដា 20សាំយូ‌អែល ជា​កូន​របស់​អាំមីហ៊ូត ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន។ 21អេលីដាត ជា​កូន​របស់​គីស្លូន ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន។ 22ប៊ូគី ជា​កូន​របស់​យុកលី មេ​ដឹក‌នាំ​ពី​កុល‌សម្ព័ន្ធ​កូន​ចៅ​ដាន់។ 23ហានាល ជា​កូន​របស់​អេផូត មេ​ដឹក‌នាំ​របស់​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ម៉ាណា‌សេ ជា​កូន​របស់​យ៉ូសែប 24និង​កេមយួល ជា​កូន​របស់​ស៊ីប‌តាន មេ​ដឹក‌នាំ​ពី​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អេប្រាអិម។ 25អេលី‌សាផាន ជា​កូន​របស់​ប៉ារណាក មេ​ដឹក‌នាំ​ពី​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​សាប់‌យូ‌ឡូន។ 26ប៉ាល‌ទាល ជា​កូន​រប​ស់​អាស្សាន មេ​ដឹក‌នាំ​ពី​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីសាខារ។ 27អ័ហ៊ីហ៊ូដ ជា​កូន​របស់​សេឡូមី មេ​ដឹក‌នាំ​ពី​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អេស៊ើរ។ 28ពេដា‌ហិល ជា​កូន​របស់​អាំមីហ៊ូដ មេ​ដឹក‌នាំ​ពី​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ណែប‌ថាលី»។ 29នេះ​ហើយ​ជា​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ចែក​ស្រុក​កាណាន ទុក​ជា​មត៌ក​ដល់​កូន​ចៅ​អ៊ីស្រា‌អែល។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 34: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល