ជន‌គណនា 14:1-10

ជន‌គណនា 14:1-10 គកស១៦

ពេល​នោះ ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ប្រជាជន​នាំ​គ្នា​យំ​នៅ​យប់​នោះ។ ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​រអូ‌រទាំ​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន។ ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ស៊ូ​ឲ្យ​យើង​ស្លាប់​នៅ​ស្រុក​អេស៊ីព្ទ ឬ​ស្លាប់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​វិញ​ប្រសើរ​ជាង! ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក​នោះ ឲ្យ​ដួល​ស្លាប់​ដោយ​ដាវ​ដូច្នេះ? ប្រពន្ធ និង​កូនៗ​របស់​យើង​នឹង​ក្លាយ​ទៅ​ជា​រំពា​របស់​គេ​មិន​ខាន ហើយ​ដែល​យើង​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ នោះ​តើ​មិន​ប្រសើរ​ជាង​ទេ​ឬ?» ដូច្នេះ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចូរ​យើង​ជ្រើស​រើស​មេ​ដឹកនាំ​ម្នាក់ ហើយ​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ»។ ពេល​នោះ លោក​ម៉ូសេ និង​អើរ៉ុន ក្រាប​ចុះ​មុខ​ដល់​ដី​នៅ​ចំពោះ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា។ ក្នុង​ចំណោម​អស់​អ្នក​ដើរ​សង្កេត​មើល​ស្រុក គឺលោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ពោល​ទៅ​កាន់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «ស្រុក​ដែល​យើង​បាន​ដើរ​កាត់ ដើម្បី​សង្កេត​មើល​នោះ ជា​ស្រុក​ល្អ​ក្រៃ‌លែង។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ពួក​យើង នោះ​ព្រះ‌អង្គ​នឹង​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក​នោះ ហើយ​ប្រទាន​ស្រុក​នោះ​មក​យើង​ជា​មិន​ខាន គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ។ សូម​កុំ​ឲ្យ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា ឬ​ខ្លាច​មនុស្ស​នៅ​ស្រុក​នោះ​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ជា​អាហារ​សម្រាប់​យើង​ប៉ុណ្ណោះ ទី​ការ​ពារ​របស់​គេ​បាន​រើ​ចេញ​ពី​គេ​ទៅ​ហើយ ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ជា‌មួយ​យើង​ដែរ មិន​ត្រូវ​ខ្លាច​គេ​ឡើយ»។ ប៉ុន្តែ ក្រុម​ជំនុំ​ទាំង​មូល​គិត​គ្នា​បម្រុង​នឹង​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួកគេ។ ពេល​នោះ សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ក្នុង​ត្រសាល​ជំនុំ ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ឃើញ។

អាន ជន‌គណនា 14