ជន‌គណនា 11

11
ប្រជាជន​រអ៊ូរ​ទាំ​នៅ​ទី​រហោ‌ស្ថាន
1កាល​ប្រជាជន​នាំ​គ្នា​រអ៊ូ‌រទាំ​អំពី​ការ​លំបាក​របស់​គេ​នៅ​នឹង​ព្រះ‌កាណ៌​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌អង្គ​បាន​ឮ ហើយ​សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌អង្គ​ក៏​ឆួល​ឡើង។ ពេល​នោះ ភ្លើង​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆេះ​នៅ​កណ្ដាល​គេ ទាំង​ឆេះ​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ជាយ​ជំរំ។ 2ប៉ុន្តែ ប្រជាជន​នាំ​គ្នា​ស្រែក​រក​លោក​ម៉ូសេ ហើយ​លោក​ម៉ូសេ​ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា រួច​ភ្លើង​ក៏​ស្ងប់​ទៅ។ 3ដូច្នេះ គេ​ហៅ​ទី​នោះ​ថា តាបេរ៉ា ព្រោះ​ភ្លើង​រប​ស់​ព្រះ‌យេហូវ៉ា​បាន​ឆេះ​នៅ​កណ្ដាល​ពួកគេ។
4រីឯ​សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល គេ​មាន​ចិត្ត​លោភ​ជា​ខ្លាំង ហើយ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យំ​តាម​គេ​ដែរ ដោយ​ពោល​ថា៖ «តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិ‌ភោគ? 5យើង​នឹក​ឃើញ​ពី​ត្រី​ដែល​យើង​បរិ‌ភោគ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ស្រុក​អេស៊ីព្ទ ពី​ត្រសក់ ឪឡឹក ខ្ទឹម‌ខ្យល់ ខ្ទឹម‌ក្រហម និង​ខ្ទឹម​ស 6តែ​ឥឡូវ​នេះ យើង​រីង​ស្លាប់​ហើយ ដ្បិត​គ្មាន​អ្វី​សោះ ឃើញ​មាន​តែ​នំ​ម៉ាណា​នេះ​ប៉ុណ្ណោះ»។ 7រីឯ​នំ​ម៉ាណា​នេះ​មាន​ភាព​ដូច​ជា​គ្រាប់​ល្ង មាន​សម្បុរ​ដូច​ជា​ជ័រ​ប្ដេល្លាម។ 8ប្រជាជន​នាំ​គ្នា​ចេញ​ទៅ​រើស​យក​មក កិន​នឹង​ត្បាល់​កិន ឬ​បុក​ក្នុង​ត្បាល់​បុក រួច​ចម្អិន​ក្នុង​ឆ្នាំង​ធ្វើ​ជា​នំ ហើយ​មាន​រស‌ជាតិ​ដូច​ជា​នំ​ដែល​គេ​ដុត​ដោយ​ប្រេង​អូលីវ។ 9ពេល​សន្សើម​ធ្លាក់​មក​លើ​ជំរំ​នៅ​ពេល​យប់ នោះ​នំ​ម៉ាណា​ក៏​ធ្លាក់​មក​ជា‌មួយ​ដែរ។ 10លោក​ម៉ូសេ​ឮ​ប្រជាជន​យំ​នៅ​គ្រប់​គ្រួសារ​របស់​គេ គឺ​គ្រប់​គ្នា​យំ​នៅ​ទ្វារ​ចូល​ជំរំ​របស់​ខ្លួន។ ពេល​នោះ សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ជា​ខ្លាំង ហើយ​លោក​ម៉ូសេ​ក៏​អន់​ចិត្ត​ដែរ។ 11លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ទុក្ខ​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​មិន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ផ្ទុក​មនុស្ស​ទាំង​អស់​នេះ​មក​លើ​ទូល‌បង្គំ? 12តើ​ទូល‌បង្គំ​បាន​បង្កើត​មនុស្ស​ទាំង​អស់​នេះ​មក​ឬ? តើ​ទូល‌បង្គំ​ជា​ឪពុក​របស់​គេ​ឬ បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​ថា "ចូរ​បី​គេ ដូច​មេ‌ដោះ​បី​កូន​ដែល​នៅ​បៅ" រហូត​ទៅ​ដល់​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​គេ​ដូច្នេះ? 13តើ​ទូល‌បង្គំ​ទៅ​រក​សាច់​ឯ​ណា​មក​ឲ្យ​មនុស្ស​ទាំង​អស់​នេះ​បរិ‌ភោគ​បាន? ដ្បិត​គេ​មក​យំ​ដាក់​ទូល‌បង្គំ​ថា "ចូរ​ឲ្យ​សាច់​មក​យើង​បរិ‌ភោគ​ផង"។ 14ទូល‌បង្គំ​មិន​អាច​បី​ទ្រ​មនុស្ស​ទាំង​អស់​នេះ​ម្នាក់​ឯង​បាន​ទេ ដ្បិត​គេ​ជា​បន្ទុក​ធ្ងន់​ពេក​សម្រាប់​ទូល‌បង្គំ​ហើយ។ 15ប្រសិន‌បើ​ព្រះ‌អង្គ​ប្រព្រឹត្ត​នឹង​ទូល‌បង្គំ​ដូច្នេះ ហើយ​ប្រសិន‌បើ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​មែន នោះ​សូម​សម្លាប់​ទូល‌បង្គំ​ទៅ កុំ​ទុក​ឲ្យ​ទូល‌បង្គំ​ឃើញ​សេចក្ដី​វេទនា​របស់​ទូល‌បង្គំ​បែប​នេះ​ឡើយ»។
16ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រមូល​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល​ចិត​សិប​នាក់ ដែល​អ្នក​ដឹង​ថា​ជា​ចាស់‌ទុំ​ក្នុង​ចំណោម​ប្រជាជន និង​ជា​អ្នក​ដឹក​នាំ​លើ​ពួកគេ ឲ្យ​មក​ជួប​យើង។ ចូរ​នាំ​គេ​មក​កាន់​ត្រសាល​ជំនុំ ហើយ​ឲ្យ​ឈរ​នៅ​ទី​នោះ​ជា‌មួយ​អ្នក 17យើង​នឹង​ចុះ​មក​និយាយ​ជា‌មួយ​អ្នក​នៅ​ទី​នោះ ហើយ​យើង​នឹង​យក​វិញ្ញាណ​ខ្លះ ដែល​ស្ថិត​លើ​អ្នក ទៅ​ដាក់​លើ​គេ នោះ​គេ​នឹង​ជួយ​ផ្ទុក​បន្ទុក​ប្រជាជន​ទាំង​នេះ​ជា‌មួយ​អ្នក ដើម្បី​កុំ​ឲ្យ​អ្នក​ផ្ទុក​បន្ទុក​ទាំង​អស់​នេះ​តែ​ម្នាក់​ឯង។ 18ត្រូវ​ប្រាប់​ប្រជាជន​ថា "ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ជា​បរិសុទ្ធ​សម្រាប់​ថ្ងៃ​ស្អែក ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​បរិ‌ភោគ​សាច់ ដ្បិត​អ្នក​រាល់​គ្នា​បាន​យំ​សោក​នៅ​នឹង​ព្រះ‌កាណ៌​ព្រះ‌យេហូវ៉ា​ថា តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិ‌ភោគ? ដ្បិត​ដែល​ពួក​យើង​នៅ​ស្រុក​អេស៊ីព្ទ នោះ​ប្រសើរ​ជាង"។ ដូច្នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​សាច់​មក ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​បរិ‌ភោគ។ 19អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ មិន​មែន​ត្រឹម​តែ​មួយ​ថ្ងៃ ពីរ​ថ្ងៃ ឬ​ប្រាំ​ថ្ងៃ ដប់​ថ្ងៃ ឬ​ម្ភៃ​ថ្ងៃ​ប៉ុណ្ណោះ​ទេ 20គឺ​អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ​ពេញ​មួយ​ខែ រហូត​ទាល់​តែ​សាច់​នោះ​ចេញ​តាម​រន្ធ​ច្រមុះ ហើយ​រហូត​ដល់​អ្នក​រាល់​គ្នា​ធុញ‌ទ្រាន់​ផង ព្រោះ​អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោល​ព្រះ‌យេហូវ៉ា ដែល​គង់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​បាន​យំ​នៅ​ចំពោះ​ព្រះ‌អង្គ​ថា "ហេតុ​អ្វី​បាន​ជា​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដូច្នេះ?"»។ 21ប៉ុន្តែ លោក​ម៉ូសេ​ទូល​ថា៖ «មនុស្ស​ដែល​ទូល‌បង្គំ​នៅ​ជា​មួយ មាន​ពួក​ថ្មើរ​ជើង​ចំនួន​ប្រាំ​មួយ​សែន​នាក់ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​ឲ្យ​សាច់​ដល់​គេ ដែល​គេ​អាច​បរិ‌ភោគ​ពេញ​មួយ​ខែ!" 22តើ​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ​ដើម្បី​នឹង​សម្លាប់​ឲ្យ​ល្មម​សម្រាប់​ពួកគេ​បាន​ឬ? តើ​មាន​ត្រី​នៅ​ក្នុង​សមុទ្រ ដើម្បី​នឹង​ប្រមូល​ឲ្យ​ល្មម​សម្រាប់​ពួកគេ​បាន​ឬ?» 23ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​មក​លោក​ម៉ូសេ​ថា៖ «តើ​ព្រះ‌យេហូវ៉ាគ្មាន​អំណាច នឹង​ធ្វើការ​ដូច្នេះ​បាន​ឬ? ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ថា ពាក្យ​ដែល​យើង​និយាយ​នេះ​កើត​ឡើង​ពិត ឬ​មិន​ពិត»។
24ដូច្នេះ លោក​ម៉ូសេ​ក៏​ចេញ​ទៅ ហើយ​នាំ​យក​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ទៅ​ប្រាប់​ប្រជាជន។ លោក​ប្រមូល​ចាស់‌ទុំ​ចិត​សិប​នាក់ ពី​ក្នុង​ចំណោម​ប្រជាជន មក​ដាក់​ឲ្យ​ឈរ​នៅ​ជុំ‌វិញ​ត្រសាល​ជំនុំ។ 25ពេល​នោះ ព្រះ‌យេហូវ៉ា​យាង​ចុះ​មក​ក្នុង​ពពក ហើយ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក រួច​យក​វិញ្ញាណ​ខ្លះ ដែល​សណ្ឋិត​លើ​លោក ទៅ​ដាក់​លើ​ចាស់‌ទុំ​ទាំង​ចិត​សិប​នាក់។ កាល​ព្រះ‌វិញ្ញាណ​បាន​សណ្ឋិត​លើ​ពួកគេ ពួកគេ​ក៏​ថ្លែង​ទំនាយ តែ​មិន​បាន​ថ្លែង​ត​ទៅ​ទៀត​ទេ។
26មាន​បុរស​ពីរ​នាក់​ស្ថិត​នៅ​ក្នុង​ជំរំ មួយ​ឈ្មោះ​អែលដាដ និង​ម្នាក់​ទៀត​ឈ្មោះ​មីដាដ ហើយ​ព្រះ‌វិញ្ញាណ​ក៏​សណ្ឋិត​លើ​គេ​ដែរ។ អ្នក​ទាំង​ពីរ​បាន​ចុះ​ឈ្មោះ​រួច​ហើយ តែ​មិន​បាន​ចេញ​ទៅ​រោង​ឧបោសថ​ទេ ហើយ​គេ​ថ្លែង​ទំនាយ​នៅ​ក្នុង​ជំរំ។ 27យុវជន​ម្នាក់​រត់​ទៅ​ជម្រាប​លោក​ម៉ូសេ​ពី​រឿង​នោះ​ថា៖ «អែលដាដ និង​មីដាដ កំពុង​ថ្លែង​ទំនាយ​នៅ​ក្នុង​ជំរំ»។ 28ពេល​នោះ លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន ដែល​ជា​អ្នក​ជំនួយ​របស់​លោក​ម៉ូសេ តាំង​ពី​កំលោះ​មក ពោល​ថា៖ «លោក​ម្ចាស់​ខ្ញុំ​អើយ សូម​ហាម​គេ​ទៅ!» 29ប៉ុន្ដែ លោក​ម៉ូសេ​តប​ទៅ​គាត់​ថា៖ «តើ​អ្នក​ច្រណែន​ជំនួស​ខ្ញុំ​ឬ? សូម​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា​ទៅ​ជា​ហោរា​ទាំង​អស់​គ្នា ហើយ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ដាក់​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​លើ​គេ​ផង!»។ 30បន្ទាប់​មក លោក​ម៉ូសេ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ជំរំ​វិញ។
សត្វ​ក្រួច
31ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ខ្យល់​បក់​នាំ​សត្វ​ក្រួច​ពី​សមុទ្រ​មក ហើយ​ឲ្យ​ធ្លាក់​ក្បែរ​ជំរំ មាន​ចម្ងាយ​ផ្លូវ​ដើរ​មួយ​ថ្ងៃ​នៅ​ខាង​ណេះ ហើយ​ចម្ងាយ​ផ្លូវ​ដើរ​មួយ​ថ្ងៃ​នៅ​ខាង​ណោះ ជុំ‌វិញ​ជំរំ​ទាំង​អស់ ហើយ​គ​លើ​គ្នា​កម្ពស់​ប្រហែល​ពីរ​ហត្ថ​ពី​ដី។ 32ដូច្នេះ ប្រជាជន​ក្រោក​ឡើង នាំ​គ្នា​ចាប់​ក្រួច​ពេញ​មួយ​ថ្ងៃ​មួយ​យប់​នោះ ហើយ​ពេញ​មួយ​ថ្ងៃ​បន្ទាប់​ទៀត។ អ្នក​ដែល​ចាប់​បាន​តិច​ជាង​គេ នោះ​បាន​ដប់​ហាប រួច​គេ​ហាល​សាច់​សត្វ​គ្រួច​ទាំង​នោះ​ទុក​សម្រាប់​ខ្លួន​គេ​នៅ​ជុំ‌វិញ​ជំរំ។ 33ប៉ុន្តែ កាល​សាច់​នោះ​កំពុង​នៅ​ជាប់​នឹង​ធ្មេញ មិន​ទាន់​ទំពារ​នៅ​ឡើយ នោះ​សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​ប្រជាជន ហើយ​ព្រះ‌អង្គ​វាយ​ប្រជាជន​នោះ​ដោយ​គ្រោះ​កាច​មួយ​យ៉ាង​ធំ។ 34ដូច្នេះ គេ​ក៏​ហៅ​កន្លែង​នោះ​ថា គីប្រុត​ហាតាវ៉ា ព្រោះ​នៅ​ទី​នោះ​គេ​បាន​កប់​ខ្មោច​មនុស្ស​ដែល​មាន​ចិត្ត​លោភ​លន់។ 35ប្រជាជន​ក៏​ចេញ​ដំណើរ​ពី​គីប្រុត-ហាតាវ៉ា ឆ្ពោះ​ទៅ​កាន់​ហាសិរ៉ូត ហើយ​បោះ​ជំរំ​នៅ​ទី​នោះ។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 11: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល