ជន‌គណនា 1:1-17

ជន‌គណនា 1:1-17 គកស១៦

នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ពីរ ក្នុង​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ក្នុង​ត្រសាល​ជំនុំ នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា៖ «ចូរ​រាប់​ចំនួន​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក គឺ​គ្រប់​ទាំង​ប្រុសៗ តាម​ចំនួន​ឈ្មោះ​របស់​គេ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន។ អ្នក និង​អើរ៉ុន ត្រូវ​រាប់​ចំនួន​ពួក‌គេ តាម​អង្គ‌ភាព​របស់​គេ។ ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ ត្រូវ​ឲ្យ​មាន​ម្នាក់​ដែល​ជា​មេ​ក្នុង​វង្សា‌នុវង្ស​របស់​ឪពុក​ខ្លួន មក​ធ្វើ​ការ​ជា‌មួយ​អ្នក។ ឈ្មោះ​របស់​អស់​អ្នក​ដែល​នឹង​ជួយ​ការ​ងារ​អ្នក មាន​ដូច​តទៅ៖ អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ ពី​កុល‌សម្ព័ន្ធ​រូបេន។ ស៊្លូមាល ជា​កូន​របស់​ស៊ូរី‌សា‌ដាយ ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន។ ណាសូន ជា​កូន​របស់​អ័មី‌ណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។ នេថា‌នេល ជា​កូន​របស់​ស៊ូហារ ពី​កុល‌សម្ព័ន្ធ​អ៊ីសាខារ។ អេលាប ជា​កូន​របស់​ហេឡូន ពី​កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន។ កូន​ចៅ​របស់​យ៉ូសែប គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមីហ៊ូត ពី​កុល‌សម្ព័ន្ធ​អេប្រាអិម និង​កាម៉ា‌លាល ជា​កូន​រប​ស់​ផ្តាស៊ើរ ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។ អ័ប៊ីដាន ជា​កូន​របស់​គីដា‌ហូនី ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​របស់​អាំមី‌សា‌ដាយ ពី​កុល‌សម្ព័ន្ធ​ដាន់។ ប៉ាគី‌ហ៊ាល ជា​កូន​របស់​អូក្រាន ពី​កុល‌សម្ព័ន្ធ​អេស៊ើរ។ អេលា‌សាប់ ជា​កូន​របស់​ដេហ៊ូអែល ពី​កុល‌សម្ព័ន្ធ​កាដ។ អ័ហ៊ីរ៉ា ជា​កូន​របស់​អេណាន់ ពី​កុល‌សម្ព័ន្ធ​ណែប‌ថាលី»។ នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ក្រុម​ជំនុំ សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​កុល‌សម្ព័ន្ធ​នៃ​បុព្វ‌បុរស​របស់​ខ្លួន និង​ជា​មេ​ទ័ព​នៃ​សាសន៍​អ៊ីស្រា‌អែល។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​ក៏​យក​អ្នក​ដែល​បាន​រាយ​ឈ្មោះ​ខាង​លើ​នេះ​មក

អាន ជន‌គណនា 1