នេហេមា 9:26-38

នេហេមា 9:26-38 គកស១៦

ប៉ុន្តែ ពួក‌គេ​មាន​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ​នឹង​ព្រះ‌អង្គ ពួក‌គេ​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទៅ​ក្រោយ​ខ្នង ហើយ​បាន​សម្លាប់​ពួក​ហោរា​របស់​ព្រះ‌អង្គ ដែលបាន​ទូន្មានឲ្យ​គេ ដោយ​ប្រាថ្នា​ចង់​ឲ្យ​គេ​វិល​មក​រក​ព្រះ‌អង្គ​វិញ ពួក‌គេ​បាននាំ​គ្នា​ប្រមាថ​ព្រះ‌អង្គយ៉ាង​ខ្លាំង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រគល់​ពួក‌គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ ដែល​ញាំ‌ញី​សង្កត់‌សង្កិន​គេ តែ​កាល​ពួក‌គេ​កើត​មាន​សេចក្ដី​វេទនា ពួក‌គេក៏​ស្រែក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ស្ដាប់​ពួក‌គេ​ពី​ស្ថាន​សួគ៌ ព្រះ‌អង្គ​ប្រទាន​ឲ្យពួក‌គេ​មាន​ពួក​អ្នក​សង្គ្រោះ មក​សង្គ្រោះ​ពួក‌គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​សត្រូវ ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដ៏​ធំ​ក្រៃ‌លែង​របស់​ព្រះ‌អង្គ។ ប៉ុន្ដែ ក្រោយ​ពីពួក‌គេ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​ហើយ ពួក‌គេ​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ចំពោះ​ព្រះ‌អង្គ​ទៀត ហើយ​ព្រះ‌អង្គក៏បោះ​បង់ចោល​ពួក‌គេ នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដើម្បីឲ្យ​ខ្មាំង​សត្រូវ​មាន​អំណាច​លើ​ពួក‌គេ។ ប៉ុន្តែ កាល​ពួក‌គេ​បាន​ងាក​បែរ ហើយ​ស្រែក​អំពាវ‌នាវ​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ស្ដាប់​ពួក‌គេ​ពី​ស្ថាន​សួគ៌ ហើយ​ប្រោស​ឲ្យ​ពួក‌គេ​រួច​ជា​ច្រើន​ដង តាម​ព្រះ​ហឫ​ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ទូន្មានពួក‌គេ ដើម្បី​នាំ​ពួក‌គេ​មក​រក​ក្រឹត្យ‌វិន័យ​ព្រះ‌អង្គ​វិញ តែ​ពួក‌គេ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន មិន​ព្រម​ស្តាប់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ​ទេ គឺ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹងវិន័យ​របស់​ព្រះ‌អង្គ (ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​នៅ​ដោយ​សេចក្ដី​នោះ​ឯង ) ហើយបែរ​ស្មា​ដ៏​រឹង​ចចេស ក៏​តាំង​ក​របស់​គេ​រឹង មិន​ព្រម​ស្តាប់​បង្គាប់​ឡើយ។ ព្រះ‌អង្គ​បាន​ទ្រាំ​ទ្រ​នឹងពួក‌គេ​ជា​ច្រើន​ឆ្នាំ ហើយ​បាន​ទូន្មាន​ពួក‌គេ ដោយ‌សារ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ តាម​រយៈ​ពួក​ហោរា តែ​ពួក‌គេ​មិន​យក​ត្រចៀក​ស្តាប់​ទេ។ ដូច្នេះ ព្រះ‌អង្គ​ក៏​បាន​ប្រគល់​ពួក‌គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជាជន​ដែល​រស់​នៅ​ស្រុក​ទាំង​នោះ។ ប៉ុន្តែ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណាដ៏​ក្រៃ‌លែង​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​បាន​ធ្វើ​ឲ្យ​ពួក‌គេ​វិនាស​សាប​សូន្យ ឬ​បោះ‌បង់​ចោលពួក‌គេ​ឡើយ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ហឫ‌ទ័យ​ប្រណី​សន្តោស ហើយ​មេត្តា‌ករុណា។ ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ ជា​ព្រះ​ដ៏​ធំ ហើយ​មាន​ឫទ្ធា‌នុភាព គួរ​ឲ្យ​ស្ញែង​ខ្លាច ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុ‌រស​អើយ សូម​កុំ​ឲ្យ​សេចក្ដី​ទេវនា​ទាំង​ប៉ុន្មាន ដែល​បាន​កើត​មាន​ដល់​យើង​ខ្ញុំ ព្រម​ទាំង​ស្តេច ពួក​មេ ពួក​សង្ឃ ពួក​ហោរា បុព្វ‌បុរស​យើង​ខ្ញុំ និង​ប្រជា‌រាស្ត្រ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ចាប់​ពី​គ្រារបស់​ពួក​ស្តេច​ស្រុក​អាស‌ស៊ើរ រហូត​ដល់​សព្វ​ថ្ងៃ​នេះ រាប់​ថាជា​ការ​តិច‌តួច​ឡើយ។ ប៉ុន្តែ ព្រះ‌អង្គ​សុចរិត​ក្នុង​គ្រប់​ទាំង​ហេតុ‌ការណ៍​ដែល​បាន​កើត​មាន​ដល់​យើង​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​ដោយ​ស្មោះ‌ត្រង់ តែ​ឯ​យើង​ខ្ញុំ​វិញ បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់ ពួក​ស្តេច​របស់​យើង​ខ្ញុំ ពួក​មេ​របស់​យើង​ខ្ញុំ ពួក​សង្ឃ​របស់​យើង​ខ្ញុំ និង​បុព្វ‌បុរស​របស់​យើង​ខ្ញុំ មិន​បាន​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទេ ក៏​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​បទ​បញ្ជា ព្រម​ទាំង​ការ​ព្រមាន​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​ដល់​ពួក‌គេ​ឡើយ។ ទោះ​ជា​ពេល​ដែល​គេ​រស់​នៅ​ក្នុង​នគរ​របស់​ខ្លួន ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​អស់​ទាំង​សេចក្ដី​ល្អ​ក្រៃ‌លែង ហើយ​នៅ​ក្នុង​ស្រុក​ដ៏​ធំ​ទូលាយ មាន​ជី‌ជាតិ ដែល​ព្រះ‌អង្គ​បាន​ដាក់​នៅ​មុខ​គេ ក៏​គេ​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ ឬ​ងាក​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ដែរ។ មើល៍ យើង​ខ្ញុំ​ជា​បាវ​បម្រើ​របស់​គេ​រហូត​ដល់​ថ្ងៃ​នេះ គឺ​ជា​បាវ​បម្រើ​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​ដល់​បុព្វ‌បុរស​របស់​យើង​ខ្ញុំ ដើម្បី​បរិ‌ភោគ​ផល​ផ្លែ និង​សេចក្ដី​ល្អ​នៅ​ក្នុង​ស្រុក។ ភោគ‌ផល​ដ៏​សម្បូរ​ហូរ‌ហៀរ​របស់​ស្រុក​នេះ បែរ​ជា​ទុក​សម្រាប់​ពួក​ស្តេច ដែល​ព្រះ‌អង្គ​បាន​តាំង​ឲ្យ​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ដោយ​ព្រោះ​អំពើ​បាប​របស់​យើង​ខ្ញុំ។ ស្តេច​ទាំង​នោះ​ត្រួត​ត្រា​លើ​រាង​កាយ​យើង​ខ្ញុំ និង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ តាម​អំពើ​ចិត្ត​របស់​គេ ហើយ​យើង​ខ្ញុំ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង»។ ដោយ​មាន​ហេតុការណ៍​ទាំង​អស់​នេះ យើង​ខ្ញុំ​ក៏​តាំង​សញ្ញា​មួយ​យ៉ាង​មាំ‌មួន​ជា​លាយ​លក្ខណ៍​អក្សរ ហើយ​មាន​ពួក​មេ ពួក​លេវី និង​ពួក​សង្ឃ​របស់​យើង​ខ្ញុំ ជា​អ្នក​បោះ​ត្រា​លើ​សេចក្ដី​សញ្ញា​នោះ។

អាន នេហេមា 9