នេហេមា 10

10
1 នៅ​លើ​ឯក​សារ​ដែល​បាន​បោះ​ត្រានោះ មានឈ្មោះ នេហេមា ជា​ទេសា‌ភិបាល និង​ជា​កូន​ហាកាលា បន្ទាប់​មក មាន​សេដេគា 2សេរ៉ា‌យ៉ា អ័សារា យេរេមា 3ផាស‌ហ៊ើរ អ័ម៉ារា ម៉ាលគា 4ហាធូស សេបានា ម៉ាលូក 5ហារីម ម្រេម៉ូត អូបា‌ឌា 6ដានី‌យ៉ែល គីនេ‌ថោន បារូក 7មស៊ូ‌ឡាម អ័ប៊ីយ៉ា មីយ៉ា‌មីន 8ម្អាស៊ា ប៊ីល‌កាយ សេម៉ា‌យ៉ា អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​ពួក​សង្ឃ។ 9ឯ​ពួក​លេវី​មាន យេសួរ ជា​កូន​អ័សានា និង​ប៊ីនុយ មក​ពី​អំបូរ​ហេណា‌ដាឌ កាឌ‌មាល 10និង​ពួក​បង‌ប្អូន​របស់​គេ សេបានា ហូឌា កេលីថា ពេឡា‌យ៉ា ហាណាន 11មីកា រេហុប ហា‌សាប‌យ៉ា 12សាគើរ សេរេ‌ប៊ីយ៉ា សេបានា 13ហូឌា បានី និង​បេនីនូ។ 14ពួក​មេ​ដឹក​នាំ​លើ​ប្រជាជនមាន ប៉ារ៉ូស ផាហាត-ម៉ូអាប់ អេឡាំ សាធូរ បានី 15ប៊ូននី អាសកាឌ បេបាយ 16អ័ដូ‌នីយ៉ា ប៊ីកវ៉ាយ អេឌីន 17អេធើ ហេ‌សេ‌គា អ័ស៊ើរ 18ហូឌា ហាស៊ូម បេសាយ 19ហារីប អ័‌ណាថូត នេបាយ 20ម៉ាក‌ពី‌អាស មស៊ូ‌ឡាម ហេស៊ារ 21មសេ‌សាបេល សាដុក យ៉ាដួរ 22ពេ‌ឡាធា ហាណាន អ័‌ណាយ៉ា 23ហូសេ ហា‌ណា‌នា ហាស៊ូប 24ហាឡូ‌ហេស ពីឡាហា សូបេក 25រេហ៊ូម ហា‌សាប‌ណា ម្អា‌សេ‌យ៉ា 26អ័‌ហ៊ីយ៉ា ហាណាន អ័ណាន 27ម៉ាលូក ហារីម និង​ប្អាណា។
សង្ខេប​សេចក្ដី​សញ្ញា
28ឯ​ប្រជា‌ជន​ឯ​ទៀតៗ ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​អស់​អ្នក​ដែល​បាន​ញែក​ខ្លួន​ចេញពី​ប្រជា‌ជន​ដែល​រស់​នៅ​ស្រុក​ទាំង​នោះ ដើម្បី​ធ្វើ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ ព្រម​ទាំង​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​ពួក​គេ គឺ​អស់​អ្នក​ដែល​មាន​ចំណេះ និង​ការ​យល់​ដឹង 29ចូល​រួម​ជាមួយ​ពួក​បង‌ប្អូន​របស់​ពួក​គេ ពួក​អភិជន​របស់​ពួក‌គេ ពួក​គេ​ស្បថ​ឲ្យ​ត្រូវ​បណ្ដា​សា​ដល់​ខ្លួន ប្រសិន​បើ​គេមិន​បាន​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ ដែល​បាន​ប្រទាន​មក​ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​រក្សា និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើង ព្រម​ទាំង​ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ។ 30យើង​មិន​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​ឲ្យ​ប្រជា‌ជន​ដែល​នៅ​ក្នុង​ស្រុក​នេះ ឬ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​យើង​ឡើយ។ 31ប្រសិន​បើ​សាសន៍​ដទៃ​ដែល​នៅ​ក្នុង​ស្រុក​នេះ យក​ទំនិញ ឬ​ស្រូវ​អង្ករ​មក​លក់នៅ​ថ្ងៃ​សប្ប័ទ យើងនឹង​មិន​ព្រម​ទិញ​ពី​គេ​នៅ​ថ្ងៃ​សប្ប័ទ ឬ​នៅ​ថ្ងៃ​បរិសុទ្ធ​ណា​ឡើយ ហើយ​យើង​នឹង​ទុក​ដី​ឲ្យ​នៅ​ទំនេរ​នៅ​ឆ្នាំ​ទី​ប្រាំពីរ ព្រម​ទាំង​លើក​លែង​បំណុល​គ្រប់​ទាំង​អស់។
32មួយ​ទៀត យើង​ក៏​តាំង​ច្បាប់ ឲ្យ​ត្រូវ​បង់​មួយ​ភាគ​ក្នុង​បី ក្នុង​មួយ​សេកែល​រាល់​ឆ្នាំ សម្រាប់​ការ‌ងារ​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង 33គឺ​ជា​តម្លៃ​នៃ​នំបុ័ង​តាំង​ទុក តង្វាយ​ម្សៅ​ដែល​ថ្វាយ​ជា​ប្រចាំ និង​តង្វាយ​ដុត​ដែល​ថ្វាយ​ជា‌ប្រចាំ ហើយ​នៅ​ថ្ងៃ​សប្ប័ទ ថ្ងៃ​ចូល​ខែ និងថ្ងៃ​បុណ្យ​ដែល​បាន​កំណត់ វត្ថុ​បរិសុទ្ធ តង្វាយ​លោះ​បាប សម្រាប់​ធ្វើ​ពិធី​រំដោះ​បាប​ពួក​អ៊ីស្រា‌អែល និង​សម្រាប់​អស់​ទាំង​កិច្ច​ការ‌ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។ 34យើងជាពួក​សង្ឃ ពួក​លេវី និង​ប្រជា‌ជន បាន​ចាប់​ឆ្នោត​ពី​ដំណើរ​តង្វាយ​ជា​ឧស ដើម្បី​យក​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង តាម​វង្ស​របស់​ឪពុក​យើង តាម​ពេល​កំណត់ គឺ​រៀង​រាល់​ឆ្នាំ សម្រាប់​ដុត​នៅ​លើ​អាសនា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ។ 35យើង​សន្យា​នឹង​យក​ផល​ដំបូង​ពី​ស្រែ​ចម្ការ​របស់​យើង និង​ផល​ដំបូង​ពី​ផ្លែ​ឈើ​គ្រប់​មុខ មក​ឯ​ព្រះ‌ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ជា​រៀង​រាល់​ឆ្នាំ 36ព្រម​ទាំង​នាំ​កូន​ច្បង​របស់​យើង កូន​ដំបូង​នៃ​សត្វ​របស់​យើង ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ និង​កូនដំបូង​ក្នុង​ហ្វូង​គោ ហ្វូង​ចៀម​របស់​យើង មក​ឯ​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង គឺ​នាំ​មក​ជូន​ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង 37ហើយ​ក៏​យក​ផល​នៃ​ម្សៅ​លាយ​ដំបូង តង្វាយ​លើក​ចុះ​ឡើង ផ្លែ​ឈើ​គ្រប់​មុខ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង មក​ជូន​ពួក​សង្ឃ នៅ​ក្នុង​បន្ទប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង ព្រម​ទាំង​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​នៃ​ផល​ពី​ដីរបស់​យើង មក​ជូន​ពួក​លេវី ដ្បិត​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន គឺ​ពួក​លេវីហើយ​ដែល​ប្រមូល​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​ផល​នៃ​ស្រែ​ចម្ការ​របស់​យើង។ 38សង្ឃ​មួយ​រូប ដែល​ជា​ពូជ​ពង្ស​របស់​លោក​អើរ៉ុន នឹង​នៅ​ជា​មួយ​ពួក​លេវី នៅ​ពេល​ពួក​លេវី​ទទួល​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ ហើយ​ពួក​លេវី​ត្រូវ​យក​មួយ​ភាគ​ក្នុងដប់ ពី​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ ទៅឯ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដាក់​ក្នុង​បន្ទប់ ជា​ឃ្លាំង​នៃ​ព្រះ‌ដំណាក់។ 39ដ្បិត​ប្រជា‌ជន​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​លេវី ត្រូវ​យក​តង្វាយ​លើក​ចុះ​ឡើង ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង​មក​ដាក់​ក្នុង​បន្ទប់ ជា​កន្លែង​ដែល​ទុក​គ្រឿង​ប្រដាប់​របស់​ទី​បរិសុទ្ធ ហើយ​ពួក​សង្ឃ​ដែល​បម្រើ​ការ‌ងារ ពួក​ឆ្មាំ​ទ្វារ និង​ពួក​ចម្រៀង​ក៏​ស្ថិត​នៅ​ទី​នោះ​ដែរ។ យើង​នឹង​មិន​បោះ‌បង់​ចោល​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង​ឡើយ។

ទើបបានជ្រើសរើសហើយ៖

នេហេមា 10: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល