ម៉ាកុស 9:17-27

ម៉ាកុស 9:17-27 គកស១៦

ពេល​នោះ មាន​ម្នាក់​ក្នុង​ចំណោម​បណ្ដាជន​ទូល​ឆ្លើយ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! ខ្ញុំ​បាន​នាំ​កូន​ប្រុស​ខ្ញុំ​មក​រក​លោក​គ្រូ ព្រោះ​វា​មាន​វិញ្ញាណ​គ​ចូល ហើយ​ពេល​ណា​វិញ្ញាណ​នោះ​ចូល​ម្តងៗ វា​ធ្វើ​ឲ្យ​កូន​ខ្ញុំ​ប្រកាច់​ជា​ខ្លាំង បែក​ពពុះ​មាត់ សង្កៀត​ធ្មេញ ហើយ​ទៅ​ជា​រឹង​ខ្លួន។ ខ្ញុំ​បាន​សុំ​ឲ្យ​ពួក​សិស្ស​របស់​លោក​គ្រូ​ដេញ​វិញ្ញាណ​នោះ​ដែរ តែ​គេ​ពុំ​អាច​ដេញ​វា​ចេញ​បាន​សោះ»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖ «ឱ​ជំនាន់​មនុស្ស​ដែល​មិន​ជឿ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។ គេ​ក៏​នាំ​ក្មេង​នោះ​មក។ កាល​វិញ្ញាណ​នោះ​ឃើញ​ព្រះ‌អង្គ វា​ក៏​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ប្រកិន ដួល​ននៀល​នៅ​លើ​ដី ទាំង​បែក​ពពុះ​មាត់​ភ្លាម​មួយ​រំពេច។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​ឪពុក​ថា៖ «តើ​ក្មេង​នេះ​ធ្វើ​ទុក្ខ​ដូច្នេះ​តាំង​ពី​ពេល​ណា​មក?» គាត់​ទូល​ឆ្លើយ​ថា៖ «តាំង​តែ​ពី​តូច​មក​ម៉្លេះ។ វិញ្ញាណ​នោះ​ធ្វើ​ឲ្យ​វា​ដួល​ទៅ​ក្នុង​ភ្លើង និង​ធ្លាក់​ទៅ​ក្នុង​ទឹក​ជា​ញឹក​ញាប់ ដើម្បី​សម្លាប់​វា ប៉ុន្តែ ប្រសិន‌បើ​លោក​គ្រូ​អាច​ធ្វើ​បាន សូម​អាណិត​មេត្តា​ជួយ​យើង​ខ្ញុំ​ផង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ប្រសិន‌បើ​អាច​ដូច្នេះ​ឬ? គ្រប់​ការ​ទាំង​អស់​អាច​សម្រេច​បាន​ដល់​អ្នក​ណា​ដែល​ជឿ»។ ភ្លាម​នោះ ឪពុក​របស់​ក្មេង​នោះ​ក៏​ស្រែក​ឡើង​ថា៖ «ខ្ញុំ​ជឿ​ហើយ សូម​ជួយ​កុំ​ឲ្យ​ខ្ញុំ​សង្ស័យ​ផង!» កាល​ព្រះ‌យេស៊ូវ​ឃើញ​បណ្ដាជន​នាំ​គ្នា​រត់​មក ព្រះ‌អង្គ​បន្ទោស​វិញ្ញាណ​អាក្រក់​ថា៖ «នែ៎ វិញ្ញាណ​គ​ថ្លង់! យើង​បញ្ជា​ឲ្យ​ឯង​ចេញ​ពី​ក្មេង​នេះ​ទៅ កុំ​ចូល​វា​ទៀត​ឲ្យ​សោះ!»។ វា​ក៏​ស្រែក​ឡើង ទាំង​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ជា​ខ្លាំង រួច​ចេញ​ទៅ ឯ​ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ហើយ​មនុស្ស​ជា​ច្រើន​និយាយ​ថា៖ «វា​ស្លាប់​ហើយ!» ប៉ុន្តែ ព្រះ‌យេស៊ូវ​ចាប់​ដៃ​ក្មេង​នោះ​ឲ្យ​ក្រោក​ឡើង ហើយ​វា​ក៏​ក្រោក​ឈរ។

អាន ម៉ាកុស 9

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 9:17-27