ព្រះយេស៊ូវ និងពួកសិស្សបានបន្តដំណើរចេញទៅភូមិនានា នៅស្រុកសេសារាភីលីព ហើយនៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជាអ្នកណា?» គេទូលឆ្លើយទៅព្រះអង្គថា៖ «ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ហើយខ្លះទៀតថាជាហោរាណាមួយ»។ ព្រះអង្គសួរគេថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជាអ្នកណា?» ពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គជាព្រះគ្រីស្ទ»។ ពេលនោះ ព្រះអង្គហាមផ្តាច់មិនឲ្យគេប្រាប់អ្នកណាអំពីព្រះអង្គឡើយ។ បន្ទាប់មក ព្រះអង្គចាប់ផ្ដើមបង្រៀនគេថា៖ «កូនមនុស្សត្រូវរងទុក្ខជាខ្លាំង ហើយត្រូវពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យបោះបង់ចោល ហើយសម្លាប់លោក តែបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ ព្រះអង្គមានព្រះបន្ទូលពីដំណើរនេះជាចំហ។ ពេលនោះ ពេត្រុសនាំព្រះអង្គទៅដាច់ដោយឡែក ហើយចាប់ផ្ដើមបន្ទោសព្រះអង្គ។ ប៉ុន្តែ ព្រះអង្គងាកទតទៅពួកសិស្ស ហើយបន្ទោសពេត្រុសថា៖ «នែ៎សាតាំង! ចូរថយទៅក្រោយយើងទៅ ដ្បិតអ្នកមិនគិតតាមគំនិតរបស់ព្រះទេ គឺតាមតែគំនិតរបស់មនុស្សប៉ុណ្ណោះ»។ ព្រះអង្គត្រាស់ហៅបណ្ដាជន និងពួកសិស្សឲ្យចូលមក រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំ។ ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន អ្នកនោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយព្រោះខ្ញុំ និងដោយព្រោះដំណឹងល្អ នោះនឹងបានជីវិតវិញ។ ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ? តើគេអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? អ្នកណាដែលមានសេចក្តីខ្មាសដោយព្រោះខ្ញុំ និងដោយព្រោះពាក្យខ្ញុំ នៅក្នុងជំនាន់មនុស្សផិតក្បត់ ហើយមានបាបនេះ កូនមនុស្សក៏នឹងមានសេចក្តីខ្មាស ដោយព្រោះអ្នកនោះដែរ ពេលលោកយាងមកក្នុងសិរីល្អរបស់ព្រះវរបិតារបស់លោក ជាមួយពួកទេវតាបរិសុទ្ធ»។
អាន ម៉ាកុស 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 8:27-38
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ