នៅគ្រានោះ មានមហាជនច្រើនកុះករបានមកជួបជុំគ្នាម្ដងទៀត ហើយគេគ្មានអ្វីបរិភោគ។ ព្រះអង្គហៅពួកសិស្សមក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានចិត្តក្តួលអាណិតដល់បណ្ដាជនទាំងនេះណាស់ ព្រោះគេបាននៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ បើខ្ញុំឲ្យគេត្រឡប់ទៅផ្ទះវិញទាំងឃ្លាន នោះគេនឹងអស់កម្លាំងដួលតាមផ្លូវមិនខាន ដ្បិតអ្នកខ្លះបានធ្វើដំណើរមកពីឆ្ងាយណាស់»។ ពួកសិស្សទូលឆ្លើយថា៖ «នៅទីរហោស្ថានដូច្នេះ តើអ្នកណាអាចរកនំបុ័ងឲ្យមនុស្សទាំងនេះបរិភោគបាន?» ព្រះអង្គសួរគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន?» គេទូលថា៖ «មានប្រាំពីរដុំ»។ ពេលនោះ ព្រះអង្គបង្គាប់ឲ្យបណ្តាជនអង្គុយនៅលើដី ហើយទ្រង់យកនំបុ័ងប្រាំពីរដុំនោះមក អរព្រះគុណ រួចកាច់ប្រទានឲ្យពួកសិស្ស ហើយគេក៏យកទៅចែកឲ្យបណ្ដាជន។ គេមានត្រីតូចៗខ្លះដែរ កាលអរព្រះគុណរួចហើយ ព្រះអង្គក៏បង្គាប់ពួកសិស្សឲ្យចែកត្រីទាំងនោះទៀត។ គេបានបរិភោគឆ្អែតស្កប់ស្កល់ ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានប្រាំពីរកន្ត្រក។ ពេលនោះ មានមនុស្សប្រហែលបួនពាន់នាក់។ បន្ទាប់មក ព្រះអង្គឲ្យគេត្រឡប់ទៅវិញ។ ភ្លាមនោះ ព្រះអង្គយាងចុះទូកជាមួយពួកសិស្ស ទៅកាន់ស្រុកដាលម៉ានូថា ។ ពួកផារិស៊ីចេញមក ហើយចាប់ផ្ដើមជជែកដេញដោល ដើម្បីល្បងលព្រះអង្គ គេសូមឲ្យព្រះអង្គសម្តែងទីសម្គាល់មួយពីស្ថានសួគ៌ដល់គេ។ ព្រះអង្គដកដង្ហើមធំ ហើយមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាមនុស្សជំនាន់នេះសួររកតែទីសម្គាល់ដូច្នេះ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានទីសម្គាល់ណាប្រទានដល់មនុស្សជំនាន់នេះឡើយ»។ បន្ទាប់មក ព្រះអង្គក៏យាងចេញពីគេ ហើយចុះទូកឆ្លងទៅត្រើយម្ខាងវិញ។ ពេលនោះ ពួកសិស្សភ្លេចយកនំបុ័ងទៅជាមួយ ហើយនៅក្នុងទូក គេមានតែនំប៉័ងមួយដុំប៉ុណ្ណោះ។ ព្រះអង្គមានព្រះបន្ទូលដាស់តឿនគេថា៖ «ចូរប្រយ័ត្ន មិនត្រូវទុកចិត្តនឹងដំបែរបស់ពួកផារិស៊ី និងដំបែរបស់ពួកហេរ៉ូឌឡើយ»។ គេរិះគិតគ្នាថា៖ «នេះមកពីយើងគ្មាននំបុ័ងទេដឹង!» ដោយជ្រាបពីរឿងនេះ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នានិយាយពីរឿងគ្មាននំបុ័ងដូច្នេះ? តើអ្នករាល់គ្នានៅតែមិនឃើញ ឬមិនយល់ទៀតឬ? តើអ្នករាល់គ្នាមានចិត្តរឹងរូសឬ? តើអ្នករាល់គ្នាមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ ហើយមិនចាំទេឬ? កាលខ្ញុំកាច់នំបុ័ងប្រាំដុំឲ្យមនុស្សប្រាំពាន់នាក់បរិភាគ តើអ្នករាល់គ្នាប្រមូលចំណិតដែលនៅសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក?» គេទូលព្រះអង្គថា៖ «ដប់ពីរកន្ត្រក»។ «ចុះកាលខ្ញុំកាច់នំបុ័ងប្រាំពីរដុំឲ្យមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលចំណិតដែលសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក?» គេទូលព្រះអង្គថា៖ «ប្រាំពីរកន្ត្រក»។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬ?»។
អាន ម៉ាកុស 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 8:1-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ