ម៉ាកុស 7:14-37

ម៉ាកុស 7:14-37 គកស១៦

បន្ទាប់​មក ព្រះ‌អង្គ​ហៅ​បណ្តាជន​មក​ម្ដង​ទៀត ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អ្នក​ទាំង​អស់​គ្នា​ស្តាប់​ខ្ញុំ ហើយ​ឲ្យ​យល់​ចុះ គ្មាន​អ្វី​ពី​ខាង​ក្រៅ ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស អាច​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ គឺ​អ្វីៗ​ដែល​ចេញ​ពី​មនុស្ស​មក​នោះ​វិញ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!»។ កាល​ព្រះ‌អង្គ​យាង​ចេញ​ពី​បណ្ដា​ជន ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​ប្រៀប​ធៀប​នោះ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ដូច្នេះអ្នក​រាល់​គ្នា​ក៏​មិន​យល់​ដែរ​ឬ? អ្នក​រាល់​គ្នា​មិន​យល់​ទេ​ឬ​ថា អ្វីៗ​ពី​ខាង​ក្រៅ​ចូល​ក្នុង​មនុស្ស ពុំ​អាច​ធ្វើ​ឲ្យ​គេ​ទៅ​ជា​មិន​បរិសុទ្ធ​នោះ​ឡើយ ដ្បិត​អ្វីៗ​ទាំង​នោះ​មិន​ចូល​ទៅ​ក្នុង​ចិត្ត​ទេ គឺ​ចូល​ទៅ​ក្នុង​ពោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់​ទេ​តើ!» (ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដូច្នេះ បញ្ជាក់​ថា អាហារ​ទាំង​អស់​សុទ្ធ​តែ​ស្អាត)។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៀត​ថា៖ «មាន​តែ​អ្វី​ដែល​ចេញ​ពី​មនុស្ស​មក​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​គេ​មិន​បរិសុទ្ធ ដ្បិត​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស ចេញ​មក​ជា​គំនិត​អាក្រក់ សហាយ​ស្មន់ លួច​ប្លន់ សម្លាប់​មនុស្ស ផិត​ក្បត់ លោភ​លន់ ចិត្ត​អាក្រក់ បោក​ប្រាស់ អាស‌អាភាស ច្រណែន​ឈ្នានីស ជេរ​ប្រមាថ អំនួត និង​ឆ្កួត​លេលា។ សេចក្តី​អាក្រក់​ទាំង​នេះ​ហើយ​ដែល​ចេញ​ពី​ខាង​ក្នុង​មក ហើយ​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ»។ ព្រះ‌អង្គ​ក្រោក​ឡើង ហើយ​យាង​ចេញ​ពី​ទី​នោះ ទៅ​កាន់​កន្លែង​មួយ​ជិត​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ ហើយ​មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​ថា​ទ្រង់​គង់​នៅ​ទី​នោះ​ឡើយ តែ​ព្រះ‌អង្គ​ពុំ​អាច​លាក់​បាន ដ្បិត​ស្ត្រី​ម្នាក់​ដែល​កូន​ស្រី​មាន​វិញ្ញាណ​អាក្រក់​ចូល បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌អង្គ​ភ្លាម ក៏​ចូល​មក​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ។ ស្ត្រី​នោះ ជា​សាសន៍​ក្រិក ដើម​កំណើត​ស៊ីរ៉ូ‌ភេនីស។ នាង​ទូល​អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​ដេញ​អារក្ស​ចេញ​ពី​កូន​ស្រី​របស់​នាង តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «ត្រូវ​ឲ្យ​កូន​បរិ‌ភោគ​ឆ្អែត​ជា​មុន​សិន ដ្បិត​មិន​គួរ​យក​នំប៉័ង​របស់​កូន បោះ​ទៅ​ឲ្យ​ឆ្កែ​ឡើយ»។ នាង​ទូល​ឆ្លើយ​ថា៖ «មែន​ហើយ ព្រះ‌អម្ចាស់ សូម្បី​តែ​ឆ្កែ​នៅ​ក្រោម​តុ​ក៏​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​កូន​នោះ​មក​ដែរ»។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា៖ «ដោយ​សារ​ពាក្យ​នេះ ចូរ​នាង​ទៅ​ចុះ អារក្ស​បាន​ចេញ​ពី​កូន​ស្រី​នាង​ហើយ»។ នាង​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ឃើញ​ក្មេង​នោះ​ដេក​នៅ​លើ​គ្រែ ដ្បិត​អារក្ស​បាន​ចេញ​បាត់​ហើយ។ បន្ទាប់​មក ព្រះ‌អង្គ​យាង​ត្រឡប់​ពី​តំបន់​ក្រុង​ទីរ៉ុស យាង​កាត់​ក្រុង​ស៊ីដូន ឆ្ពោះ​ទៅ​កាន់​សមុទ្រ​កាលី‌ឡេ ក្នុង​តំបន់​ស្រុក​ដេ​កា​ប៉ូល។ គេ​នាំ​បុរស​ថ្លង់​ម្នាក់ ដែល​និយាយ​ទាំង​ពិបាក​មក​ជួប​ព្រះ‌អង្គ ហើយ​គេ​ទូល​អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ​គាត់។ ព្រះ‌អង្គ​នាំ​គាត់​ចេញ​ទៅ​ដោយ​ឡែក ដាច់​ពី​បណ្តាជន ទ្រង់​ដាក់​ព្រះ​អង្គុលី​ក្នុង​ត្រចៀក​គាត់ រួច​ស្តោះ​ទឹក​ព្រះ‌ឱស្ឋ ហើយ​ពាល់​អណ្តាត​គាត់។ បន្ទាប់​មក ព្រះ‌អង្គ​ងើប​ព្រះ‌ភក្ត្រ​ទត​ទៅ​លើ​មេឃ ដក​ដង្ហើម​ធំ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «អិបផាថា» មាន​ន័យ​ថា «ចូរ​បើក​ឡើង»។ រំពេច​នោះ​ស្រាប់​តែ​ត្រចៀក​គាត់​បើក​ឡើង អណ្តាត​គាត់​ក៏​គ្រលាស់​បាន ហើយ​គាត់​និយាយ​បាន​យ៉ាង​ច្បាស់។ ពេល​នោះ ព្រះ‌អង្គ​ហាម​គេ​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​ហាម​គេ​ខ្លាំង​យ៉ាង​ណា គេ​រឹត​តែ​ប្រកាស​ពី​ហេតុ‌ការណ៍​នោះ​កាន់​តែ​ខ្លាំង​យ៉ាង​នោះ​ដែរ។ គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ពន់​ពេក ដោយ​ពាក្យ​ថា៖ «លោក​បាន​ធ្វើ​ការ​ទាំង​អស់​សុទ្ធ​តែ​ល្អ គឺ​លោក​បាន​ប្រោស​ទាំង​មនុស្ស​ថ្លង់​ឲ្យ​ស្តាប់​ឮ ហើយ​មនុស្ស​គ​ឲ្យ​និយាយ​បាន»។

អាន ម៉ាកុស 7