នាងក៏ចេញទៅសួរមាតាថា៖ «តើខ្ញុំម្ចាស់ត្រូវសុំអ្វី?» មាតាឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ូហាន-បាទីស្ទ»។ នាងក៏ប្រញាប់ប្រញាល់ចូលទៅគាល់ស្តេចភ្លាម ហើយទូលថា៖ «ខ្ញុំម្ចាស់ចង់ឲ្យព្រះអង្គប្រទានក្បាលរបស់យ៉ូហាន-បាទីស្ទ ដាក់លើថាសឲ្យខ្ញុំម្ចាស់ឥឡូវនេះ!» ស្តេចមានព្រះហឫទ័យព្រួយយ៉ាងខ្លាំង តែដោយព្រោះសម្បថរបស់ព្រះអង្គ និងពួកភ្ញៀវដែលរួមតុជាមួយ ទ្រង់ក៏មិនចង់ប្រកែកនឹងនាង។ ស្តេចក៏ចាត់ពេជ្ឈឃាដម្នាក់ទៅភា្លម ដោយបញ្ជាឲ្យយកក្បាលលោកយ៉ូហានមក។ អ្នកនោះក៏ចេញទៅ ហើយកាត់ក្បាលលោកនៅក្នុងគុក ដាក់លើថាស យកមកប្រគល់ឲ្យនាង រួចនាងយកទៅថ្វាយមាតា។ កាលពួកសិស្សរបស់លោកបានឮដំណឹងនេះ គេក៏នាំគ្នាចូលមកយកសពរបស់លោក ទៅបញ្ចុះក្នុងផ្នូរ។ ពួកសាវកបានមកប្រជុំគ្នានៅចំពោះព្រះយេស៊ូវ ហើយរៀបរាប់ទូលព្រះអង្គពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងបានបង្រៀន។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាចេញទៅកន្លែងស្ងាត់ដាច់ដោយឡែក ហើយសម្រាកបន្តិចសិន»។ ដ្បិតមានមនុស្សជាច្រើនទៅមក ហើយគេរកតែពេលបរិភោគក៏មិនបាន។ ដូច្នេះ គេនាំគ្នាចុះទូកចេញទៅកន្លែងមួយស្ងាត់ដាច់ដោយឡែក។ ប៉ុន្តែ មានមនុស្សជាច្រើនបានឃើញព្រះអង្គ និងពួកសិស្សចេញទៅ ហើយដឹងពីកន្លែងដែលព្រះអង្គ និងពួកសិស្សទៅ គេក៏ប្រញាប់ប្រញាល់នាំគ្នារត់ចេញពីក្រុងទាំងប៉ុន្មាន ហើយទៅដល់មុន។ កាលព្រះយេស៊ូវបានឡើងពីទូកមក ឃើញមហាជនច្រើនកុះករ ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេដូចជាចៀមដែលគ្មានគង្វាល ហើយព្រះអង្គក៏ចាប់ផ្ដើមបង្រៀនគេពីសេចក្តីជាច្រើន។ លុះពេលជ្រុលហើយ ពួកសិស្សចូលមកទូលព្រះអង្គថា៖ «ទីនេះជាកន្លែងស្ងាត់ ហើយពេលក៏ជ្រុលដែរ សូមព្រះអង្គឲ្យគេទៅវិញទៅ ដើម្បីឲ្យគេទៅរកទិញអាហារបរិភោគនៅស្រុកភូមិជុំវិញនេះចុះ»។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង»។ គេទូលព្រះអង្គថា៖ «តើយើងយកប្រាក់ពីររយដេណារី ទៅទិញនំប៉័ងឲ្យពួកគេបរិភោគឬ?» ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន? ចូរទៅមើលមើល៍»។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖ «មានប្រាំដុំ និងត្រីពីរកន្ទុយ»។ ពេលនោះ ព្រះអង្គបង្គាប់ពួកសិស្សឲ្យប្រាប់ពួកគេអង្គុយជាក្រុមៗ នៅលើស្មៅខៀវខ្ចី។ ពួកគេក៏អង្គុយចុះជាក្រុមៗ មានក្រុមខ្លះមួយរយនាក់ និងក្រុមខ្លះហាសិបនាក់។ ព្រះអង្គយកនំបុ័ងប្រាំដុំ និងត្រីពីរកន្ទុយនោះមក ងើបព្រះភក្ត្រទៅស្ថានសួគ៌ អរព្រះគុណ ហើយកាច់នំបុ័ងប្រទានឲ្យពួកសិស្ស ដើម្បីចែកឲ្យបណ្ដាជន ហើយព្រះអង្គក៏ចែកត្រីពីរកន្ទុយនោះទៅគេទាំងអស់គ្នាដែរ។ ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា រួចគេប្រមូលចំណិតនំបុ័ង និងត្រីទាំងប៉ុន្មានដែលនៅសល់ បានពេញដប់ពីរកន្ត្រក។ អស់អ្នកដែលបានបរិភោគនំប៉័ងនោះ មានបុរសចំនួនប្រាំពាន់នាក់។ រំពេចនោះ ព្រះអង្គបង្ខំពួកសិស្សឲ្យចុះទូក ឆ្លងទៅក្រុងបេតសៃដា នៅត្រើយម្ខាងមុនព្រះអង្គ ហើយព្រះអង្គឲ្យបណ្ដាជនវិលត្រឡប់ទៅវិញ។ ក្រោយពីព្រះអង្គមានព្រះបន្ទូលលាបណ្តាជនហើយ ព្រះអង្គក៏យាងឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន។ លុះដល់យប់ ទូកបានទៅដល់កណ្តាលសមុទ្រ តែព្រះអង្គគង់នៅលើគោកតែមួយព្រះអង្គឯង។ ពេលព្រះអង្គទតឃើញពួកសិស្សចែវទូកបញ្ច្រាសខ្យល់យ៉ាងលំបាក ព្រះអង្គក៏យាងលើទឹក ឆ្ពោះទៅរកពួកគេនៅពេលប្រហែលយាមបួនយប់។ ព្រះអង្គចង់យាងបង្ហួសពួកគេ។ ប៉ុន្តែ ពេលគេឃើញព្រះអង្គយាងលើទឹកដូច្នោះ គេស្មានថាខ្មោចលង ហើយក៏ស្រែកឡើង ដ្បិតគេឃើញព្រះអង្គគ្រប់គ្នា ហើយភ័យរន្ធត់ជាខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំភ័យអី!» ពេលនោះ ព្រះអង្គយាងចូលទៅក្នុងទូកជាមួយពួកគេ ហើយខ្យល់ក៏ស្ងប់ឈឹង។ អ្នកទាំងនោះនឹកប្លែកក្នុងចិត្តជាពន់ពេក ដ្បិតគេមិនបានយល់អំពីរឿងនំបុ័ងទេ មកពីគេមានចិត្តរឹងរូស។ ពេលគេឆ្លងដល់ត្រើយម្ខាង មកដល់ស្រុកគេនេសារ៉ែត គេក៏ចតទូកនៅទីនោះ។ ពេលគេចេញពីទូក ប្រជាជនក៏ស្គាល់ព្រះអង្គភ្លាម ហើយរត់ទៅគ្រប់កន្លែងក្នុងតំបន់នោះទាំងមូល រួចចាប់ផ្ដើមនាំអ្នកជំងឺដេកលើកន្ទេល មកកាន់កន្លែងដែលគេឮថាព្រះអង្គគង់នៅ។ កន្លែងណាដែលព្រះអង្គយាងទៅ ទោះនៅក្នុងភូមិ ក្នុងទីក្រុង ឬស្រុកស្រែក្តី គេដាក់អ្នកជំងឺនៅទីប្រជុំជន រួចទូលអង្វរព្រះអង្គសុំឲ្យគេបានគ្រាន់តែពាល់ជាយព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ។ អស់អ្នកដែលបានពាល់ព្រះអង្គ បានជាសះស្បើយគ្រប់គ្នា ។
អាន ម៉ាកុស 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 6:24-56
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ