ម៉ាកុស 5
5
ព្រះយេស៊ូវប្រោសបុរសម្នាក់ដែលមានអារក្សចូល នៅស្រុកគេរ៉ាស៊ីន
(ម៉ាថាយ ៨.២៨-៣៤ លូកា ៨.២៦-៣៩)
1ពួកគេបានមកដល់ស្រុកគេរ៉ាស៊ីន នៅត្រើយសមុទ្រម្ខាង។ 2កាលព្រះអង្គយាងឡើងពីទូកភ្លាម បុរសម្នាក់ដែលមានវិញ្ញាណអាក្រក់ចូល ចេញពីផ្នូរខ្មោច មកជួបព្រះអង្គ។ 3បុរសនេះនៅតាមផ្នូរខ្មោច គ្មានអ្នកណាអាចចងគាត់ជាប់បានឡើយ ទោះចងនឹងច្រវាក់ក៏ដោយ 4ដ្បិតគេបានដាក់ខ្នោះ ដាក់ច្រវាក់គាត់ជាច្រើនដង ប៉ុន្តែ គាត់ផ្ដាច់ច្រវាក់ ហើយកាច់បំបាក់ខ្នោះខ្ទេចខ្ទី គ្មានអ្នកណាអាចបង្ក្រាបគាត់បានឡើយ។ 5គាត់ចេះតែស្រែកទាំងយប់ទាំងថ្ងៃ នៅតាមផ្នូរខ្មោច និងនៅតាមភ្នំ ហើយយកថ្មមកអារសាច់ខ្លួន។ 6កាលគាត់ឃើញព្រះយេស៊ូវពីចម្ងាយ ក៏រត់មកក្រាបថ្វាយបង្គំព្រះអង្គ 7ហើយស្រែកយ៉ាងខ្លាំងថា៖ «ព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ! តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយទូលបង្គំ? ទូលបង្គំអង្វរព្រះអង្គនៅចំពោះព្រះថា សូមមេត្តាកុំធ្វើទុក្ខទោសទូលបង្គំឡើយ»។ 8វានិយាយដូច្នេះ ព្រោះព្រះអង្គមានព្រះបន្ទូលទៅវាថា៖ «នែ៎ វិញ្ញាណអាក្រក់ ចូរថយចេញពីបុរសនេះទៅ!» 9ព្រះយេស៊ូវសួរវាថា៖ «ឯងឈ្មោះអី?» វាទូលឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព ដ្បិតយើងខ្ញុំមានគ្នាច្រើន»។ 10វាទទូចអង្វរព្រះអង្គយ៉ាងខ្លាំង សូមកុំឲ្យបណ្តេញពួកវាចេញពីស្រុកនោះ។ 11នៅទីនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីនៅចង្កេះភ្នំ 12ហើយវិញ្ញាណអាក្រក់ទាំងនោះ អង្វរព្រះអង្គថា៖ «សូមបញ្ជូនយើងឲ្យចូលក្នុងជ្រូកទាំងនោះទៅ!» 13ដូច្នេះ ព្រះអង្គក៏អនុញ្ញាតឲ្យពួកវា។ វិញ្ញាណអាក្រក់ទាំងនោះក៏ចេញទៅ រួចចូលទៅក្នុងជ្រូក ហើយហ្វូងជ្រូកដែលមានចំនួនប្រមាណជាពីរពាន់ក្បាល ក៏បោលចុះតាមជម្រាលភ្នំ ធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកងាប់ទាំងអស់។
14ពួកអ្នកឃ្វាលជ្រូកក៏រត់ទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅជនបទពីរឿងនេះ ហើយមនុស្សម្នាក៏នាំគ្នាចេញមកមើលហេតុការណ៍ដែលបានកើតឡើង។ 15គេចូលមករកព្រះយេស៊ូវ ហើយឃើញបុរសដែលអារក្សចូលកាលពីមុនអង្គុយនៅទីនោះ ទាំងមានសម្លៀកបំពាក់ និងមានស្មារតីត្រឹមត្រូវ គេក៏ស្ញែងខ្លាច។ 16អស់អ្នកដែលបានឃើញហេតុការណ៍នោះ ក៏រៀបរាប់ប្រាប់គេពីអ្វីដែលកើតឡើងដល់បុរសនោះ និងដល់ហ្វូងជ្រូក។ 17ពេលនោះ គេចាប់ផ្ដើមទូលអង្វរព្រះយេស៊ូវឲ្យយាងចេញពីស្រុកភូមិរបស់គេ។ 18ពេលព្រះអង្គកំពុងយាងចុះទូក បុរសដែលអារក្សចូលពីមុន បានអង្វរសុំនៅជាមួយព្រះអង្គ។ 19ប៉ុន្តែ ព្រះអង្គមិនព្រម ហើយមានព្រះបន្ទូលទៅគាត់ថា៖ «ចូរទៅផ្ទះទៅ ហើយប្រាប់សាច់ញាតិរបស់អ្នក ពីការទាំងប៉ុន្មានដែលព្រះអម្ចាស់បានប្រោសអ្នក និងពីការដែលព្រះអង្គបានមេត្តាដល់អ្នកវិញ»។ 20គាត់ក៏ចេញទៅ ហើយចាប់ផ្តើមប្រកាសប្រាប់នៅស្រុកដេកាប៉ូល ពីការទាំងប៉ុន្មានដែលព្រះយេស៊ូវបានប្រោសដល់គាត់ ហើយគ្រប់គ្នាក៏មានសេចក្ដីអស្ចារ្យ។
ព្រះយេស៊ូវប្រោសស្ដ្រីម្នាក់ឲ្យជា និងក្មេងស្រីម្នាក់ឲ្យរស់ឡើងវិញ
(ម៉ាថាយ ៩.១៨-២៦ លូកា ៨.៤០-៥៦)
21កាលព្រះយេស៊ូវបានយាងចុះទូក ឆ្លងទៅត្រើយម្ខាងវិញ មានមហាជនច្រើនកុះករ មកចោមរោមព្រះអង្គ ហើយទ្រង់គង់នៅមាត់សមុទ្រ។ 22ពេលនោះ មានមេដឹកនាំសាលាប្រជុំម្នាក់ ឈ្មោះយ៉ៃរ៉ុសចូលមក ហើយពេលគាត់ឃើញព្រះអង្គ ក៏ក្រាបនៅទៀបព្រះបាទព្រះអង្គ 23ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីខ្ញុំបាទជិតស្លាប់ហើយ សូមលោកមេត្តាទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជា ហើយរស់វិញផង»។ 24ព្រះអង្គក៏យាងទៅជាមួយគាត់ ហើយមហាជនច្រើនកុះករនាំគ្នាដើរតាម និងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។
25នៅពេលនោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ 26នាងបានរងទុក្ខយ៉ាងខ្លាំង ក្រោមការព្យាបាលពីគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែមិនបានគ្រាន់បើសោះ ផ្ទុយទៅវិញ ជំងឺនោះកាន់តែខ្លាំងឡើង។ 27ក្រោយពីនាងបានឮអំពីព្រះយេស៊ូវ នាងក៏ចូលមកក្នុងចំណោមបណ្តាជន ហើយពាល់ព្រះពស្ត្រព្រះអង្គពីខាងក្រោយ 28ដ្បិតនាងគិតថា៖ «បើខ្ញុំគ្រាន់តែពាល់ព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ ខ្ញុំនឹងបានជាមិនខាន»។ 29រំពេចនោះ ជំងឺធ្លាក់ឈាមក៏បាត់ភ្លាម ហើយនាងបានដឹងក្នុងខ្លួនថា នាងបានជាសះស្បើយពីជំងឺនោះហើយ។ 30នៅពេលនោះ ព្រះយេស៊ូវជ្រាបភ្លាមថា មានព្រះចេស្តាចេញពីព្រះអង្គ ហើយព្រះអង្គក៏ងាកបែរទៅបណ្ដាជន ទាំងសួរថា៖ «អ្នកណាពាល់អាវខ្ញុំ?» 31ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូឃើញហើយថា បណ្ដាជនប្រជ្រៀតគ្នាជុំវិញលោកគ្រូ ម្តេចបានជាលោកគ្រូសួរថា អ្នកណាពាល់ខ្ញុំដូច្នេះ?» 32ព្រះអង្គទតមើលជុំវិញ រកមើលអ្នកណាដែលបានពាល់ព្រះអង្គ។ 33ប៉ុន្តែ ស្ត្រីនោះដឹងពីហេតុដែលបានកើតឡើងចំពោះនាង នាងក៏ចូលមក ហើយក្រាបចុះនៅចំពោះព្រះអង្គទាំងភ័យញ័រ រួចទូលការពិតទាំងអស់ថ្វាយព្រះអង្គ។ 34ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាសះស្បើយហើយ ចូរទៅដោយសុខសាន្ត ហើយចូរឲ្យបានជាសះស្បើយពីជំងឺរបស់នាងចុះ!»។
35កាលព្រះអង្គកំពុងមានព្រះបន្ទូលនៅឡើយ នោះមានមនុស្សមកពីផ្ទះលោកយ៉ៃរ៉ុស ជម្រាបថា៖ «កូនស្រីរបស់លោកស្លាប់ហើយ តើនៅរំខានលោកគ្រូធ្វើអ្វីទៀត?» 36ប៉ុន្តែ កាលព្រះយេស៊ូវបានឮពាក្យដែលគេនិយាយ ព្រះអង្គក៏មានព្រះបន្ទូលទៅមេដឹកនាំសាលាប្រជុំនោះថា៖ «កុំខ្លាចអី ចូរគ្រាន់តែជឿប៉ុណ្ណោះ»។ 37ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាទៅតាមព្រះអង្គឡើយ លើកលែងតែពេត្រុស យ៉ាកុប និងយ៉ូហាន ជាប្អូនយ៉ាកុបប៉ុណ្ណោះ។ 38ពេលមកដល់ផ្ទះមេដឹកនាំសាលាប្រជុំ ព្រះអង្គទតឃើញមនុស្សច្រួលច្របល់ ហើយយំស្រែកជាខ្លាំង។ 39ព្រះអង្គក៏យាងចូលទៅ ហើយមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជានាំគ្នាច្រួលច្របល់ ហើយយំដូច្នេះ? កូននេះមិនស្លាប់ទេ គឺនាងដេកលក់ទេតើ!» 40គេក៏សើចចំអកឲ្យព្រះអង្គ តែព្រះអង្គដេញគេទាំងអស់គ្នាឲ្យចេញក្រៅ រួចយកឪពុកម្តាយរបស់ក្មេងនោះ និងពួកអ្នកដែលនៅជាមួយព្រះអង្គ ចូលទៅកន្លែងដែលក្មេងនោះដេក។ 41ព្រះអង្គចាប់ដៃក្មេងស្រីនោះ ហើយមានព្រះបន្ទូលទៅនាងថា៖ «តាលីថាគូមី» មានន័យថា «នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!» 42ក្មេងស្រីនោះក៏ក្រោកឡើងភ្លាមមួយរំពេច ហើយដើរចុះឡើង ដ្បិតនាងមានអាយុដប់ពីរឆ្នាំ ហើយគេក៏មានសេចក្តីអស្ចារ្យជាខ្លាំងភ្លាមៗនោះដែរ។ 43ព្រះអង្គហាមផ្តាច់ មិនឲ្យគេប្រាប់អ្នកណាដឹងពីរឿងនេះឡើយ ហើយប្រាប់គេឲ្យយកអាហារមកឲ្យនាងបរិភោគ។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 5: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies