ម៉ាកុស 15:6-20

ម៉ាកុស 15:6-20 គកស១៦

រាល់​ពេល​បុណ្យ លោក​មាន​ទម្លាប់​ដោះ​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ពួក​គេ តាម​ដែល​គេ​សុំ។ មាន​បុរស​ម្នាក់​ឈ្មោះ​បារ៉ា‌បាស ជាប់​គុក​ជា​មួយ​ពួក​បះ‌បោរ គាត់​បាន​សម្លាប់​គេ​ក្នុង​ពេល​បះបោរ​នោះ។ បណ្ដាជន​ចាប់​ផ្ដើម​ឡើង​មក​សុំ​លោក​ពីឡាត់ ដើម្បី​ឲ្យ​លោក​ដោះ​លែង​អ្នក​ទោស​ម្នាក់ តាម​ទម្លាប់​ដែល​លោក​បាន​ធ្វើ​ដល់​ពួក​គេ។ លោក​ពីឡាត់​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្តេច​សាសន៍​យូដា ឲ្យ​អ្នក​រាល់​គ្នា​ឬ?» ដ្បិត​លោក​ជ្រាប​ថា ពួក​សង្គ្រាជ​បាន​បញ្ជូន​ព្រះ‌អង្គ​មក​នេះ ព្រោះ​តែ​សេចក្ដី​ច្រណែន។ ប៉ុន្តែ ពួក​សង្គ្រាជ​បាន​ញុះ‌ញង់​បណ្ដាជន សុំ​ឲ្យ​លោក​ដោះ​លែង​បារ៉ា‌បាស​វិញ។ លោក​ពីឡាត់​សួរ​គេ​ម្តង​ទៀត​ថា៖ «ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា ស្តេច​សាសន៍​យូដា​នេះ?» គេ​ស្រែក​ឡើង​ទៀត​ថា៖ «ចូរ​ឆ្កាង​វា​ទៅ!» លោក​ពីឡាត់​សួរ​គេ​ថា៖ «ហេតុ​អ្វី? តើ​គាត់​បាន​ប្រព្រឹត្ត​អាក្រក់​អ្វី?» តែ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «ចូរ​ឆ្កាង​វា​ទៅ!» ដូច្នេះ ដោយ​លោក​ពីឡាត់​ចង់​បំពេញ​ចិត្ត​បណ្ដាជន ក៏​ដោះ​លែង​បារ៉ា‌បាស​ឲ្យ​ពួក​គេ។ កាល​បាន​វាយ​ព្រះ‌យេស៊ូវ​ដោយ​រំពាត់​រួច​ហើយ លោក​ក៏​ប្រគល់​ព្រះ‌អង្គ​ទៅ​ឲ្យ​គេ​ឆ្កាង។ ពួក​ទាហាន​បណ្ដើរ​ព្រះ‌អង្គ​ចូល​ទៅ​ក្នុង​ទីធ្លា​បន្ទាយ ដែល​ជា​កន្លែង​កាត់​ក្តី រួច​គេ​ហៅ​ទ័ព​ទាំង​អស់​មក​ជួប​ជុំ​គ្នា។ គេ​យក​អាវ​ពណ៌​ស្វាយ​មក​បំពាក់​ឲ្យ​ព្រះ‌អង្គ ហើយ​គេ​ក្រង​បន្លា​ធ្វើ​ជា​មកុដ​បំពាក់​លើ​ព្រះសិរ​ព្រះ‌អង្គ រួច​ចាប់​ផ្ដើម​គំនាប់​ព្រះ‌អង្គ​ថា៖ «សូម​ថ្វាយ​បង្គំ​ស្តេច​សាសន៍​យូដា!» គេ​យក​ដើម​ត្រែង​វាយ​ព្រះ‌សិរ​ព្រះ‌អង្គ ស្តោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ ហើយ​លុត​ជង្គង់​ថ្វាយ​បង្គំ​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ប្រមាថ​មើល​ងាយ​ព្រះ‌អង្គ​ហើយ គេ​ក៏​ដោះ​អាវ​ពណ៌​ស្វាយ​ចេញ បំពាក់​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​វិញ ហើយ​បណ្ដើរ​ព្រះ‌អង្គ​យក​ទៅ​ឆ្កាង។

អាន ម៉ាកុស 15