ម៉ាកុស 15:40-47

ម៉ាកុស 15:40-47 គកស១៦

មាន​ស្ត្រី​ខ្លះ​ឈរ​មើល​ពី​ចម្ងាយ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នាង​ម៉ារា​ជា​ម្ដាយ​យ៉ាកុប​តូច និង​ជា​ម្ដាយ​យ៉ូសេ ព្រម​ទាំង​នាង​សាឡូមេ​ដែរ។ ស្ត្រី​ទាំង​នោះ​ធ្លាប់​តាម​បម្រើ​ព្រះ‌អង្គ ពេល​ព្រះ‌អង្គ​គង់​នៅ​ស្រុក​កា​លីឡេ ក៏​មាន​ស្ត្រី​ឯ​ទៀត​ជា​ច្រើន ដែល​បាន​ឡើង​មក​ក្រុង​យេរូ‌សាឡិម​ជា​មួយ​ព្រះ‌អង្គ។ លុះ​ដល់​ល្ងាច ដោយ​ព្រោះ​ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប​ចំ គឺ​មួយ​ថ្ងៃ​មុន​ថ្ងៃ​សប្ប័ទ លោក​យ៉ូសែប ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ ជា​សមាជិក​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ម្នាក់​ក្នុង​ក្រុម​ប្រឹក្សា ហើយ​ក៏​ជា​អ្នក​រង់​ចាំ​ព្រះរាជ្យ​របស់​ព្រះ​ដែរ លោក​ទៅ​ជួប​លោក​ពីឡាត់​ដោយ​ក្លា​ហាន ដើម្បី​សុំ​ព្រះ​សព​ព្រះ‌យេស៊ូវ។ លោក​ពីឡាត់​នឹក​ឆ្ងល់ ដោយ​ឮ​ថា​ព្រះ‌អង្គ​សុគត​ផុត​ទៅ​ហើយ លោក​ក៏​ហៅ​មេ​ទ័ព​មក​សួរ​ឲ្យ​ដឹង​ថា ព្រះ‌អង្គ​សុគត​មែន ឬ​មិន​មែន។ ពេល​លោក​បាន​ដឹង​ពី​មេ​ទ័ព​នោះ​ថា​ព្រះ‌អង្គ​សុគត​មែន លោក​ក៏​ប្រគល់​ព្រះ‌សព​ព្រះ‌អង្គ​ដល់​លោក​យ៉ូសែប។ លោក​ទិញ​សំពត់​ទេស‌ឯក យក​ព្រះ‌សព​ព្រះ‌អង្គ​ចុះ រុំ​នឹង​សំពត់​ទេស​ឯក​នោះ បញ្ចុះ​ទៅ​ក្នុង​ផ្នូរ​ដែល​បាន​ដាប់​នៅ​ក្នុង​ថ្ម រួច​ប្រមៀល​ថ្ម​មួយ​ផ្ទាំង បិទ​មាត់​ផ្នូរ។ នាង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា និង​នាង​ម៉ារា ជា​ម្តាយ​យ៉ូសេ បាន​ឃើញ​កន្លែង​ដែល​គេ​បញ្ចុះ​ព្រះ‌សព​ព្រះ‌អង្គ។

អាន ម៉ាកុស 15